Top Scorer ​លំដាប់ ១ Cole Palmer ​ស៊ុត​រង្គើ​លីគ តែ​ក្រឡេក​មក​មើល​ប្រាក់ឈ្នួល​ដួល​ស្តូក

គិត​ត្រឹម​ម៉ោង​នេះ​វេលា​នេះ ​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​ក្របខ័ណ្ឌ Premier League គឺ​ជា​ខ្សែ​បម្រើ​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប​ក្រៅ​ចំណាត់ថ្នាក់ Top 6 ជា Cole Palmer ឆ្លង​កាត់ ២៨ ប្រកួត គេ​អាច​រក​បាន​ដល់​ទៅ ២០ គ្រាប់​និង Assist ៩ លើក​ឯ​ណោះ។

នេះ​យើង​រាប់​តែ​ក្នុង​លីគ ដោយឡែក​បក​ទៅ​ស្ថិតិ​ជា​រួម គេ​រក​បាន ២៥ គ្រាប់​និង Assist ១៣ លើក​ហើយ ថ្មីថ្មោង​ទើប​បង្កើត​ភាព​ភ្ញាក់ផ្អើល​ជាមួយ​ការ​រក​បាន ៤ គ្រាប់​ទល់​ក្លឹប​ស្ករ​គ្រាប់​ខៀវ Everton។ ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​ដែល​កំពុង​ស្ទុះ​ឡើង​ត្រឹម​មួយ​ពព្រិច​ភ្នែក ចុះ​អ្នក​មាន​ដឹង​ទេ​ថា កីឡាករ​កម្ពស់​បាន ១,៨៩ ម៉ែត្រ អាច​រក​បាន​ប្រាក់​ឈ្នួល​ប៉ុន្មាន​ក្នុង​មួយ​សប្តាហ៍​ពី​ក្លឹប​ម្ចាស់ដី Stamford Bridge។

តាម​កិច្ច​ព្រមព្រៀង​ចុងក្រោយ​ជាមួយ​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០៣០ Palmer អាច​រក​បាន​ត្រឹម ៨០ ០០០ ផោន/សប្តាហ៍​ប៉ុណ្ណោះ។ នេះ​បើ​តាម​សារព័ត៌មាន Daily Star បាន​ចុះ​ផ្សាយ។

វា​ជា​តួ​លេខ​ស្តួចស្តើង​ខ្លាំង បើ​ធៀប​នឹង​កំពូល​កីឡាករ​ឯ​ទៀត ក៏​សូម្បី​តែ​មិត្ត​រួម​ទ្រនំ Raheem Sterling ក៏​មួយ​អាទិត្យ​លុយ​ធ្លាក់​ចូល​ហោប៉ៅ ៣២៥ ០០០ ផោន​ដែរ បែប​នេះ​វា​ខុស​គ្នា​សឹង​ជិត ១ ជា ៤។ តែ​បើ​យើង​វិភាគ​ឲ្យ​ស៊ីជម្រៅ​ទៅ វា​ក៏​មិន​ជា​រឿង​ចម្លែក​អី​ខ្លាំង​ដែរ ​ព្រោះ​គ្រា​ផ្ទេរ​មក​ថ្មីថ្មោង Palmer ក៏​មិន​ទាន់​ជា​កីឡាករ​លំដាប់ Superstar ពោល​ត្រឹម​ជា​យុវជន​ថ្នាល​មួយ​រូប​ដែល Man City បោះបង់។

តួ​លេខ​ខាង​លើ Palmer រាប់​ថា​រក​បាន​តិច​ជាង​កីឡាករ​ក្នុង​ក្រុម​ដល់​ទៅ ១៣ រូប ជាក់ស្តែង​ដូច​ការ​ទាប​ជាង Mykhailo Mudryk រក​បាន​ត្រឹម ១០ មុឺន​ផោន, Malang Sarr រក​បាន ១២ មុឺន​ផោន និង Reece James រក​បាន ២៥ មុឺន​ផោន​ជា​ដើម។

ក៏​ប៉ុន្តែ​សម្រាប់​ឱកាស​ទទួល​បាន​ការ​ដំឡើង​ថ្មី វា​នៅ​តែ​អាច​ទៅ​រួច​សម្រាប់​យុវជន​វ័យ ២១ ឆ្នាំ ពោល​យូរ​បំផុត​គឺ​នៅ​បិទ​រដូវ​កាល​ខាង​មុខ​នេះ​ឯង ឬ​ម្យ៉ាង​ទៀត​បើ​គេ​ចង់​ទទួល​បាន​ប្រាក់​ឈ្នួល​ក្រាស់ក្រែល មើល​តាម​គុណភាព កត្តា​អាយុ និង​កេរ្តិ៍ឈ្មោះ ជម្រើស​ការ​ផ្ទេរ​ទៅ​ក្លឹប​ដទៃ​នៅ​ខាង​ក្រៅ យ៉ាង​ហោច​ក៏​អាច​រក​បាន ១៥ មុឺន​ផោន/សប្តាហ៍​ទាប​បំផុត។

ចប់​ពី​រឿង​នេះ CTS SPORTS ចង់​ចែករំលែក​ព័ត៌មាន​ចចាមអារ៉ាម​លើ​ទីផ្សារ​ដោះដូរ​មួយ​ផ្សេង​ទៀត អំពី​អ្នក​មាន​បុណ្យ Barcelona ដែល​ពី​មុន​ធ្លាប់​ក្រសោប​ជាប់​ជើង​ក្រោម Ronald Araujo ​ឥឡូវ​ល្ហៀងៗ​ចង់​លក់​គេ​ចេញ​ហើយ​នៅ​រដូវ​ក្តៅ​ខាង​មុខ។

ពី​ដំបូង​ឡើយ​ក្លឹប​ដឹកនាំ​ដោយ​លោក Xavi Hernandez បាន​ដាក់​ឈ្មោះ​កីឡាករ​អ៊ុយរុយហ្គាយ​ក្នុង​បញ្ជី​កីឡាករ​ខាង​ណា​ក៏​ប៉ះ​មិន​បាន ពោល​ដាច់​ខាត​មិន​ចង់​លក់​ចេញ ស្រាប់​តែ​មួយ​រយៈ​ក្រោយ​បន្ទាប់​ការ​ធ្លាក់​ទម្រង់​បន្តិច បូក​ផ្សំ​សមិទ្ធផល​ក្លឹប​ជា​រួម​សម្រេច​មិន​ចេញ​ផ្លែផ្កា​ផង ក៏​នាំ​ឲ្យ Barca ឈាន​ដល់​ផែនការណ៍​ចង់​លក់ Araujo ចេញ ​ដើម្បី​កើប​លុយ​មួយ​ដុំ​ធំ​ពី​ភាគី​ចង់​បាន។

បញ្ហា​ហិរញ្ញវត្ថុ​ក៏​អាច​ជា​កត្តា​ជំរុញ​ឲ្យ​ការ​គិត​នេះ​រំលេច​ឡើង​មក ត្រង់​មាន​ដំណឹង Manchester United, Bayern Munich និង Atletico Madrid ​មាន​ការ​ចាប់​ចិត្ត​មក​លើ​កីឡាករ​វ័យ ២៥ ឆ្នាំ​ខាង​លើ ហើយ​តាម​ហាងឆេង​តម្លៃ​ខ្លួន​ក្លឹប​ម្ចាស់ដី Camp Nou រំពឹង​កើប​ប្រាក់ ១០០ លាន​អឺរ៉ូ ឬ​ ៨៥ លាន​ផោន ពី​ដំណើរ​ចែក​ផ្លូវ​របស់​គេ៕

ប្រភព៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT