តាម​ទាន់​ហើយ ​Son កើត​ជម្លោះ​ផ្ទៃ​ក្នុង​នឹង​យុវជន​រួម​ក្រុម​កូរ៉េ​ខាង​ត្បូង មុន​ការ​ធ្លាក់​ក្រោម​ថ្វី​ជើង​ហ្សកដានី

​កាល​ពី​ថ្ងៃ​ទី ០៦ ​កុម្ភៈ ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ទទួល​រង​បរាជ័យ ០-២ ក្រោម​ថ្វី​ជើង​ហ្សកដានី ជា​លទ្ធផល​សម្រេច​ឲ្យ​ពួក​គេ​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ ហើយ​ខាង​ក្រុម​ឈ្នះ​បន្ត​ទៅ​វគ្គ​បញ្ចប់ តែ​បាន​ចាញ់​កាតារ នាម​ជា​ម្ចាស់ផ្ទះ ដែល​ឈ្នះ​ជើង​ឯក។

មក​ទល់​ថ្ងៃ​នេះ ទើប​តែ​មាន​ការ​បញ្ជាក់​និង​ទទួល​ស្គាល់​ពី​សហព័ន្ធ​បាល់ទាត់​កូរ៉េ​ខាង​ត្បូង ថា​មុន​ការ​ប្រកួត​ចុងក្រោយ​ចាប់ផ្តើម ជម្រើស​ជាតិ​ខ្លួន​ពិត​ជា​មាន​បញ្ហា​ប៉ះទង្គិច​ពាក្យ​សម្តី ដល់​កើត​កាយវិការ​ច្រងេងច្រងាង​ដាក់​គ្នា រហូត​បណ្តាល​ឲ្យ​ប្រធាន​ក្រុម Son Heung-min មាន​របួស​ត្រង់​ផ្នែក​ម្រាម​ដៃ។

ដូច​អ្នក​បាន​ឃើញ​ក្នុង​រូបភាព​នៃ​ការ​ប្រកួត ផ្នែក​ម្រាម​ដៃ​កណ្តាល​និង​ដៃ​ចង្អុល​របស់​សមាជិក​ក្លឹប Spurs ត្រូវ​បាន​រុំ​ដោយ​បង់ ហើយ​ទើប​តែ​ថ្ងៃ​នេះ យើង​ទទួល​បាន​ការ​បកស្រាយ​អំពី​ដំណើរ​ដើមទង​ច្បាស់លាស់។

វា​កើត​ឡើង​នៅ​តុ​អាហារ​ជួបជុំ​មុន​ការ​ប្រកួត ហើយ​ដើមចម​នៃ​ជម្លោះ​គឺ​ដោយសារ​កីឡាករ​ក្មេងៗ​មិន​ស្តាប់​ពាក្យ​កីឡាករ​ចាស់ៗ ពោល​មាន​ភាព​ចចេសរឹងរូស ​លែង​ស្តាប់​សូម្បី​តែ​ប្រធាន​ក្រុម។ មួយ​ក្នុង​ចំណោម​កីឡាករ​វ័យ​ក្មេង​ឯ​ទៀត គឺ Lee Kang-in ដែល​មាន​អាយុ ២២ ឆ្នាំ គេ​បាន​ស្រូត​ទទួល​ទាន​អាហារ​ពេល​ល្ងាច​យ៉ាង​លឿន រួច​ចង់​ដើរ​សំដៅ​ទៅ​​លេង​កីឡា​វាយ​កូនឃ្លីលើតុ​ជា​ការ​កម្សាន្ត។

ភ្លាមៗ Son ដែល​ជា​រៀម​ច្បង ក៏​ជា​ប្រធាន​ក្រុម​របស់​ពួក​គេ បាន​ក្រោក​ឈរ​ឡើង​និង​និយាយ​ចំៗ ​ឥត​លាក់​ទុក ថា​គ្រប់​គ្នា​មិន​ត្រូវ​ធ្វើ​បែប​ហ្នឹង​ទេ ​ជា​រួម​ចង់​ឲ្យ​ជុំ​គ្នា​នៅ​តុ​អាហារ ក៏​ជឿ​ថា វា​ជា​ពេលវេលា​ល្អ​ក្នុង​ការ​បង្កើន​សាមគ្គីភាព និង​ចំណង​យល់​ចិត្ត​គ្នា ជា​ជាង​ការ​ញែក​ខ្លួន​ទៅ​ធ្វើ​សកម្មភាព​ឥត​ចាំ​បាច់​ផ្សេង​ឆ្ងាយ​ពី​គ្នា។

ដល់​ហើយ​ម្នាក់ៗ​ក៏​ក្រោក​ឈរ និយាយ​ដាក់​គ្នា​ចុះ​ឡើង ប្រកាន់​ជំហរ​ត្រូវ​រៀង​ខ្លួន រហូត​ដល់​បុរស​វ័យ ៣១ ឆ្នាំ ស្រែក​ប្រាប់​ឲ្យ​អង្គុយ​ចុះ ហើយ​ប្រកែក​ចុះ​ឡើង​ដោយ​ប៉ះ​ទង្គិច​ទៅ​ជា​ថ្លោះ​ផ្នែក​ម្រាម​ដៃ។ មាន​របាយការណ៍​មក​ថា កីឡាករ​ក្មេងៗ​មួយ​ភាគ​ធំ មិន​បាន​បង្ហាញ​ការ​គោរព ទៅ​កាន់ Son ក្នុង​នាម​ជា​រៀម​ច្បង​ពួក​គេ​ឡើយ។

រំឭក​ថា ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាង​លើ ក៏​សហព័ន្ធ​មាន​ការ​បន្ទោស​ចំពោះ​អ្នកចាត់ការ​លោក Jurgen Klinsmann មួយ​ផ្នែក​ដែរ ត្រង់​ថា ខ្វះ​ភាព​ជា​អ្នក​ដឹកនាំ។ ដ្បិត​បើ​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ តែ​ខាង​សហព័ន្ធ​នឹង​កោះ​ប្រជុំ ដើម្បី​សម្រេច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ថា​គួរ​តែ​ដក​តំណែង​របស់​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់​ចេញ ឬ​គិតគូរ​បែប​ណា។

ចុងក្រោយ​ទៅ​មើល Son បន្តិច ​ក្រោយ​ធ្លាក់​ពី​ពាន​រង្វាន់​អាស៊ី AFC Asian Cup ភ្លាមៗ គេ​ក៏​មិន​បង្អង់​ខ្លួន​ឲ្យ​សម្រាក​យូរ​នោះ​ដែរ ពោល​បាន​ត្រលប់​មក​ជួយ​ក្លឹប​មាន់​ខ្នាយ​មាស Spurs ភ្លែត ​ក៏​ជា​ចំណែក​កីឡាករ​បម្រុង​ចូល​រួម​ជួយ​ម្ចាស់ផ្ទះ យក​ឈ្នះ ២-១ ទៅ​លើ Brighton។

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT