របស់​តូច​មួយ​ដែល​ Ronaldo បោះ​ចោល ​ចុងក្រោយ​ក្លាយ​ជា​វត្ថុ​ទិព្វ​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​តូច​ដោយ​ជោគជ័យ

​របស់​ខ្លះ​វា​មិន​មាន​តម្លៃ​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​មួយ​ចំនួន តែ​ធាតុ​ពិត​យើង​អាច​កែច្នៃ​របស់​នោះ ទៅ​ជា​​វត្ថុ​ទិព្វ មាន​តម្លៃ​រាប់​សិប​មុឺន ហើយ​ក៏​អាច​ជា​ចំណែក​សង្គ្រោះ​ជីវិត​មនុស្ស​លោក​យើង​ផង​ដែរ។ ជាក់ស្តែង​ដូច​ស្លាក​ដៃ​ប្រធាន​ក្រុម​ដែល Cristiano Ronaldo បាន​គប់​គ្រវែង​វា​ចោល​ទៅ​លើ​វាល​ស្មៅ នៅ​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម FIFA World Cup ២០២២ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មុន ឥឡូវ​ពេល​នេះ បាន​សម្រេច​កើត​ជា​របស់​មាន​គុណ​ជួយ​ដល់​ជីវិត​ក្មេង​ប្រុស​តូច។

ដំណើរ​ដើមទង​គឺ​កើត​ឡើង​នៅ​ការ​ប្រកួត​ស្មើ ២-២ រវាង​ជម្រើស​ជាតិ​ស៊ែប៊ី ទល់​ព័រទុយហ្គាល់ កាល​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ២ ក្នុង​ពូល A នៅ​ចុង​ខែ​មិនា ឆ្នាំ ២០២១។ ត្រង់​ប្រកួត​នោះ ដែល​មិន​ប្រើប្រាស់​បច្ចេកវិទ្យា Goal line technology គ្រាប់​បាល់​របស់ Ronaldo ដែល​ត្រូវ​បាន​គេ​សារ​ចុះ​ឡើង​ម្តង​ហើយ​ម្តង​ទៀត ឃើញ​ថា​ពិត​ជា​បាន​ចូល​ទី​ឆ្លង​ផុត​គំនូស​ខ្សែ​បន្ទាត់ មុន​ខ្សែ​ការពារ Stefan Mitrovic មក Clear ចេញ។

យ៉ាង​ណា​ចំណាត់ការ​របស់​អាជ្ញាកណ្តាល​បែរ​ជា​មិន​ផ្តល់​ឲ្យ នាំ​ឲ្យ CR7 កើត​ការ​ខឹង​សម្បា​ជា​ខ្លាំង ព្រោះ​ប្រកួត​នោះ​ក្រុម​ត្រូវ​យក​បាន ៣ ពិន្ទុ បែរ​ជា​មិន​អាច​ទៅ​វិញ។ ចប់​ការ​ប្រកួត Ronaldo ដើរ​ចេញ​ទាំង​កាយវិការ​មិន​ពេញ​ចិត្ត រួច​ក៏​គ្រវែង​ស្លាក​ដៃ​ Captain ចោល​ទៀត​ផង។

របស់​អត់​តម្លៃ​ចោល​ដោយ​ភាព​ខឹង​សម្បា​ចេញ​ពី​ដៃ Ronaldo បាន​ប្រែ​ក្លាយ​ជា​របស់​ទិព្វ បន្ទាប់​ជន​សាមញ្ញ​ជា​អ្នក​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​ម្នាក់​រើស​យក​វា​ឡើង និង​ប្រកាស​ដាក់​ដេញ​ថ្លៃ​នៅ​លើ Online លក់​បាន​ដល់​តម្លៃ ៧៥ ០០០ ដុល្លារ។

ហ្នឹង​ហើយ​បងប្អូន​យើង​ស្តាប់​អត់​ច្រឡំ​ទេ គឺ ៧៥ ០០០ ដុល្លារ ជា​ការ​ចំណាយ​របស់​អ្នក​ដែល​ចង់​បាន​ស្លាក​ប្រធាន​ក្រុម Ronaldo គ្រវាត់​ចោល​លើ​វាល​ស្មៅ។ ប្រាក់​ទាំង​អំបាលម៉ាន ត្រូវ​បាន​ផ្តល់​ជូន​ទៅ​កាន់​ក្រុម​គ្រួសារ​នៃ​ក្មេង​តូច​អាយុ ៦ ខែ ​ជនជាតិ​ស៊ែប៊ី ឈ្មោះ Gavrilo Djurdjevic ​កើត​ជំងឺ​ឆ្អឹង​ខ្នង​ពី​កំណើត ទាមទារ​ការ​វះកាត់​បន្ទាន់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ​បន្ទាប់​សារព័ត៌មាន​ធំៗ​ទូទាំង​សកលលោក​ចុះផ្សាយ​ពាក់ព័ន្ធ​ដំណើរ​រឿង​ដ៏​គួរ​ឲ្យ​គោរព ក៏​មាន​សប្បុរសជន​ជា​ច្រើន​ផ្សេង​ទៀត ចូលរួម​ជា​ថវិកា​ជួយ​បន្តបន្ទាប់​ដល់​ក្មេង​កម្សត់​ខាង​លើ បាន​ប្រាក់​ដល់ ៥៨៧ ៩០០ ដុល្លារ។ វា​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​វះកាត់ និង​សម្រាល​បន្ទុក​មួយ​ចំនួន ដល់​ទី​បំផុត Gavrilo ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សង្គ្រោះ និង​អាច​រស់រាន​មាន​ជីវិត​ជាមួយ​កាយសម្បទា​ពេញ​លក្ខណៈ​ដូច​ជា​ក្មេង​ដទៃ។

រឿងរ៉ាវ​នេះ ​ត្រូវ​បាន​ពិភពលោក និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ភាគ​ធំ បាន​មាន​ការ​សាទរ​ជា​ពន់ពេក ដល់​ខ្លះ​ដែល​ធ្លាប់​តែ​ស្រែក​ចំអក ស្រែក​រិះគន់ Ronaldo ក៏​បែរ​ជា​ប្តូរ​ចិត្ត​មក​ស្រលាញ់​គាំទ្រ និង​គោរព​ចំពោះ​ស្តេច​បាល់ទាត់​ព័រទុយហ្គាល់វិញទៀតផង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT