Lukas Podolski សារភាពថាគាត់រកលុយពីហាងសាច់អាំង Kebab បានច្រើនជាងកិច្ចសន្យាកាលលេងនៅ Arsenal និង Inter Milan

Lukas Podolski អតីតខ្សែប្រយុទ្ធក្រុម Arsenal និង Inter Milan ដែលបច្ចុប្បន្នជាម្ចាស់ខ្សែសង្វាក់ផលិតកម្មសាច់អាំង Kebab ដ៏ពេញនិយមនៅប្រទេសអាឡឺម៉ង់ ហើយបានសារភាពថា វាបានជួយឲ្យគាត់រកប្រាក់បានច្រើនជាងកិច្ចសន្យារបស់គាត់ជាមួយក្លឹបបាល់ទាត់ទាំងពីរ។Lukas Podolski បានធ្វើបទសម្ភាសន៍ជាមួយ La Gazzetta dello Sport ថ្មីៗនេះ ដែលគាត់បាននិយាយអំពីផែនការរបស់គាត់សម្រាប់អនាគតបន្ទាប់ពីបាល់ទាត់។ Lukas បាននិយាយថា៖

“ខ្ញុំរស់នៅប្រទេសប៉ូឡូញ ប៉ុន្តែរាល់ពេលដែលខ្ញុំត្រលប់ទៅប្រទេសអាឡឺម៉ង់វិញ ខ្ញុំតែងតែទៅភោជនីយដ្ឋានរបស់ខ្ញុំ។ ខ្ញុំបានដាក់ចិត្តដាក់កាយលើគម្រោងនេះ មានន័យថាខ្ញុំមើលការខុសត្រូវលើវាទាំងស្រុង។ប្រសិនបើអ្នកចង់ជោគជ័យក្នុងវិស័យណាមួយក្នុងជីវិត អ្នកត្រូវតែដាក់ចិត្តដាក់កាយទាំងស្រុងជាមួយវា។ ខ្ញុំអាចជួយក្នុងផ្ទះបាយ ពេលខ្លះ ទោះបីជាខ្ញុំរវល់ជាមួយអ៊ីមែល និងការហៅទូរសព្ទក៏ដោយ។ ការគ្រប់គ្រងអាជីវកម្មគឺចំណាយពេលច្រើន។”

នៅពេលសួរថាតើអាជីវកម្មរបស់គាត់ទទួលបានផលចំណេញច្រើនជាងការលេងឱ្យ Arsenal ឬ Inter Milan ដែរឬទេ Lukas Podolski បានឯកភាព។

“មែនហើយ បើយើងមើលតួលេខ… បាទ អ្នកអាចនិយាយបែបនេះបាន។”

Lukas Podolski នៅតែបន្តកុងត្រាជាមួយក្រុមប៉ូឡូញ Gornik Zabrze រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ហើយកំពុងរៀបចំសម្រាប់អនាគតលើសពីនោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT