ចង់​មាន​លុយ​ទាំង​បាច់​ក៏​ទិញសំំបុត្រ​មិន​បាន​ដែរ នេះ​ហេតុផល​អ្នក​គាំទ្រ Bayern មិន​អាច​បោះ​ជើង​ចូល​ដី Arsenal

បើ​សួរ​ថា តើ​ជំនួប​គូ​ណា​មួយ​ពិសេស​ជាង​គេ​ក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ UEFA Champions League? សម្រាប់​ការ​យល់​ឃើញ​របស់​ខ្ញុំ គឺ​សុំ​ចុច​យក Arsenal ទល់ Bayern Munich ជា​ជាង​គូ​ផ្សេង​ឯ​ទៀត ត្រង់​គូ​នេះ​ខកខាន​ជួប​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ រួច​អ្វី​ដែល​កាន់​តែ​ពិសេស គឺ​កំណត់ត្រា​គ្រាប់​បាល់​ពីរ​ជើង ១០-២ ​ក្លឹប​អាល្លឺម៉ង់​ធ្លាប់​បាន​បំបាក់​ទៅ​លើ​ក្លឹប​អង់គ្លេស។

កាលបរិច្ឆេទ​ប្រកួត​ជើង​ទី ១ ធ្វើ​ឡើង​នៅ​ទឹកដី​ Emirate Stadium ក្នុង​ទីក្រុង​ឡុង វេលា​ម៉ោង ០២:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ពុធ ទី ១០ មេសា ខណៈ​ជើង​ទី ២ ​នៅ​ម៉ោង​ដដែល​នោះ ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ មេសា ក៏​សុទ្ធ​សឹង​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS។

ក៏​ប៉ុន្តែ​មាន​ចម្ងល់​មួយ ដែល​កំពុង​ផ្ទុះ​ការ​ជជែក​ពាសពេញ​បណ្តាញ​សង្គម ដោយ​ត្រង់​ថា អ្នក​គាំទ្រ Arsenal អាច​ចូល​ដី Bayern តែ​អ្នក​គាំទ្រ Bayern បែរ​មិន​អាច​ចូល​ដី Arsenal ទៅ​វិញ។ ​តើ​នោះ​មក​ពី​កត្តា​អ្វី ជា​ទង្វើ​ឬ​កាយវិការ​នៃ​ការ​រើសអើង​ដោយ​ប្រការ​ណា​មួយ ឬ​បែប​ណា?

ចម្លើយ​យ៉ាង​ខ្លី៖ វា​គឺ​ជា​ការ​ដាក់​ពិន័យ​របស់ UEFA ​មក​លើ​ភាគី​ខាង​ក្លឹប​នៅ​ក្របខ័ណ្ឌ Bundesliga។ ដើមហេតុ​នៃ​ដំណើរ​ដើមទង បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ០៦ មិនា​កន្លង​ទៅ​ថ្មីថ្មោង គ្រា​ Bayern ប្រកួត​យក​ឈ្នះ ៣-០ ទៅ​លើ Lazio ក្នុង​កីឡដ្ឋាន Allianz Arena ដែល​អ្នក​គាំទ្រ​ក្លឹប​ម្ចាស់ផ្ទះ​មួយ​ផ្នែក​តូច បាន​បង្ក​ភាព​ចលាចល ជុំវិញ​ការ​គប់​ភ្លើង​និង​កាំជ្រួច​ទៅ​លើ​ទីលាន។ ពាក់ព័ន្ធ​នឹង​កាយវិការ​មិន​សមរម្យ​នេះ សមាគម​បាល់ទាត់​អឺរ៉ុប UEFA បាន​សម្រេច​ដាក់​ពិន័យ ហាម​មិន​ឲ្យ​អ្នក​គាំទ្រ Bayern ទាំង​អស់ ចូលរួម​ទស្សនា​ប្រកួត​ក្រៅ​ដី​បន្ទាប់​ទៀត ចំនួន ១ ប្រកួត។

ដោយឡែក​ងាក​ទៅ​ភាគី​ខាង​ក្លឹប Bayern ក៏​ព្រម​ទទួល​យក​ការ​ដាក់​ពិន័យ ហើយ​សម្រេច​នឹង​មិន​ធ្វើ​ការ​តវ៉ា​អ្វី​ទាំង​អស់។ ចំណុច​នេះ​មាន​ន័យ​ថា ប្រកួត​បន្ទាប់​ក្រៅ​ទឹកដី ដូច​ការ​ប៉ះ Arsenal នេះ​សោត គឺ​ហាម​ផ្តាច់​មិន​ឲ្យ​អ្នក​គាំទ្រ Bayern Munich ​ចូលរួម​ជា​ដាច់​ខាត កុំ​ថា​ឡើយ​អ្នក​មាន​លុយ​រាប់​មុឺន​រាប់​សែន​ទិញ​សំបុត្រ​លំដាប់ VIP ​បែប​ណា​ក៏​ដោយ។

តែ​ច្បាប់​នេះ វា​នឹង​ត្រូវ​បាន​លើកលែង​វិញ នៅ​ប្រកួត​ក្រៅ​ដី​បន្ទាប់​មួយ​ផ្សេង​ទៀត ក្នុង​ករណី Bayern អាច​ឆ្លង​ផុត​ថ្វី​ជើង Arsenal ហើយ​បោះជំហាន​ទៅ​ជួប​ក្លឹប​ការពារ​ជើង​ឯក Manchester City ឬ​ស្តេច​ពាន UCL ១៤ សម័យ Real Madrid មិន​ថា​តែ​នៅ Etihad ឬ Santiago Bernabeu។
បន្ទាប់ UEFA ចេញ​សេចក្តី​ប្រកាស​សម្រេច​ការ​ពិន័យ​ខាង​លើ ងាក​ទៅ​នាយកប្រតិបត្តិ​ក្លឹប Bayern លោក Jan-Christian Dreesen បាន​លើក​ឡើង៖ “យើង​ត្រូវ​តែ​ទទួល​យក​ការ​ដាក់​ទណ្ឌកម្ម​សារ​នេះ ព្រោះ​មិន​ត្រឹម​តែ​មាន​ការ​ដុត​ភ្លើង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​បាញ់​តម្រង់​ទៅ​លើ​ទីលាន​ទៀត វា​ពិត​ជា​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ទស្សនា​ផ្ទាល់​នៅ​ទីតាំង វា​រាប់​ជា​ការ​បំពាន​ច្បាប់​យ៉ាង​ច្បាស់”។

“នេះ​ដោយសារ​តែ​ទង្វើ​របស់​បុគ្គល​មួយ​ផ្នែក​តូច បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​គាំទ្រ និង​ក្លឹប​ទាំង​មូល​របស់​យើង”។ រំឭក​ថា វា​មិនមែន​ជា​លើក​ដំបូង​ឡើយ ដ្បិត​អី​កន្លង​មក​នៅ​ដើម​រដូវ​កាល ក៏​មាន​អ្នក​គាំទ្រ Bayern ធ្វើ​ទង្វើ​ស្រដៀង​គ្នា​នេះ ​នា​វគ្គ​ចែក​ពូល ទល់​ក្លឹប Copenhagen ហើយ​សារ​នោះ ក៏ UEFA ពិន័យ​ប្រាក់ ៤០ ០០០ អឺរ៉ូ និង​ហាម​ឃាត់​អ្នក​គាំទ្រ​នៅ​ប្រកួត​ក្រៅ​ទឹកដី​មួយ​លើក​អ៊ីចឹង​ដែរ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT