រង្គើ​ទ្វីប! នេះ ៣ ចំណុច​ត្រូវ​ដឹង​មុន Fluminense ជួប Man City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Club World Cup

គ្នា​យើង​មួយ​ចំនួន​នៅ​អត់​ទាន់​បាន​ស្គាល់​ច្បាស់​ទេ លុះ​ដល់​ថ្ងៃ​ប្រកួត​ក៏​ចេះ​តែ​តាម​គេ​តាម​ឯង ពាក់ព័ន្ធ​នឹង​ពាន​រង្វាន់​ FIFA Club World Cup។ នេះ​ជា​ការ​ប្រកួត​សម័យ​កាល​ទី ២០ ក្នុង​ព្រឹត្តិការណ៍​រៀបចំ​ឡើង​ដោយ FIFA ហើយ​កុំ​ច្រឡំ វា​មិនមែន​ជា World Cup ​ប្រកួត​រវាង​ប្រទេស​ទល់​ប្រទេស បែរ​មក​វិញ គឺ​ជា​ការ​ប្រជែង​រវាង​ក្លឹប ចម្រាញ់​ចេញ​ពី​ទ្វីប​នៃ​សហព័ន្ធ​បាល់ទាត់​ទាំង ៦ ក៏​ដូច​គ្នា​នឹង​ក្លឹប​តំណាង​នាម​ជា​ម្ចាស់ផ្ទះ។

សមាសភាព​នៃ​ក្លឹប​ចូលរួម​ទាំង ៧ ក្នុង​ឆ្នាំ​នេះ មាន​ដូច​ជា៖

Fluminense តំណាង​សហព័ន្ធ​អាមេរិក​ខាង​ត្បូង CONMEBOL មាន​ឈ្មោះ​ជា​ម្ចាស់​ជើង​ឯក Copa Libertadores 2023
Manchester City តំណាង​សហព័ន្ធ​អឺរ៉ុប UEFA មាន​ឈ្មោះ​ជា​ម្ចាស់​ជើង​ឯក UEFA Champions League 2022/23
Al Ahly ក្លឹប​មក​ពី​អេហ្សីប តំណាង​សហព័ន្ធ​អាហ្វ្រិក CAF មាន​ឈ្មោះ​ជា​ម្ចាស់​ជើង​ឯក CAF Champions League 2022/23
Leon ក្លឹប​មក​ពី​ម៉ិកស៊ីកូ តំណាង​សហព័ន្ធ​អាមេរិក​ខាង​ជើង កណ្តាល និង​ការីប៊ៀន ​មាន​ឈ្មោះ​ជា​ម្ចាស់​ជើង​ឯក CONCACAF Champions League 2023
Urawa Red Diamons ក្លឹប​មក​ពី​ជប៉ុន តំណាង​សហព័ន្ធ​អាស៊ី AFC មាន​ឈ្មោះ​ជា​ម្ចាស់​ជើង​ឯក AFC Champions League 2022
Al Ittihad ក្លឹប​តំណាង​ម្ចាស់ផ្ទះ​អារ៉ាប៊ីសាអូឌីត ជា​ម្ចាស់​ជើង​ឯក Saudi Pro League 2022/23
Auckland City ក្លឹប​មក​ពី​អូស្ត្រាលី តំណាង​សហព័ន្ធ​អូស្យានី OFC មាន​ឈ្មោះ​ជា​ម្ចាស់​ជើង​ឯក OFC Champions League 2023

ជម្រុះ​ចម្រាញ់​ច្រើន​តង់​ក៏​សម្រេច​រក​បាន ២ ក្លឹប​ចុងក្រោយ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ត្រូវ​ប្រកួត​នា​វេលា​ម៉ោង ០១:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​សៅរ៍ ទី ២៣ ធ្នូ ម្ល៉េះ​ក៏​កុំ​ភ្លេច​ចុច Follow ទំព័រ CTS SPORTS ទុក​ម្នាក់​មួយ ដើម្បី​ទទួល​បាន​លីង​ទស្សនា​យ៉ាង​ឆាប់​រហ័ស ច្បាស់​ដាច់​គេ​បំផុត។ យើង​បង្ហាញ​ ៣ ចំណុច​ដែល​អ្នក​គួរ​តែ​ដឹង៖

៣) ប្រាក់​រង្វាន់​ពាន FIFA Club World Cup

​នៅ​ល្បាក់​ចុង​សប្ដាហ៍​ខាង​មុខ ប្រាក់​រង្វាន់​ខ្ទង់​លាន​កំពុង​រង់ចាំ​ក្លឹប​ទាំង​ពីរ ត្រង់​តំណែង​ជើង​ឯក នឹង​ទទួល​បាន ៤ លាន​ផោន ឬ​ប្រមាណ ៥,០៦ លាន​ដុល្លារ ខណៈ​តំណែង​ជើង​ឯក​រង នឹង​ទទួល​បាន ៣ លាន​ផោន ឬ​ប្រមាណ ៣,៨០ លាន​ដុល្លារ។ ជាមួយ​គ្នា​នោះ ក្លឹប​ឈរ​ចំណាត់ថ្នាក់​លេខ ៣ និង​លេខ ៤ ក៏​ទទួល​បាន ២,៥៣ និង ១,៩០ លាន​ដុល្លារ​ផ្សេង​ទៀត​ដែរ។

២) ជា​គូ​ប្រជែង​ដែល​មិន​ធ្លាប់​ជួប​គ្នា​សោះ

ជា​ការ​កត់ត្រា​ប្រវត្តិសាស្រ្ត​ហើយ​បងប្អូន សម្រាប់​ជំនួប​សារ​នេះ ត្រង់ Fluminense ចាប់​តាំង​ការ​បង្កើត​ក្លឹប គឺ​អត់​ដែល​ប៉ះ​គ្នា​ទល់ Manchester City សូម្បី​ម្តង។ វា​ក៏​មិនមែន​ជា​រឿង​អ្វី​ត្រូវ​ងឿងឆ្ងល់​ច្រើន​ដែរ ព្រោះ​ក្លឹប​ទាំង​ពីរ ស្ថិត​នៅ​ទ្វីប​មួយ​ចំហៀង​ម្នាក់​ដាច់​ដោយ​ឡែក។ រំឭក​ស្ថិតិ​នៅ​ព្រឹត្តិការណ៍​សារ​នេះ Flumiense បាន​យក​ឈ្នះ Al-Ahly ២-០ ខណៈ City យក​ឈ្នះ Urawa Red Diamonds ៣-០ កាល​ពី​វគ្គ​មុន។

១) បទពិសោធន៍​ដំបូង​ដូច​គ្នា

ក្លឹប​ទាំង​ពីរ ក៏​ទើប​តែ​ភ្លក់​រសជាតិ​ឡើង​មក​ពាន Club World Cup ជា​លើក​ដំបូង​ដូច​គ្នា​នៅ​ឆ្នាំ ២០២៣។ ដូច្នេះ​បើ​ខាង​ណា​មួយ​ឈ្នះ​ពាន នោះ​ក៏​នឹង​សាង​កំណត់ត្រា​ទៀត​ហើយ ត្រង់​ជា​ពាន​ថ្មី​សន្លាង​ឥត​ធ្លាប់​សម្រេច។ ងាក​មក​ការ​ទស្សន៍ទាយ​របស់ CTS SPORTS ថា​គូ​នេះ Man City នឹង​ដាក់​ពេញ​ជើង​លេង​យក​ឈ្នះ ២-១ ទៅ​លើ​ក្លឹប​ស្ទើរ​ធនធាន​របស់​ប្រេស៊ីល​ Flumiense។ ទោះ​បើ​អាច​ទប់​ស្មើ ៩០ នាទី ក៏​ City នឹង​ជា​អ្នក​ស៊ុត​ប៉េណាល់ទី​យក​ឈ្នះ​ដែរ។ ចុះ​យោបល់​របស់​គ្នា​យើង​វិញ?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT