ខឹង​ស្អប់​ប៉ុណ្ណា ក៏​កប់​ទុក​មួយ​ឡែក! Bellingham នៅ​តែ​បញ្ចេញ​កាយវិការ​ល្អ​នេះ មុន​ដើរ​ចេញ​ពី​កីឡដ្ឋាន

២-២ ​លទ្ធផល​ស្មើ​យក​បាន​មួយ​ពិន្ទុ អាច​ជា​អ្វី​ដែល​ម្ចាស់ផ្ទះ Valencia ប្រាថ្នា​ចង់​បាន នៅ​ប្រកួត​ទល់ Real Madrid ដល់​ងាក​ទៅ​អធិរាជ​ស នាម​ជា​ក្លឹប​កំពុង​នាំ​មុខ​ចំណាត់ថ្នាក់​កំពូល​តារាង ពួក​គេ​មាន​មហិច្ឆតា​ខ្ពស់ ផ្តោត​យក ៣ ពិន្ទុ តែ​គ្រប់​យ៉ាង​វា​មិន​អាច​កើត​ឡើង​ ក៏​ដោយសារ​ដំណើរ​រាំងស្ទះ​ចុង​ម៉ោង​តែ​ប៉ុន្មាន​វិនាទី ចេញ​ពី​សម្លេង​កញ្ចែ​របស់​អាជ្ញាកណ្ដាល។

ជំនួប​ក្នុង​កីឡដ្ឋាន Mestalla ដែល​ក្លឹប​ភ្ញៀវ Madrid សឹង​បត់​តារាង​លេង ជាមួយ​ស្ថិតិ​គ្រប់គ្រង​បាល់​ ៧២ ភាគរយ ពួក​គេ​រក​បាន ២ គ្រាប់​ចេញ​ពី Vinicius Jr ហើយ​ខាង​ម្ចាស់​ដី​ធ្វើ​បាន​ដោយ Hugo Duro និង Roman Yaremchuk។ ដំណើរ​ដ៏​ក្តៅ​គគុក​បាន​ឆេះ​ឡើង​នៅ​កៀក​បញ្ចប់​តង់​ទី​ពីរ ដែល​អាជ្ញាកណ្តាល​លោក Jesus Gil Manzano សញ្ជាតិ​អេស្ប៉ាញ ​ហាក់​មមាញឹក​ខ្លាំង​ក្នុង​ការ​ត្រួតពិនិត្យ VAR ផង និង​រក​ការ​តវ៉ា​ឥត​សំចៃ​មាត់​ពី​កីឡាករ​សង​ខាង​ផង។

ការ​ប្រកួត​ទទួល​បាន​ម៉ោង​បន្ថែម ៧ នាទី តែ​ដល់​នាទី ៩២ មាន​ការ​ពិនិត្យ VAR អំពី​លទ្ធភាព​ផ្តល់​បាល់​ពិន័យ ១១ ម៉ែត្រ​ជូន​ខាង Valencia វា​ទាមទារ​ពេលវេលា​ដល់ ២ នាទី និង ១៣ វិនាទី​ក្នុង​ការ​សម្រេច ហើយ​ក្រោយ​មក​ដល់​នាទី ៩៨ ដែល​បាល់​កំពុង​រត់​មិន​ទាន់​ឈប់​ផង​នោះ ជាមួយ​ការ​ក្រុស​ក្បែរ​ប្រអប់​ចេញ​ពី​ជើង Brahim Diaz ​មក​ធ្លាក់​ពេញ​ជំហរ Jude Bellingham តែត​បញ្ចប់​ទី​យ៉ាង​ស្អាត ក៏​ស្រាប់​តែ​អាជ្ញាកណ្ដាល​ Manzano មិន​ផ្តល់​បាល់​នោះ​ឲ្យ រួច​ផ្លុំ​កញ្ចែ​កាត់​ចង្វាក់​បាល់ ជា​ការ​សម្រេច​ថា ការ​ប្រកួត​បាន​បញ្ចប់​ហើយ អ៊ីចឹង​បាល់​ចូល​ទី​របស់ Bellingham រាប់​ជា​អាសាបង់។

មាន​ការ​តវ៉ា​ខ្លាំង ក្រោម​ហេតុផល ២ ​ចំណុច ទី ១) គឺ​អាជ្ញាកណ្តាល​មិន​បាន​ផ្តល់​ពេលវេលា​សង​គ្រប់គ្រាន់​វិញ ក្នុង​ការ​បង្រ្គប់​នាទី នេះ​សង​ត្រឹម ១ នាទី និង ៣៩ វិនាទី ខណៈ​គ្រា​ចាយ​ពេល​លើ​ការ​ពិនិត្យ​ VAR មុន​នោះ​បន្តិច គឺ​ការ​ប្រកួត​បាន​ផ្អាក​ដល់​ជាង ២ នាទី។ ​ចំណុច​ទី ២ ) គ្រប់​គ្នា​មិន​អស់​ចិត្ត ត្រង់​ថា​បាល់ទាត់​តាំង​ពី​ដើម​មក ដរាប​ណា​បាល់​កំពុង​ប្រជែង​នៅ​ក្បែរ​ប្រអប់​គ្រោះថ្នាក់ គឺ​អាជ្ញាកណ្តាល​តែងតែ​អនុញ្ញាត​ឲ្យ​បន្ត​លេង ទោះ​ហួស​នាទី​កំណត់​ក៏​ដោយ និយាយ​ងាយ​យល់​សូម្បី​តែ​ក្នុង​ហ្គេម FIFA ហ្គេម PES គ្រប់​ជំនាន់ ក៏​មិន​ដែល​អនុវត្ត​ខុស​គោលការណ៍​ខាង​លើ​ដែរ។

តែ​ចំណាត់ការ​របស់​អាជ្ញាកណ្តាល​ធំ​វ័យ ៤០ ឆ្នាំ​យប់មិញ គ្រប់​គ្នា​ហាក់​មិន​យល់​អំពី​ចេតនា​របស់​លោក​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​លើក​កាត​លឿង​ពិន័យ Joselu និង​កាត​ក្រហម​ពិន័យ Jude Bellingham ដែល​មក​ទាមទារ​ការ​តវ៉ា​នោះ​ទៀត។ ការ​ប៉ាន់ស្មាន​ជា​មុន ប្រសិន​ការ​តវ៉ា​ផ្សេងៗ​របស់ Madrid មិន​បាន​ជោគជ័យ ម្ល៉េះ​កីឡាករ​អង់គ្លេស​អាច​ត្រូវ​សហព័ន្ធ​ព្យួរ​ឈ្មោះ ២-៣ ប្រកួត​បន្ទាប់។

ទោះ​យ៉ាង​ណា ការ​ខឹងសម្បា អារម្មណ៍​មួរម៉ៅ​កើត​ភាព​ស្អប់​ទាំង​អំបាលម៉ាន​របស់​យុវជន​ឆ្នើម Madrid ​វា​កើត​ត្រឹម​រយៈ​ពេល​ខ្លី​លើ​ទីលាន​ប៉ុណ្ណោះ​ឯង តែ​ចំពោះ​មុខ​អ្នក​គាំទ្រ ជា​ពិសេស​ក្មេងៗ​ដែល​ស្រលាញ់​ចូលចិត្ត​ខ្លួន គឺ Bellingham នៅ​រក្សា​ស្នាម​ញញឹម ឆ្លៀត​ផ្តល់​ពេលវេលា​ចុះ​ហត្ថលេខា​ជូន​ពួក​គេ​ដដែល មុន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កីឡដ្ឋាន​របស់ Valencia។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

កាយវិការ​នេះ ​ខ្សែ​បម្រើ​ជំនាញ​បញ្ចប់​ទី​វ័យ ២០ ឆ្នាំ ​ដែល​កន្លង​មក​រង​ពាក្យ​រិះគន់​មិន​ចេះ​តិច​ករណី​ប៉ះ​មាត់​នឹង Mason Greenwood ក៏​ប្រែ​មក​ជា​តួ​ឯក​ក្នុង​បេះដូង​អ្នក​គាំទ្រ​មួយ​រំពេច​ភ្លែត។ ជា​រួម​ត្រឹម​ចន្លោះ​ពេល​មិន​ដល់​មួយ​សប្តាហ៍ Bellingham គេ​ប្រែ​ជា Zero មក​ក្លាយ​ជា Hero ទទួល​បាន​ការ​ស្រលាញ់​អាណិត បត់​ជីវិត ១៨០ ដឺក្រេ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT