អត់​មែន Haaland អត់​មែន KDB តែ Guardiola ចុច​ឈ្មោះ​កីឡាករ ៥០០ លាន​រូប​នេះ ថា​ល្អ​បំផុត​នៅ PL

តើ​នរណា​ជា​កីឡាករ​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​នៅ Premier League សព្វថ្ងៃ? បើ​សំណួរ​នេះ​ធ្លាក់​ទៅ​ដល់​ដៃ​អ្នក ចុះ​ចម្លើយ​នឹង​ផ្តល់​មក​វិញ​បែប​ណា។ អ្នក​ប្រហែល​កំពុង​គិត តែ Pep Guardiola ជា​កំពូល​អ្នកចាត់ការ​បទពិសោធន៍​កាន់​ឆ្នាំ​មួយ​រូប ឥត​គិត​យូរ​ឡើយ ផ្ទុយ​ទៅ​វិញ​បាន​ចុច​ឈ្មោះ​សមាជិក​ក្នុង​ក្រុម​បច្ចុប្បន្ន​គឺ យុវជន​ឆ្នើម Phil Foden។

នេះ​បន្ទាប់​តែ​ការ​បង្ហាញ​គុណភាព​ដ៏​ល្អ​លើ​ទីលាន​ប្រកួត នៅ​ឯ​ Etihad Stadium ​រាប់​ជា​ចំណែក​ធំ​ជួយ​រុញ​ក្លឹប​សំពៅ​មាស Manchester City យក​ឈ្នះ​ទៅ​លើ​ក្លឹប​បិសាច​ក្រហម Manchester United កាល​ពី​យប់មិញ ដោយ​លទ្ធផល ៣-១។ ត​ឲ្យ Marcus Rashford ស៊ុត​ពី​ចម្ងាយ​បើក​ឆាក​មុន លុះ​ចូល​ដល់​តង់​ទី​ពីរ City លេង​ខូច លេង​បត់​តារាង អត់​ឲ្យ​ខាង​ភ្ញៀវ​មាន​បាល់​លេង​សោះ នេះ​ជា​រួម​គ្រប់គ្រង Possession ៧៣ ភាគរយ ខណៈ​ចែក​បាល់​ឲ្យ United លេង​តែ ២៧ ភាគរយ​ត្រឹម។

ក្នុង​ចំណោម​ការ​ស៊ុត ២៧ លើក ចេញ​ច្រើន​លើក​ច្រើន​សារ​ពី​ថ្វី​ជើង​របស់ Foden ​រហូត​សម្រេច​បាន ២ គ្រាប់​ម្នាក់​ឯង ផ្ទុះ​ការ​ស្ងើចសរសើរ សម្លេង​ហ៊ោរសាទរ​ពេញ​កីឡដ្ឋាន ដល់​ថ្នាក់ Guardiola ហ៊ាន​ទាំង​ហៅ​ឈ្មោះ អតីត​ក្មេង​រើស​បាល់​ម្នាក់​នេះ ជា​កីឡាករ​ល្អ​ដាច់​គេ​បង្អស់​នៅ​លីគ​កំពូល​ទៀត​ផង ដ្បិត​បើ Top Scorer បណ្តោះអាសន្ន ជា​មនុស្ស​យន្ត Erling Haaland។

និយាយ​ប្រាប់​នៅ​កម្មវិធី Match of the Day របស់ BBC ក្រោយ​សម្រេច​យក​បាន ៣ ពិន្ទុ គ្រូ​សញ្ជាតិ​អេស្ប៉ាញ រៀបរាប់​អំពី​កីឡាករ​ឆ្នើម​អង់គ្លេស​យ៉ាង​ដូច្នោះ៖ “Foden គេ​តែងតែ​ជា​កីឡាករ​មាន​ទេពកោសល្យ របៀប​ដែល​គេ​លេង​មើល​ទៅ​កាន់​តែ​ធម្មជាតិ គេ​ហាក់​យល់​អំពី​ការ​ប្រកួត​ច្រើន ជា​ពិសេស​វិធី​ការពារ”។

លោក​បន្ត​ថា៖ “នេះ​គេ​អាច​លេង​បាន​ទាំង​តំបន់​កណ្ដាល ស្តាំ កាត់​បាល់​ចូល​ខាង​ក្នុង ក៏​អាច​រត់​ចូល​ពី​ខាង​ឆ្វេង ហើយ​លេង​មួយ​ឆ្ងាញ់​តាម​រយៈ​ការ​ស៊ុត​ជំនាញ​ជើង​នោះ ឥឡូវ​តើ​ខ្ញុំ​អាច​រៀបរាប់​អ្វី​ពី​គេ​បន្ថែម​ទៀត Foden គេ​ជា​កីឡាករ​ល្អ​បំផុត​នៅ Premier League ពេល​នេះ​ហើយ បើ​មើល​លើ​សមិទ្ធផល​គេ​សម្រេច​បាន វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់”។

“កីឡាករ​ម្នាក់​នេះ គេ​ពិត​ជា​ស្រលាញ់​បាល់ទាត់ ជីវិត​គេ​រស់នៅ​ដើម្បី​តែ​បាល់ទាត់ គេ​រីករាយ​ជាមួយ​វា ឆន្ទៈ​នៃ​ការ​ខិតខំ​របស់​គេ​ស្ថិត​នៅ​កម្រិត​ដ៏​ខ្ពស់​ឥត​អាច​កាត់​ថ្លៃ​បាន”។ គួរ​ឲ្យ​ដឹង​ដែរ​ថា កីឡាករ​វ័យ ២៣ ឆ្នាំ នៅ​ស្ថិតិ​រដូវ​កាល ២០២៣/២៤ សរុប​បង្ហាញ​ខ្លួន ៤០ ប្រកួត រក​បាន ១៨ គ្រាប់​និង Assist ១០ លើក។

ចុងក្រោយសារទៅពាក្យពេជន៍ Guardiola ​ធ្លាប់​និយាយ​សរសើរ Foden តាំង​ឆ្នាំ ២០១៩ បន្ទាប់​គេ​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​បាន​ពីរ​ឆ្នាំ​ម្ល៉េះ។ គ្រា​នោះ មាន​ដំណឹង​អាច​លក់​ចេញ​កីឡាករ​ខាង​លើ តែ​អតីត​អ្នកចាត់ការ Barcelona ចេញ​មក​អះអាង​ច្បាស់ៗ​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ចរចា​ខ្ពស់​ប៉ុណ្ណា​ក៏​ដោយ ទោះ​ក្លឹប​ខាង​ក្រៅ​ឲ្យ​ដល់ ៥០០ លាន​អឺរ៉ូ ក៏ City អត់​លក់​ចេញ​ជា​ដាច់​ខាត។ ឥឡូវ​ Foden ជាប់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ជាមួយ​ហាងឆេង​ល្បាក់ ១១០ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT