ក្មេង​ចាស់​យក​ទាំង​អស់​ឲ្យ​តែ​ខ្លាំង ​ប្រធាន SPL ប្រកាស​ឆន្ទៈ​ចង់​បាន​កំពូល​កីឡាករ ៤ រូប​នេះ​ទៀត

បើ​ទោះ​បី​សព្វថ្ងៃ​ Saudi Pro League មាន​បណ្តុំ​កីឡាករ​លំដាប់​កំពូល​ច្រើន​រូប​ហើយ​ក៏​ដោយ តែ​ផែនការណ៍​អនាគត​ហាក់​មិន​ទាន់​បញ្ចប់​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ ដោយ​ចក្ខុវិស័យ​ខ្នាត​យក្ស នៅ​តែ​សម្លឹង​ឆ្ងាយ កាយ​ឲ្យ​ជ្រៅ​បន្ថែម​ទៀត ដើម្បី​បង្កើន​សក្ដានុពល​ប្រជាប្រិយភាព​កាន់​តែ​ធំធេង​ឡើង។

ជាក់ស្តែង​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ជាន់​ខ្ពស់​ក្របខ័ណ្ឌ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត លោក Michael Emenalo ​ក៏​ជា​អតីត​នាយក​ចាត់ការ​ផ្នែក​បច្ចេកទេស​នៅ​ក្លឹប Chelsea ចន្លោះ​ឆ្នាំ ២០១១ និង ២០១៧ ​បាន​អះអាង​អំពី​មហិច្ឆតា ចង់​បាន​កីឡាករ​លំដាប់ World class ៤ រូប​បន្ថែម ក៏​រួម​ទាំង​ឈ្មោះ​ស្តេច​ពពែ​អាហ្សង់ទីន Lionel Messi។

ប្រាប់​ទៅ​ប៉ុស្តិ៍ Sky Sports៖ “កីឡាករ​ដូច​ជា Mohamed Salah, Lionel Messi, Karim Benzema, Cristiano Ronaldo ក៏​ដូច​ជា Kevin de Bruyne ឲ្យ​តែ​ពួក​គេ​ទំនេរ យើង​ពិត​ជា​ចាប់​អារម្មណ៍​ស្តាប់​សំណើ​ទាំង​ឡាយ យ៉ាង​ណា​យើង​ក៏​យល់​អំពី​ស្ថានភាព Salah ដែល​គេ​កំពុង​រីករាយ​នៅ Liverpool យើង​ក៏​គោរព​ចំពោះ​ស្ថានភាព​នេះ​ដែរ ពោល​មិន​ចង់​ដើរ​ហួស​ខ្សែ​បន្ទាត់ ដាក់​សម្ពាធ​ទៅ​ដល់​គេ​ឡើយ”។

លោក​បន្ត៖ “តែ​យ៉ាង​ណា​បើ​មាន​ឱកាស Mo Salah គឺ​ពិត​ជា​កីឡាករ​ដែល​យើង​ចង់​បាន​មក​ចូលរួម​នៅ​លីគ​នេះ ឆន្ទៈ​របស់​យើង​គឺ​ច្បាស់ ហើយ​កីឡាករ​ទាំង​អស់​ក៏​ដឹង​ច្បាស់​ថា​ពួក​យើង​សព្វថ្ងៃ​ស្ថិត​នៅ​កម្រិត​ណា ដូច​គ្នា​ទៅ​ថ្ងៃ​អនាគត​យើង​ក៏​មិន​ច្រាន​ចោល​ឱកាស​នាំ​យក Kylian Mbappe នោះ​ដែរ”។

ក្រឡេក​ទៅ​មើល​អនាគត​អ្នក​ទាំង ៤ បន្តិច ដូច Salah គេ​សេសសល់​កុងត្រា​រយៈ​ពេល​យូរ ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ខណៈ​លទ្ធភាព​ផ្ទេរ​ចេញ​នៅ​ខែ​មករា​ខាង​មុខ គឺ​មាន​ទាប ហើយ​បើ​ចែក​ផ្លូវ​មែន​នោះ Liverpool ក៏​មិន​បណ្តោយ​ឲ្យ​របូត​ក្រោម​តម្លៃ​ខ្លួន ១០០ លាន​អឺរ៉ូ​ជា​ដាច់​ខាត។ រី​ឯ​ទំហំ​ប្រាក់​ឈ្នួល​អាច​ទទួល​បាន ធានា​ឲ្យ​មិន​ក្រោម​កម្រិត Karim Benzema ឬ​អាច​ចូល​ប្រហាក់ប្រហែល​នឹង Cristiano Ronaldo។

ងាក​ទៅ​គ្រូ​គណិត KDB អនាគត​ក៏​មិន​ប្រាកដប្រជា​ជាមួយ Man City ដោយ​ចចាមអារ៉ាម​សព្វមួយដង​ល្ហៀងៗ Al-Nassr និង Al-Ittihad ពិត​ជា​ចង់​ថ្ពក់​យក។ កត្តា​របួស​ញាំញី កត្តា​អាយុ​កាន់​តែ​ជ្រេ ក៏​ជឿ​ថា កីឡាករ​បែលហ្សិក​អាច​នឹង​ឈាន​ដល់​ផ្លូវ​បែក​នៅ​ភាគរយ​ខ្ពស់។
អំពី​ស្ថានភាព Messi វិញ បើ​អាច​ផ្ទេរ​មក Saudi Pro League ក៏​ពិត​ជា​កក្រើក ត្រង់​មាន​ន័យ GOAT ទាំង​ពីរ រួម​គ្នា​នៅ​លីគ​កំពូល​តែ​មួយ តែ​មើល​ទៅ​ទំនាក់ទំនង​សព្វថ្ងៃ​រវាង​តារា​ឆ្នើម​អាហ្សង់ទីន និង​ក្លឹប​អាមេរិក Inter Miami គឺ​ពិត​ជា​ពិបាក​នឹង​បំបែក។

ចុងក្រោយ​កូន​អណ្តើក​តូច​បារាំង Mbappe ​មើល​មិន​ឃើញ​ថា​មិន​ត្រូវ ដ្បិត​សល់​កុងត្រា​ត្រឹម​បញ្ចប់​រដូវ​កាល​ខាង​មុខជាមួយ PSG ហើយ​ជា​ការ​ពិត​ក្លឹប​កំពូល​ធំៗ​នៅ​អឺរ៉ុប មិន​បាន​បោះបង់​ឱកាស​សារ​នេះ​ទេ។ តែ​យ៉ាង​ណា​នៅ​ទី​បញ្ចប់ លុយ​ពិត​ជា​អាច​ផ្លាស់ប្ដូរ​អ្វីៗ​គ្រប់​យ៉ាង​ រួម​ទាំង​ឆន្ទៈ​កីឡាករ​វ័យ​ក្មេង​ពោរពេញ​ដោយ​ទេពកោសល្យ​មួយចំនួនផង​ដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT