Man Utd បំបែក​កំណត់​ត្រា​ក្រុម​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន

Manchester United បានដាក់បញ្ចូលគ្នានូវក្រុមដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមរបាយការណ៍ចុងក្រោយស្តីពីហិរញ្ញវត្ថុអឺរ៉ុប។របាយការណ៍នេះគិតទៅលើតម្លៃសរុបនៃថ្លៃផ្ទេរដែលចុះហត្ថលេខាលើកីឡាករគ្រប់រូបក្នុងក្រុម ប៉ុន្តែមិនរាប់បញ្ចូលកាលពីរដូវក្តៅមុន នៅពេលដែលចុះកុងត្រា Rasmus Hojlund, Mason Mount, Andre Onana និង Altay Bayindir ក្នុងតម្លៃប្រហែល 180 លានផោននោះទេ។

យោងតាមការសិក្សាចុងក្រោយរបស់ UEFA បេីទោះបីជាមិនគិតទាំងតម្លៃថ្លៃកីឡាករថ្មីៗទាំងនោះ ក៏ United ចំណាយអស់យ៉ាងសម្បើម ពោលគឺ 1210 លានផោន។នោះគឺជាចំនួនសរុបខ្ពស់បំផុតមិនធ្លាប់មាន ដែលបានបំបែកកំណត់ត្រា Real Madrid ក្នុងឆ្នាំ 2020។

United មិន​ដែល​ភ័យ​ខ្លាច​ក្នុង​ការ​ចាយ​លុយ​ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន​ឡើយ។ ពួកគេបានចំណាយប្រាក់ 85.5 លានផោនដើម្បីចុះហត្ថលេខាលើកីឡាករ Antony ក្នុងឆ្នាំ 2022 ដោយកីឡាករប្រេស៊ីលរូបនេះបានក្លាយជាការចុះហត្ថលេខាដែលមានតម្លៃថ្លៃបំផុតទីពីររបស់ពួកគេគ្រប់ពេល ដោយបានវ៉ាដាច់ចំនួន 80 លានផោនដែលបានចំណាយលើខ្សែការពារកណ្តាល Harry Maguire។

Jadon Sancho ធ្វើឱ្យបិសាចក្រហមចំណាយប្រហែល 73 លានផោន ដែលពេលនេះកំពុងខ្ចីជេីងនៅអតីតក្លឹប Dortmund។រួមបញ្ចូលផងដែរគឺការចំណាយ 60 លានផោនរបស់ Man Utd លើ Casemiro កិច្ចព្រមព្រៀង 47 លានផោនដើម្បីចុះហត្ថលេខាលើ Bruno Fernandes និងកិច្ចព្រមព្រៀងស្មុគស្មាញសម្រាប់ Anthony Martial 43 លានផោន។

ក្រុមដែលមានតម្លៃថ្លៃនោះអាចនាំ United ត្រឹមចំណាត់ថ្នាក់លេខ 3 ក្នុងតារាង Premier League កាលពីរដូវកាលមុន ដោយមាន 14 ពិន្ទុតាមពីក្រោយក្រុមជើងឯក Manchester City ដែលជាក្រុមតែមួយគត់នៅអឺរ៉ុបដែលចំណាយប្រាក់ជាង 1 ពាន់លានផោនដូចក្រុមរបស់ពួកគេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT