Solskjaer សារភាពថាគាត់មានអារម្មណ៍សោកសៅ ពេលឃើញអាជីព Ronaldo នៅ Man United បញ្ចប់ដោយភាពជូរចត់បែបនេះ

Ole Gunnar Solskjaer បានសារភាពថាគាត់មានអារម្មណ៍សោកសៅ នៅពេលមើលអាជីពរបស់ Cristiano Ronaldo នៅ Manchester United បានបញ្ចប់ដោយភាពជូរចត់បែបនេះ។ Solskjaer នៅតែជឿជាក់ថាការនាំយក Ronaldo ត្រលប់ទៅ Man United គឺជាការសម្រេចចិត្តត្រឹមត្រូវ​ ដូចដែលគាត់បាននិយាយនៅពេលកំពុងស្ថិតនៅក្នុងដំណើរទេសចរណ៍នៅប្រទេសឥណ្ឌាកាលពីចុងសប្តាហ៍។​ គាត់បានលេីកឡេីងថា៖

“នៅពេលនោះ Cristiano ចង់ចាកចេញពី Juventus ប៉ុន្តែយើងគិតថាមិនអាចនាំគាត់ត្រឡប់មកវិញបានទេ។ ពួកយើងបានបង្កើតក្រុមដោយគ្មាន Cristiano​ រួចទៅហេីយ។ ពេលគាត់មក គាត់មានរដូវកាលដ៏ល្អ។ ខ្ញុំគិតថាគាត់ស៊ុតបាន 28 គ្រាប់។ ខ្ញុំចូលចិត្តអាកប្បកិរិយាបែបអាជីពរបស់ Cristiano។ ប៉ុន្តែវាមិនដំណើរការល្អសម្រាប់គាត់ទេ។ វាមិនដំណើរការល្អសម្រាប់ខ្ញុំទេ។ វាមិនដំណើរការល្អសម្រាប់ក្រុមទេ នេះជាអកុសល។ប៉ុន្តែនៅពេលនោះ វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការស្វាគមន៍គាត់ត្រលប់មក Old Trafford វិញ។ ការត្រលប់មកវិញលើកដំបូងរបស់គាត់គឺលេងទល់នឹង Newcastle។ យេីងបានឃើញបរិយាកាសល្អនៅ Old Trafford ហើយវាជារឿងដែលមិនគួរឱ្យជឿ។

ដូច្នេះវាជាការផ្តល់ឱ្យមនុស្សនូវការចងចាំ។ នោះគឺជាការចងចាំសម្រាប់អ្នករាល់គ្នាដែលធ្លាប់នៅទីនោះ ដែលគាត់បានត្រលប់មកវិញ បន្ទាប់ពីបានជាប់ជាកីឡាករល្អបំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ។ តែជាអកុសល បន្ទាប់ពីខ្ញុំចាកចេញ វាប្រែទៅជារឿងជូរចត់ជាមួយ Cristiano។ វា​ជា​ការ​សោកសៅដែល​បាន​ឃើញ​បែបនេះពីចម្ងាយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT