ទីបំផុតជើងឯកពានរង្វាន់ សម្ដេចហ៊ុនសែនឆ្នាំ២០១៨ បានធ្លាក់មកលើដៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ដែលបានយកឈ្នះក្រុមគីរីវង់សុខសែនជ័យ ២-១ កាលពីយប់មិញ នៅស្តាតចាស់។
ខ្សែការពារឆ្នើម អ៊ិន វិច្ឆិកា ជាអ្នកស៊ុតនាំមុខក្នុងនាទីទី៥ ប៉ុន្តែត្រូវ ឡុង ម៉េងហាវ បំប៉ោងសំណាញ់ទីតាមស្មើនៅនាទី២៤ និង សៀន សុភក្ត្រា បញ្ចប់គ្រាប់ជ័យជម្នះនៅនាទី៤៩។
ក្រុមជើងឯក ទទួលបានពានជើងឯក១, មេដាយមាស៣០គ្រឿង និងថវិកា១៥លានរៀល។ ក្រុមជើងឯករង គីរីវង់សុខសែនជ័យ ទទួលបានមេដាយប្រាក់៣០គ្រឿង និងថវិកា៧.៥លានរៀល។
ក្រៅពីនេះ លោក Musashi Mizushima គ្រូបង្គោលក្រុមU18បាទី ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អជាងគេ និងទទួលបានថវិកាលើកទឹកចិត្តចំនួន៥០ម៉ឺនរៀល។
កីឡាករ ហ៊ុល គឹមហ៊ុយ របស់ក្រុមU18បាទី ត្រូវបានជ្រើសរើសជាអ្នកចាំទីល្អជាងគេ និងទទួលបានថវិកាលើកទឹកចិត្តចំនួន៥០ម៉ឺនរៀល។
កីឡាករ កែវ ណារ៉ូ របស់ក្រុមយុវជនក្រសួងការពារជាតិ ក្លាយជាកីឡាករទាត់បញ្ចូលទីបានច្រើនជាងគេ ដោយរកបាន១២គ្រាប់ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥០ម៉ឺនរៀលដូចគ្នា។