ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកថ្នាក់ខេត្ត នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ លើកទី ១២ បានបញ្ចប់ទៅកាលពីរាត្រីថ្ងៃទី ២៣ ខែ ឧសភា ម្សិលមិញនេះ ដោយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ប្រកួតឈ្នះក្រុមគិរីវង់សុខសែនជ័យ ២ ទល់នឹង ១។
ខាងក្រោមគឺជារឿងខ្លះដែលអ្នកមិនបានដឹង៖
– យុវជនសាលាបាល់ទាត់ជាតិ ទទួលបានជើងឯក ព្រមជាមួយនឹងប្រាក់រង្វាន់ ១៥លានរៀល ។
– ក្រុមគិរីវង់សុខសែនជ័យ ទទួលបានជើងឯករង រួមជាមួយប្រាក់រង្វាន់ ៧.៥លានរៀល ។
– កីឡាករ ឡុង ម៉េងហាវ និង សៀន សុភក្ត្រា រកគ្រាប់បាល់ ឲ្យយុវជនសាលាបាល់ទាត់ជាតិ និង កីឡាករ អ៊ិន វិច្ឆិកា រកគ្រាប់ឲ្យគិរីវង់សុខសែនជ័យ ។
– គ្រូបង្វឹក Musashi Mizushima របស់យុវជនសាលាបាល់ទាត់ជាតិ ទទួលបានជ័យលាភី គ្រូបង្វឹកល្អបំផុត បូកនឹងប្រាក់រង្វាន់ ៥០ម៉ឺនរៀល ។
– កីឡាករ កែវ ណារ៉ូ របស់យុវជនក្រសួងការពារជាតិ ទទួលបានជ័យលាភី កីឡាករស៊ុតចូលទីច្រើនជាងគេ (១២គ្រាប់) រួមជាមួយប្រាក់រង្វាន់ ៥០ម៉ឺនរៀល ។
– អ្នកចាំទី ហ៊ុល គីមហ៊ុយ របស់យុវជនសាលាបាល់ទាត់ជាតិ ទទួលបានជ័យលាភី អ្នកចាំទីល្អជាងគេ រួមនឹងប្រាក់រង្វាន់ ៥០ម៉ឺនរៀល ។
– ក្រុមទាំង ៤ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តរួមមាន យុវជនសាលាបាល់ទាត់ជាតិបាទី U-18 ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ក្រុមបាល់ទាត់ខេត្តកោះកុង និងក្រុមបាល់ទាត់ខេត្តកំពត នឹងបន្តចូលរួមវគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិ រួមជាមួយនឹងក្រុមទាំង ១២ នៃលីគកំពូលកម្ពុជា ។
– នេះគឺជាពានទីពីរ ដែលក្រុមយុវជនសាលាបាល់ទាត់ជាតិ បានឈ្នះ ពោលគឺបន្ទាប់ពីឈ្នះពានលីគទី២ កាលពីរដូវកាល ២០១៧ កន្លងមក ។
– វគ្គ ១៦ក្រុមចុងក្រោយថ្នាក់ជាតិ ចាប់ផ្តើមជើងទីមួយ នៅថ្ងៃទី ១១ ខែ កក្កដា សម្រាប់ជើងទីមួយ ខណៈជើងទីពីរ ធ្វើឡើងនៅថ្ងៃទី ១៨ ខែ កក្កដា ៕