ហែល​ពាន​ផ្អៀង​កំណត់ត្រា​ទាំង​គ្រូ​សិស្ស ជា​ពិសេស​ Julian Alvarez អស់​មាន​អ្នក​ធៀប​ត្រឹម​អាយុ ២៣ ឆ្នាំ

​កក្រើក​កីឡដ្ឋាន​នៅ​ឯ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​យប់មិញ ​បន្ទាប់​ក្លឹប​សំពៅ​មាស Manchester City ផ្តល់​មេរៀន​មួយ​ចាស់​ដៃ ៤-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ យក​ឈ្នះ​ទៅ​លើ​ក្លឹប​ប្រេស៊ីល Fluminense សម្រេច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក FIFA Club World Cup ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ពួក​គេ។

មាន​រឿងរ៉ាវ​ច្រើន​ដែល​ត្រូវ​ជជែក ​ជា​ពិសេស​តួ​លេខ​កំណត់ត្រា​ហូហែរ​សម្រេច​បាន​ទាំង​សម្រាប់​កីឡាករ អ្នកចាត់ការ រួម​ក្លឹប​ទាំង​មូល​ផង​ដែរ បន្ទាប់ City ​ត្រៀម​ដាំ​ស្លាក​មាស តំណែង​ជើង​ឯក​នៅ​លើ​អាវ ជាមួយ​ប្រាក់​រង្វាន់ ៤ លាន​ផោន។

ដំបូង​បំផុត​សូម​និយាយ​ពី Manchester City ដែល​ពួក​គេ​បាន​ក្លាយ​ជា​ក្លឹប​អង់គ្លេស​ទី ១ ត្រូវ​កត់ត្រា​ទុក នាម​ជា​ម្ចាស់​ជើង​ឯក ៥ ពាន​រង្វាន់​ផ្សេង​គ្នា ក្នុង​កំឡុង​ឆ្នាំ​តែ​មួយ។ ជា​ការ​ពិត ២០២៣ នេះ ក្លឹប​ម្ចាស់ដី Etihad បាន​ឈ្នះ​ពាន Premier League, Champions League, FA Cup, UEFA Super Cup និង FIFA Club World Cup។

មួយ​ទៀត​សោត​ក៏​បាន​ក្លឹប​ខាង​លើ ចូលរួម​បង្គ្រប់​កំណត់ត្រា​ថ្មី​រុញ​ឲ្យ Premier League ជា​ក្របខ័ណ្ឌ​តែ​មួយ​គត់​ក្នុង​លោក អាច​មាន​ក្លឹប​តំណាង​ដល់​ទៅ ៤ ឈ្នះ​ជើង​ឯក​ពាន​លំដាប់​ពិភពលោក ដោយ​អតីត​កាល Man United ឈោង​បាន​នៅ ឆ្នាំ ២០០៨ Liverpool ឆ្នាំ ២០១៩ Chelsea ឆ្នាំ ២០២១ និង Man City ឆ្នាំ ២០២៣។

ឥឡូវ​ចូល​ទៅ​កំណត់ត្រា​អ្នកចាត់ការ​លោក Pep Guardiola វិញ ត្រង់​គ្រូ​សញ្ជាតិ​អេស្ប៉ាញ​រាប់​ថា​ជោគជ័យ​មិន​គួរ​ឲ្យ​ជឿ នៅ​ល្បាក់​ពេលវេលា​ចុងក្រោយ​នៃ​សុពលភាព​កុងត្រា​ត្រៀម​ផុត​នៅ​ ១៨ ខែ​បន្ទាប់។ Guardiola អាច​កត់​ឈ្មោះ​ខ្លួន ទៅ​ក្នុង​កំណត់ត្រា​អ្នកចាត់ការ​ដំបូង ដឹកនាំ​ក្លឹប​ឈ្នះ​ជើង​ឯក CWC ៤ សម័យ​ផ្សេង​គ្នា នេះ​លោក​ធ្លាប់​ធ្វើ​បាន កាល​នៅ​អ្នក​មាន​បុណ្យ Barcelona ២០០៩&២០១១ នៅ​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ២០១៣ និង​ចុងក្រោយ​ថ្មីថ្មោង​ជាមួយ​ City។

មុន​ចូល​ទៅ​ដល់​កូន​ពីងពាង​តូច​អាហ្សង់ទីន CTS SPORTS សូម​ច្បិច​រឿង Rodri ​មក​ចែករំលែក​បន្តិច ត្រង់​គេ​ក៏​បាន​ចារ​កំណត់ត្រា​ធំ​មួយ​ដែរ នៅ​ឆ្នាំ ២០២៣ ពោល​ក្លាយ​ខ្លួន​ជា​បុគ្គល​តែ​មួយ​គត់ អាច​ឈ្នះ​នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ នៅ Champions League Player of the Season, UEFA Nations League និង Club World Cup Player of the Tournament។ បន្ត​ពី​នេះ​ដែរ គេ​ក៏​ជា​កីឡាករ​ទី ៣ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ឈ្នះ UCL Final MOTM និង CWC Player of the Tournament នៅ​ឆ្នាំ​តែ​មួយ បន្ទាប់​តែ​ពី Lionel Messi ធ្វើ​បាន​ក្នុង​ឆ្នាំ ២០១១ និង Gareth Bale នៅ​ឆ្នាំ​ ២០១៨។

ចុងក្រោយ​គឺ​តួ​ឯក Alvarez ​មិន​ធ្លាប់​មាន​ទេ​ក្នុង​លោក​យើង ទើប​តែ​អាយុ ២៣ ឆ្នាំ នេះ​គេ​អាច​ឈ្នះ​គ្រប់​ពាន​រង្វាន់​ទាំង​អស់​បាត់​ទៅ​ហើយ​ជាមួយ​ក្លឹប​និង​ជម្រើស​ជាតិ ពោល​បើ​យើង​មិន​រាប់​ពាន​ឯកត្តជន​ធំៗ។ តួ​យ៉ាង​គឺ FIFA World Cup, Copa America, Finalissima, Champions League, UEFA Super Cup, Club World Cup, Premier League, FA Cup, Copa Libertadores, Argentina Primera Division, Copa Argentina, Supercopa Argentina, Trofeo de Campeones និង Recopa Sudamericana។

ពិសេស​មួយ​ទៀត​សោត ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ខាង​លើ ក៏​ជា​កីឡាករ Premier League តែ​មួយ​គត់ អាច​រក​បាន​គ្រាប់​បាល់​នៅ​ក្របខ័ណ្ឌ ៦ ផ្សេង​គ្នា ដូច​មាន​នៅ PL, FA Cup, League Cup, Champions League, Community Shield និង Club World Cup នោះ​ឯង៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT