Sergio Ramos បានបញ្ជាក់ថាខ្លួនចាប់ផ្ដើមមានអារម្មណ៍ថាមនុស្សគ្រប់គ្នាចាំតែចាប់កំហុសរូបគេគ្រប់រូបភាពតែម្ដង ឆ្លងកាត់ប៉ុន្មានឆ្នាំចុងក្រោយនេះ។Ramos ជាខ្សែការពារជោគជ័យម្នាក់ ក្រោយពីបានជួយក្រុម Real Madrid លើកពាន UEFA Champions League បាន៣ឆ្នាំជាប់គ្នាតែម្ដង។ យ៉ាងណាមិញ ទន្ទឹមនឹងការជោគជ័យនេះដែរ កីឡាករអេស្ប៉ាញរូបនេះក៏ត្រូវបានមនុស្សជាច្រើនរិះគន់ដែរ ក្រោយពីធ្វើឱ្យ Salah របួស និងកីឡាករផ្សេងៗទៀតជាច្រើន។
ប្រធានក្រុម Real Madrid បាននិយាយថា៖ “ជាយូរមកហើយ ខ្ញុំតែងតែធ្វើឱ្យពួកគេមិនសប្បាយចិត្ត ហើយខ្ញុំក៏សប្បាយចិត្តចំពោះរឿងដែលខ្ញុំបានធ្វើដែរ។ អ្នកណាមិនចូលចិត្តវា ទុកឱ្យពួកគេនិយាយទៀតចុះ។ ពួកគេតែងតែរំលឹករឿងចាស់ៗជាច្រើនដើម្បីមកជាន់ពន្លិចខ្ញុំ ប៉ុន្តែចុងក្រោយខ្ញុំនៅតែជាខ្ញុំដដែល”។
កាលពីថ្ងៃសុក្រកន្លងទៅ មានគេបង្ហាញពីរបាយការណ៍មួយថាកីឡាករខាងលើធ្លាប់ធ្វើតេស្ដរកឃើញប្រើប្រាស់គ្រឿងញៀន និងដោះស្រាយជាច្រើនថ្ងៃទើបអាចរួចខ្លួនបាន។ ដោយសារតែការបែកធ្លាយយ៉ាងនេះហើយ ទើបធ្វើឱ្យ Ramos ខឹងជាខ្លាំង និងនិយាយថាមនុស្សមួយចំនួនតែងតែរំលឹករឿងចាស់ដើម្បីធ្វើបាបគេជានិច្ច៕
ប្រភព៖ DailyMail