គូ​គង់​តែ​ជួប​ដូច​គេ​ថា​មែន ខឹង​ចុះ​ខឹង​ឡើង ចុងក្រោយ​រត់​រក​គ្នា តែ PSG ក៏​ត្រៀម​ចិត្ត​សម្លឹង​អ្នក​ថ្មី​ហើយ​ដែរ

ចចាមអារ៉ាម​តាំង​ពី​ច្បាស់​ដល់​លែង​ជឿ ​ឥឡូវ​បែរ​រឿង​មិន​គួរ​ឲ្យ​ជឿ កើត​ឡើង​ទៅ​ជា​ភាព​ច្បាស់លាស់​វិញ បន្ទាប់​មាន​សារព័ត៌មាន​ធំៗ​ជា​ច្រើន​ចុះ​ផ្សាយ​បន្ត​កន្ទុយ​គ្នា តាំង​ពី ESPN, CNN និង​សូម្បី​តែ Fabrizio Romano ក៏​ហាក់​បង្ហាញ​សញ្ញា​វិជ្ជមាន ក្នុង​ដំណើរ​ផ្ទេរ Kylian Mbappe ទៅ​កាន់​ក្លឹប​យក្ស Real Madrid។

ទន្ទឹម​កុងត្រា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ សម្រាប់​តារា​ឆ្នើម​វ័យ ២៥ ឆ្នាំ ក៏​មិន​មាន​ការ​បន្ត​ថ្មី​នោះ​ដែរ ហើយ​កូន​ចិត្ត​ធ្លាប់​គិត​ចែចូវ​រវាង​ម្ចាស់ដី Bernabeu តាំង​ឆ្នាំ ២០២២ ​បាន​ត្រលប់​មក​កើត​ម្តង​ទៀត ខណៈ​សារ​នេះ មើល​ឃើញ​ភាគរយ​ច្រើន​ជាង​សារ​ណាៗ​ទាំង​អស់។

ពេលវេលា​រង់ចាំ​ដល់​បញ្ចប់​កុងត្រា ដែល​នឹង​ត្រូវ​ចូល​មក​ដល់ ក៏​នឹង​កំណត់​ដំណើរ​ផ្ទេរ​ទៅ​អធិរាជ​ស សម្រាប់ Mbappe ហើយ​គេ​គ្រោង​ទទួល​បាន​ប្រាក់​ឈ្នួល​ល្បាក់ ១០០ លាន​អឺរ៉ូ វា​ជា​តួ​លេខ​ខ្ពស់​ជាង​កៀក​គុណ​ជា ២ ធៀប​នឹង​ប្រាក់​ទទួល​បាន​សព្វថ្ងៃ​ពី​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស។

បច្ចុប្បន្ន​ភាព​នៃ​ការ​អាប់ដែត​ដំណឹង​ចុងក្រោយ គឺ​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Nasser Al-Khelaifi បាន​ទទួល​ចម្លើយ​ការ​សម្រេច​ចិត្ត​ជាក់លាក់​ហើយ ពី Mbappe ថា​នឹង​ចាកចេញ​នៅ​បិទ​បញ្ចប់​រដូវ​កាល ស្រប​ពេល​ប្រធាន​ក្លឹប​ Madrid លោក Florentino Perez ក៏​ព្រម​ដាក់​ចិត្ត ជឿ​លើ​កូន​អណ្តើក​តូច​ខាង​លើ​ជា​ថ្មី ថា​គេ​នឹង​ព្រម​មក សម្រាប់​ការ​បើក​រដូវ​កាល​បន្ទាប់ ២០២៤/២៥។

វា​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​សូម្បី​ការ​បង្ហោះ​ព័ត៌មាន​ថា Mbappe នឹង​ទៅ​ចុះចូល​ជាមួយ Vinicius Jr នៅ Real Madrid ក៏​ត្រូវ​បាន​សាមី​ខ្លួន​តំបន់​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល ចុច​ដាក់​បេះដូង ចូលចិត្ត​លើ Instagram ទៀត​ផង។ ឥត​ខុស​ការ​ស្រមៃ​ទុក​ជា​មុន Trio ​តំបន់​ប្រយុទ្ធ Madrid រជ្ជកាល​ថ្មី យើង​ហៅ​កាត់​បាន BMV ដោយ​មាន​បម្រើ​ប្រយុទ្ធ Jude Bellingham ​បូក​ប្រយុទ្ធ​ខាង​លើ​ពីរ Mbappe និង Vinicius នោះ​ឯង។

រំឭក​ឲ្យ​ដឹង មុន​ឈាន​ដល់​ផ្លូវ​បែក​ក្រោយ​រួមរស់​ជាមួយ PSG ៦ ឆ្នាំ កីឡាករ​កម្ពស់ ១,៧៨ ម៉ែត្រ បាន​បន្សល់​ទុក​កំណត់ត្រា​នាម​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បង្អស់​ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លឹប ពោល​មាន​ដល់ ២៤១ គ្រាប់ និង​កាន់​ពាន ១៣ គ្រឿង​ជាមួយ​ក្លឹប​បារាំង តែ​អវត្តមាន​ចន្លោះ​ធំ​គឺ UEFA Champions League។

បន្ត​មក​ស្ថានភាព​ PSG ​ចុងក្រោយ​បន្តិច អំពី​អ្នក​ជំនួស​ប្រយុទ្ធ​ប្រអប់ ស្នង​ម្ចាស់​អាវ​លេខ ៧ ថ្មី គឺ​ក្លឹប​បាន​មើល​ឃើញ​កីឡាករ​ព័រទុយហ្គាល់ Rafael Leao ដែល​សព្វថ្ងៃ​បម្រើ​អាជីព​ឲ្យ​ក្លឹប AC Milan សល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨។ យ៉ាង​ណា​គេ​មាន​កិច្ច​ព្រមព្រៀង​ទិញ​ផ្តាច់ Release Clause តែ​ថ្លៃ​ដល់ ១៧៥ លាន​អឺរ៉ូ។

ស្ថិត​ក្នុង​វ័យ ២៤ ឆ្នាំ ប្អូន Mbappe ១ ឆ្នាំ ​កីឡាករ​ជំនាញ​ជើង​ស្តាំ ល្អ​ខ្លាំង​ត្រង់​ផ្នែក​ល្បឿន ត្រង់​បច្ចេកទេស​បណ្តើរ​បាល់ គ្រាន់​នៅ​ស្ទើរ​ការ​បញ្ចប់​ទី។ ស្ថិតិ​រដូវ​កាល​នេះ ជាមួយ​ Milan ឈរ​ជើង​សរុប ២៧ ប្រកួត រក​បាន ៦ គ្រាប់​និង Assist ៧ លើក៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT