ការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ Copa Libertadores រវាងក្រុម River Plate និង Boca Junior បានផ្អាកជាបណ្ដោះអាសន្នសិន ក្រោយពីមានការវាយប្រហារពីសំណាក់អ្នកគាំទ្រ។
ការប្រកួតខាងលើត្រូវធ្វើឡើងតាំងពីថ្ងៃសៅរ៍កន្លងទៅ ប៉ុន្តែត្រូវបានលើកពេលមកថ្ងៃអាទិត្យ ដោយសារតែអ្នកគាំទ្រ River Plate រាប់រយនាក់ធ្វើការវាយប្រហារមកលើក្រុម Boca រហូតដល់មានកីឡាកររបួសនិងត្រូវក្រុមគ្រូបង្វឹកថែមទៀត។ យ៉ាងណាមិញ ឈានដល់ថ្ងៃអាទិត្យម្សិលមិញហើយ ការប្រកួតក៏នៅតែមិនអាចធ្វើឡើងបាន ដោយក្រុម Boca ស្នើឱ្យផ្អាកសិន ព្រោះកីឡាករទាំងអស់ មិនទាន់បាត់ភ័យ អារម្មណ៍មិនមូលឡើយ។
ខាងអ្នករៀបចំការប្រកួត ក៏មើលតាមភាពជាក់ស្ដែង ហើយផ្អាកការប្រកួតមែនទែនតែម្ដង ព្រោះតែអ្នកគាំទ្រក្រុមម្ចាស់ផ្ទះបានបង្កហិង្សាច្រើនខ្លាំងមែនទែន ធ្វើឱ្យអាជ្ញាធរមិនអាចបង្ក្រាបបាន។ ការផ្អាកនេះដែរ មិនទាន់មានសេចក្ដីប្រកាសថានឹងដំណើរនៅពេលណានៅឡើយទេ។
សូមបញ្ជាក់ថា River Plate និង Boca នេះ ជាក្រុមកំពូលៗនៅលីគអាហ្សង់ទីនហើយ។ ពួកគេមានអ្នកគាំទ្រប្ដូរផ្ដាច់ ហើយតែងតែមានរឿងកើតឡើងជានិច្ច នៅពេលពួកគេប៉ះគ្នាម្ដងៗ៕ប្រភពDailyMail