ស្ទើរ​អី​បំពេញ​ហ្នឹង MU លេង​ធំ​ទៀត​ហើយ នេះ​ប្រុងយកស្លាប​ប្រយុទ្ធ​ជប៉ុន​ថ្មី គុណ​ប្រាក់​ឈ្នួល ៧ ដង

​មិន​អន់​ទេ បម្រើ ការពារ ហើយ​អ្នកចាំទី​ក៏ត្រឹម​ភ្លាត់​ម្តងម្កាល មិន​បាន​ធ្លាក់​ទម្រង់​គ្រប់​ការ​ប្រកួត​នោះ​ដែរ តែ​អ្វី​ជា​បញ្ហា​ដូច​ប្រិយមិត្ត​បាន​ឃើញ​សព្វថ្ងៃ Man United គឺ​ស្ទើរ​តំបន់​ប្រយុទ្ធ វិល​ក្បុង​មិន​ដឹង​អី​ជា​អី ​ប្រកួត​ខ្លះ​រក​តែ​មួយ​គ្រាប់​គ្មាន។

ខ្វះ​អី​បំពេញ​ហ្នឹង ជា​ផែនការណ៍​ដែល United ដើរ​យូរ​មក​ហើយ គ្រាន់​ខ្លះ​ជា​ការ​បំពេញ​ត្រូវ ខ្លះ​ទៅ​ក៏​ចោល​លុយ​ឥត​អំពើ​មួយ​ឆ្នាំៗចាយដល់​រយ​លាន​។ ឥឡូវ​ដាក់​គោលដៅ​ផ្សេង​យក​ចំណូល​ថ្មី​មួយ​រូប​ទៀត តែ​សារ​នេះ ប្រុង​លេង​កញ្ចប់​ធំ វិនិយោគ​លើ​កីឡាករ​ជប៉ុន ដែល​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Real Sociedad នៅ​ឯ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ La Liga។

នោះ​គឺ Takefusa Kubo ដែល​កីឡាករ​វ័យ ២២ ឆ្នាំ​សព្វថ្ងៃ លេង​តំណែង​ប្រយុទ្ធ​ស្លាប​ស្តាំ និង​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ឲ្យ​ក្លឹប Sociedad។ គេ​រាប់​បាន​ជា​ចំណែក​សកម្ម​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Imanol Alguacil ត្រង់​ស្ថិតិ​សរុប ២៤ ប្រកួត ក៏​រក​បាន ៦ គ្រាប់ និង Assist ៤ លើក ខណៈ​ចំណាត់ថ្នាក់​ក្លឹប ឈរ​លេខ ៦ នៅ​តារាង La Liga ហើយ​ភារកិច្ច​ធំ​នៅ​ពាន​អឺរ៉ុប បន្ត​មក​ដល់​វគ្គ ១៦ ក្រុម UCL ត្រូវ​ប៉ះ Paris Saint-Germain នា​ពាក់​កណ្តាល​ខែ​កុម្ភៈ។

Kubo ធ្លាប់​ជា​អតីត​យុវជន​ថ្នាល​ឆ្លង​កាត់​ការ​ហ្វឹកហាត់​នៅ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona តែ​ចុងក្រោយ​ជ្រើស​យក​ស្តេច​ស Real Madrid ជា​ទ្រនំ​ជ្រកកោន​បាន ៣ ឆ្នាំ ដល់​តែ​មិន​ជោគជ័យ មិន​ទទួល​បាន​ឱកាស គេ​ក៏​ជ្រើស​សាកល្បង​វិវត្ត​ខ្លួន​ពេញ​ថ្លៃ​មក Sociedad ក្នុង​តម្លៃ​ខ្លួន ៦,៥០ លាន​អឺរ៉ូ។

តែ​ខណៈ​នេះ ខណៈ​ដែល United កំពុង​ចាប់​អារម្មណ៍​ចង់​បាន​គេ​ទៅ​ចូលរួម​នៅ Old Trafford ក្រឡេក​មើល​ហាងឆេង​តម្លៃ​ខ្លួន គឺ​ឡើង​ក្បែរ​គុណ​ជា ១០ ចូល ៦០ លាន​អឺរ៉ូ ឬ​អាច​ឡើង​ខ្ពស់​ជាង​នេះ នៅ​ល្បាក់​ដើម​ឆ្នាំ​ថ្មី​ខាង​មុខ។ បើ​សួរ​ថា តើ​ក្លឹប​អាណាព្យាបាល​អេស្ប៉ាញ នឹង​ព្រម​លក់​គេ​ចេញ​ឬ​អត់? ចម្លើយ​វា​ស៊ីសង​លើ​ឆន្ទៈ​របស់​ក្លឹប បើ​ដាក់​ចិត្ត​សម្លឹង​ធំ​លើ​ពាន UCL នោះ​ជា​ការ​ពិត ប្រាកដ​មិន​អាច​បាត់បង់ Kubo កើត​ឡើយ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ផ្ទុយ​ទៅ​វិញ បើ​សម្លឹង​មើល​ឱកាស​កើប​ផល​ចំណេញ ម្ល៉េះ​ការ​លក់​ចេញ​នៅ​ខែ​មករា ​តាម​បំណង​បិសាច​ក្រហម​ចង់​បាន គឺ​ពិត​ជា​អាច​ទៅ​រួច។

ថា​ការ​សម្រេច​របស់​ក្លឹប ៥០-៥០ ឥឡូវ​ងាក​មក​វិធី​អូស​ទាញ​របស់​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag ទៅ​លើ​ស្លាប​ប្រយុទ្ធ​ជប៉ុន​វិញ​ម្តង គឺ​បាន​ដាក់​សំណើ​សន្យា​នឹង​ផ្តល់​ជូន​ប្រាក់​ឈ្នួល​ឡើង​គុណ​ជា ៧ ធៀប​នឹង​ប្រាក់​ទទួល​បាន​សព្វថ្ងៃ​នៅ​ Sociedad។

នេះ​មាន​ន័យ​ថា បច្ចុប្បន្ន​ភាព​ដែល​ទទួល​បាន​ត្រឹម ៣៣ ២០០ ផោន/សប្តាហ៍ ក៏​នឹង​ដំឡើង​ដល់ ២៣០ ០០០ ផោន/សប្តាហ៍។ ហ្នឹង​ហើយ​មិន​ខុស​ទេ ត្រឹម​អាយុ ២២ ឆ្នាំ គិត​តែ​ប្រាក់​លើ​ទីលាន​មួយ​អាទិត្យ​រក​បាន​ជិត ៣០ មុឺន​ដុល្លារ​អាមេរិក។

ឥឡូវ​យើង​នឹង​រង់ចាំ​មើល​ការ​សម្រេច​ចិត្ត​របស់ Kubo ផ្ទាល់ ថា​គេ​នឹង​រំអុក​ក្លឹប​ចាកចេញ ដើម្បី​ចាប់​ឱកាស​តួ​ឯក​ធំ​នៅ Old Trafford ឬ​បែប​ណា? រំឭក​ឲ្យ​បងប្អូន​ដឹង កីឡាករ​ជប៉ុន​ចុងក្រោយ​បង្អស់​ឈរ​ជើង​ឲ្យ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Manchester ខាង​លើ គឺ​ជា Shinji Kagawa ចន្លោះ​រដូវ​កាល ២០១២ ដល់ ២០១៤៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT