គ្រូ​ថ្មី Arsenal ​ប្រកាស​សង្គ្រាម​ដណ្ដើម​យក​ពាន​ពី Pep ​រដូវ​កាល​ក្រោយ

លោក Unai Emery ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Arsenal ​បាន​ប្រកាស​ថា​វា​ដល់​ពេល​ដែល​ក្រុម​កាំភ្លើង​ធំ ចាប់​ផ្ដើម ​ប្រជែង​យក​ពាន English Premier League ​ហើយ។

បុរស​សញ្ជាតិ​អេស្ប៉ាញ ​ត្រូវ​បាន​ Arsenal ​តែងតាំង​ជា​គ្រូ​បង្វឹក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ​ដោយ​មាន​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។ ក្រោយ​ពី​ចុះ​កុងត្រា​ដឹក​នាំ​ភ្លាម ​អតីត​អ្នក​ចាត់ការ​ក្រុម PSG ​រូប​នេះ បាន​ប្រកាស​ភ្លាម​ៗ​ថា ​ដល់​ពេល​ដែល​ត្រូវ​ប្រជែង​យក​ពាន​ពី​ក្រុម Manchester City ​ហើយ។

Emery ​ចូល​ដឹក​នាំ​ក្រុម Arsenal ​នេះ ​អាច​នឹង​មាន​វិបត្តិ​បន្តិច​ចំពោះ​ការ​ចាយ​វាយ ត្បិត​អី​ក្លឹប​អាច​ផ្ដល់​ថវិកា​ត្រឹម​៥០​លាន​ផោន​ប៉ុណ្ណោះ ​ដើម្បី​ទិញ​កីឡាករ​ថ្មី។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ទំហំ​ទឹក​ប្រាក់​ប៉ុណ្ណឹង​ក៏​លោក​គិត​ថា​អាច​កសាង​ Arsenal ​ឱ្យ​រឹងមាំ​វិញ​បាន​ដែរ។

“គោលដៅ​ខ្ញុំ​គឺ​ប្រជែង​ពាន​ជាមួយ​ Man City ។ Arsenal ​ជា​ក្លឹប​មាន​ឆន្ទៈ ​ហើយ​យើង​នឹង​សម្រេច​វា​ជាមួយ​គ្នា​នៅ​រដូវ​កាល​ក្រោយ។ វា​ជា​ពេល​ដែល​យើង​ត្រូវ​បង្ហាញ​ពី​ការ​លេង​បាល់ទាត់​សម័យ​ថ្មី អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​មិន​ត្រូវ​ខ្លាច​ក្រុម​ណា​នោះ​ទេ ត្រូវ​តែ​គិត​ក្នុង​ចិត្ត​ថា​យើង​មាន​សមត្ថភាព​ឈ្នះ​ពួកគេ​បាន”។ សម្ដី​របស់​អតីត​គ្រូ​បង្វឹក Sevilla ​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម​នេះ​លើក​ពាន Europa League ​៣​ឆ្នាំ​ជាប់​គ្នា៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT