Inter ​នឹង​ឡើង​ផ្កាយ ២ ខណៈ Juventus មាន​ផ្កាយ ៣ ទន្ទឹម​ក្លឹប ២ នៅ​អង់គ្លេស​ដាំ​ផ្កាយ​ជាមួយ​ហេតុផល​ផ្សេង

និមិត្តសញ្ញា​ឬ Logo នៃ​បណ្តា​ក្លិប​បាល់ទាត់​នីមួយៗ គឺ​សុទ្ធសឹង​មាន​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​យ៉ាង​ច្បាស់លាស់ ពោល​វា​រមែង​ស​បង្ហាញ​អំពី​អត្តសញ្ញាណ​ពិសេស​ណា​មួយ ដែល​មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​បាន​ដឹង។

ថ្មីថ្មោង​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាក់ទង​នឹង​អនាគត​ Logo ក្លិប​បាល់ទាត់​អ៊ីតាលី Inter Milan ដែល​កន្លង​មក​ធ្លាប់​ប្រទះ​មាន​ផ្កាយ​ត្រឹម​មួយ​ប៉ុណ្ណោះ ដល់​តែ​ឥឡូវ​មាន​ការ​ចុះ​ផ្សាយ​ថា​នៅ​រដូវ​កាល​បន្ទាប់ ២០២៤/២៥ នឹង​ដាំ​ផ្កាយ​ចំនួន ២ ទៅ​លើ​ឈុត​នៃ​អាវ​របស់​ពួក​គេ​គ្រប់​ការ​ប្រកួត​ទាំង​អស់។ តើ​នៅ​ពី​ក្រោយ​នោះ មាន​មូលហេតុ​ឬ​អត្ថន័យ​ពិសេស​យ៉ាង​ណា​ដែរ?

ជា​ការ​ពិត បើ​និយាយ​ឲ្យ​ងាយ​យល់​ងាយ​ស្តាប់ ផ្កាយ ១ គឺ​តំណាង​ឲ្យ​ការ​ឈ្នះ​ពាន​លីគ​កំពូល Serie A ចំនួន ១០ សម័យ​កាល។ នេះ​ក្លឹប​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Simone Inzaghi ទើប​តែ​បំបាក់​ក្លឹប​ដឹកនាំ​ដោយ​លោក Stefano Pioli នៅ​ជំនួប Milan Derby ដោយ​លទ្ធផល ២-១ កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​អង្គារ សម្រេច​ឲ្យ​ពួក​គេ​នាំ​មុខ​ដាច់​ពិន្ទុ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​អ៊ីតាលី ទាំង​សេសសល់ ៥ ប្រកួត​ទៀត​ក្នុង​ដៃ។

វា​ជា​ការ​ឈ្នះ​ពាន​រង្វាន់​លើក​ទី ២០ ហើយ​សម្រាប់​ពួក​គេ ដោយ​ការ​កត់ត្រា​លើក​ដំបូង​នៅ​រដូវ​កាល ១៩០៩/១០ ទើប​ជា​ហេតុផល​សម្រេច​ឲ្យ Inter អាច​មាន​សិទ្ធ​ដាំ​ផ្កាយ​ចំនួន ២ ពី​លើ Logo របស់​ពួក​គេ សម្រាប់​ឈុត​នៅ​រដូវ​កាល​បន្តបន្ទាប់។ មាន​តែ​ក្លឹប ២ ផ្សេង​ទៀត​ប៉ុណ្ណោះ ដែល​មាន​សិទ្ធ​ដាំ​ផ្កាយ​ដូច​ជា Inter មួយ​គឺ AC Milan ឈ្នះ ១៩ សម័យ ទើប​មាន​ផ្កាយ ១ ខណៈ​មួយ​ទៀត​គឺ Juventus ឈ្នះ ៣៦ សម័យ មាន​ដល់​ផ្កាយ ៣។ អ៊ីចឹង​មាន​ន័យ​ថា សេះ​បង្កង់​អាច​ឈាន​ដល់​ការ​ដាំ​ផ្កាយ ៤ ប្រសិន​ឈាន​ដល់​ការ​លើក​ពាន​ Serie A ទី ៤០។

យ៉ាង​ណា​បើ​ងាក​ទៅ​ក្របខ័ណ្ឌ​បាល់ទាត់​ក្នុង​ប្រទេស​ដទៃ វា​មិន​សុទ្ធ​តែ​ដូច​គ្នា​ទាំង​អស់​ទេ ជាក់ស្ដែង​ដូច​ក្លឹប​នៅ​អង់គ្លេស ករណី​របស់ Aston Villa និង Nottingham Forest ដែល​មាន​បំពាក់​ផ្កាយ​ពី​លើ Logo ដែរ​នោះ គឺ​ក្រោម​ហេតុផល​ពិសេស​ផ្សេង​ពី Serie A ទៅ​ទៀត។

សម្រាប់​ពួក​គេ​វា​កាន់​តែ​ពិបាក ត្រង់​ថា​ ១ ផ្កាយ តំណាង​ឲ្យ​ការ​ឈ្នះ​ពាន​អឺរ៉ុប ១ សម័យ។ ជា​ការ​ពិត​យើង​បក​ថយ​ក្រោយ​ទៅ​ Aston Villa ធ្លាប់​បាន​សាង​ប្រវត្តិសាស្រ្ត​កាន់​ពាន Champions League ​នៅ​រដូវ​កាល ១៩៨១/៨២ តាំង​គ្រា​ពាន​នោះ នៅ​ប្រើ​ឈ្មោះ European Cup។ ពួក​គេ​បាន​បំបាក់ Bayern Munich ១-០ នៅ​ពី​មុខ​អ្នក​ទស្សនា​រាប់​មុឺន​នាក់​នៅ​ឯ​កីឡដ្ឋាន Rotterdam ប្រទេស​ហូឡង់។

បន្ត​ទៅ​ក្លឹប Nottingham Forest ​​ឯ​ណេះ​វិញ ក៏​ដូច​ជា​ Villa Park ដែរ គ្រាន់​តែ​ព្រៃ​កំណាច​ធ្លាប់​បាន​ឈ្នះ​ពាន​អឺរ៉ុប European Cup ​ដល់​ទៅ ២ លើក​ជាប់ៗ​គ្នា​នៅ​ឆ្នាំ ១៩៧៩ និង ១៩៨០ កាល​នោះ​វា​ថ្មីថ្មោង​បន្ទាប់​តែ​អ្នកចាត់ការ​លោក Brian Clough ដឹកនាំ​ក្លឹប​ឡើង​មក​កាន់​លីគ​កំពូល​បាន​ពីរ​រដូវ​កាល។

ចុងក្រោយ​ច្បិច​លើក​រឿង Huddersfield Town ​មក​ចែក​ជូន​បងប្អូន​បន្ថែម​បន្តិច ចំពោះ​អត្ថន័យ​ផ្កាយ​ចំនួន ៣ ​លើ Logo របស់​ពួក​គេ គឺ​តំណាង​ឲ្យ​សមិទ្ធផល​កម្រ​កើត​មាន​កាល ៩០ ឆ្នាំ​មុន គឺ​ការ​ឈ្នះ​ពាន​លីគ​កំពូល First Division នៅ​ឆ្នាំ ១៩២៤, ១៩២៥ និង ១៩២៦ ជា​ការ​សាង​កំណត់ត្រា​ឈ្នះ ៣ សម័យ​ជាប់​មុន​គេ​បង្អស់៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT