ចូល​ភ្លាម Spalleti កែ​ដាន​អាក្រក់​ជំនាន់ Mancini នេះចោល​ភ្លែត ដើម្បីរុញអ៊ីតាលីទៅលើកពាន EURO&World Cup

​នៅ​សម័យ​កាល​ដឹកនាំ​ជាង ៥ ឆ្នាំ របស់​លោក Roberto Mancini ជម្រើស​ជាតិ​អ៊ីតាលី​ស្គាល់​តែ​ជ័យជម្នះ​ក្នុង​ពាន​រង្វាន់ UEFA European Championship មួយ​គត់ រួច​រយៈ​ពេល​ចុងក្រោយ​មុន​អស់​តំណែង​ក្រុម​នៅ​អឺរ៉ុប​មួយ​នេះ មិន​អាច​ឈោង​បាន​ទាំង​កៅអី​ទៅ​ចូលរួម​នៅ World Cup 2022 ថែម​ទៀត។

ជា​ការ​សម្រេច​នៅ​ថ្ងៃ​ទី ១៣ សីហា ឆ្នាំ ២០២៣ សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ក៏​ប្រកាស​បញ្ចប់​តំណែង Mancini ហើយ​មួយ​ខែ​បន្ទាប់ ជំនួស​ចូល​ដោយ​គ្រូ​រួម​សញ្ជាតិ​តែ​មួយ​គឺ Luciano Spalletti។ ហែល​កាត់​ការ​ដឹកនាំ ៦ ប្រកួត​កន្លង​មក ឃើញ​ថា​លទ្ធផល​បែរ​ល្អ​ប្រសើរ​ឡើង ត្រង់​ការ​ឈ្នះ ៣ ស្មើ ២ ចាញ់​តែ ១ គត់ ​ខណៈ​កៅអី​នៅ EURO 2024 ពាក់​កណ្តាល​ឆ្នាំ ក៏​បាន​ធានា​រួចរាល់ ​ស្ថិត​ក្នុង​ពូល B ​មាន​ប៉ះ​អេស្ប៉ាញ ក្រូអាត និង​អាល់បានី។

យ៉ាង​ណា​ងាក​ទៅ​ការ​យល់​ឃើញ​របស់​អ្នកចាត់ការ​ថ្មី​ Spalletti បាន​សង្កត់​ធ្ងន់​ថា លោក​បាន​ចូល​មក​កែប្រែ​ទម្លាប់​អាក្រក់​មួយ​ចំនួន​របស់​ក្រុម​នៅ​ពេលវេលា​ដឹកនាំ​ដំបូង ហើយ​លោក​ចង់​សង្កត់​ធ្ងន់​ឆ្លើយតប​ទៅ​កាន់​សាធារណៈ​ជន​ទាំង​អស់ ថា​មនុស្ស​ដូច​ជា​លោក​នេះ បើ​និយាយ​គឺ​ធ្វើ មិនមែន​មាន​មាត់​ចេះ​តែ​ហា​នោះ​ទេ។

​ច្បាប់​ទម្លាប់​ថ្មី​មួយ ដែល​គ្រប់​គ្នា​ឥត​អាច​ប្រកែក​បាន គឺ​សម្រេច​ហាម​រាល់​កីឡាករ​ទាំង​អស់ មិន​ឲ្យ​យក​ម៉ាស៊ីន​លេង​ហ្គេម PlayStation ឬ​ម៉ាស៊ីន​កម្សាន្ត​ដទៃ​មក​តាម​ជាមួយ​ឡើយ រាល់​ពេល​ជាប់​ភារកិច្ច​នៅ​ជម្រើស​ជាតិ មិន​ថា​នៅ​ជំរំ​ហ្វឹកហាត់ ​ក៏​ជា​ពិសេស​ពេលវេលា​មុន​ការ​ប្រកួត​កៀក​ចូល​មក​ដល់។

ប្រាប់​ទៅ​សារព័ត៌មាន La Gazzetta dello Sport គ្រូ​វ័យ ៦៤ ឆ្នាំ​រៀបរាប់៖ “អ្នក​ខ្លះ​ថា​ខ្ញុំ​បាន​តែ​និយាយ រួច​ធ្វើ​មិន​កើត ពួក​គេ​គិត​ខុស​ហើយ ពី​ពេល​នេះ​ទៅ ខ្ញុំ​ដាក់​ច្បាប់​កំណត់​រួចរាល់ ពួក​គេ​ត្រូវ​តែ​ទុក​ម៉ាស៊ីន​ហ្គេម PlayStation នៅ​ឯ​ផ្ទះ ផ្ទុយ​ទៅ​វិញ ខ្ញុំ​នឹង​បង្កើត​ការ​លេង​ហ្គេម​កម្សាន្ត​ជួបជុំ​គ្នា ដើម្បី​កុំ​ឲ្យ​ពួក​គេ​នឹកនា​ដល់​ការ​លេង​ម៉ាស៊ីន​អស់​នោះ​នៅ​ពេល​យប់ ត្រូវ​ចាំ​ពាក្យ​ខ្ញុំ​ទុក នៅ​កាតព្វកិច្ច​ជួយ​ជម្រើស​ជាតិ​គឺ​ម្នាក់ៗ​ត្រូវ​តែ​ផ្តោត​ខ្លាំង​បំផុត មិនមែន​ឲ្យ​មក​លេង​សើច​តែ​តាម​ចិត្ត​ទេ”។

លោក​បន្ត៖ “ខ្ញុំ​ចង់​ឲ្យ​គ្រប់​គ្នា​មាន​ទម្លាប់​និង​បរិយាកាស​ល្អ សាមញ្ញ​ទៅ Gigi Buffon គេ​នឹង​ជួយ​ខ្ញុំ​លើ​រឿង​នេះ សម័យ​កាល​កាន់​តែ​ទំនើប​បើ​ម្នាក់ៗ​សំកុក​មិន​ព្រម​សម្រាក​ហើយ​លេង​ PlayStation ដល់​ម៉ោង ០៤ ទៀប​ភ្លឺ ទាំង​ដែល​ប្រកួត​នៅ​ស្អែក​បន្ទាប់​ចូល​មក​ដល់ តើ​ឲ្យ​លទ្ធផល​វា​ទៅ​ជា​ល្អ​បាន​ដោយ​របៀប​ណា ក្មេងៗ​សម័យ​នេះ ខ្លះ​សុខ​ចិត្ត​បង្ហោះ​រូបភាព​លើ Instagram ឲ្យ​តែ​សក់​ស្អាត​រៀបចំ​ខ្លួន​រួចរាល់ ទាំង​នឹង​ការងារ​គរ​នៅ​ពី​ក្រោយ​មិន​ខ្ចី​ធ្វើ”។

“នេះ​វា​ស​បង្ហាញ​ពី​ការ​មិន​ឲ្យ​តម្លៃ ម្ល៉េះ​ជម្រើស​ជាតិ​អ៊ីតាលី​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្តូរ អ្នក​មក​ទី​នេះ​ដើម្បី​ឈ្នះ European Championship រួចបន្ទាប់មកឈ្នះ World Cup មិនមែន​មក​ដើម្បី​ឈ្នះ​ការ​ប្រជែង​ក្នុង​ហ្គេម Call of Duty នោះ​ទេ”។

ស្តាប់​ទៅ​ជា​យោបល់​ណែនាំ​ល្អ តែ​នេះ​វា​ខុស​ស្រឡះ​ពី​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​អ៊ីតាលី​ដូច​គ្នា​គឺ Andrea Pirlo កាល​ពី​ ១៨ ឆ្នាំ​មុន ធ្លាប់​និយាយ៖ “ខ្ញុំ​បាន​ចំណាយ​ពេលគេង​ពេញ​មួយ​រសៀល ហើយ​កម្សាន្ត​អារម្មណ៍ លេង​ហ្គេម​លើ PlayStation រួច​ដល់​ល្ងាច​ថ្ងៃ​ដដែល​នោះ ខ្ញុំ​ទៅ​ចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ រួច​ឈ្នះ​ពាន World Cup ក្នុង​ទីក្រុង​ប៊ែរឡាំង ឆ្នាំ ២០០៦”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT