គ្រូកម្ពុជានិយាយថា ” យើងបានខំប្រឹងហើយ ប៉ុន្តែវៀតណាមគឺពិតជាខ្លាំងណាស់ “

ថ្លែងនៅក្នុងសន្និសីទក្រោយចប់ការប្រកួតនៅឯកីឡដ្ឋាន My Dinh ដែលកម្ពុជា រងបរាជ័យ ជាលើកទី៣ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 គ្រូបង្វឹកលោក Félix Agustín González Dalmás បានអះអាងថា ក្រុមរបស់ខ្លួនបានខិតខំប្រឹងអស់ពីលទ្ធភាពហើយ ប៉ុន្តែគឺដោយសារតែវៀតណាម ខ្លាំងជាង ។លោក Félix Agustín González Dalmás និយាយថា៖ ” ខ្ញុំពិតជាមានមោទនភាព ចំពោះកីឡាករកម្ពុជាដែលលេងទល់នឹងបេក្ខភាពជើងឯក យើងបានព្យាយាមទប់ស្កាត់ពួកគេ តែពួកគេពិតជារឹងមាំ និងមានឥទ្ធិពល ” ។

ក្រៅពីនោះផងដែរ លោកក៏បានបន្តថា ” នេះគឺគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះសម្រាប់បាល់ទាត់កម្ពុជា សង្ឃឹមថាថ្ងៃនេះ ប្រជាជនកម្ពុជា នឹងមានមោទនភាពចំពោះអ្វីដែលយើងបានបង្ហាញក្នុងពានរង្វាន់មួយនេះ ។ ម្យ៉ាងវិញទៀត បើប្រៀបធៀបទៅនឹងបាល់ទាត់វៀតណាម កម្ពុជានៅតែត្រូវការពេលវេលាយូរទៀតដើម្បីទៅដល់ ” ។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ៤លើក នៅ Suzuki Cup 2018 របស់កម្ពុជា គឺបរាជ័យ ៣ និង ឈ្នះ ១ ជាលទ្ធផលដែលល្អជាងកាលពី ២ឆ្នាំមុន ដែលបរាជ័យទាំង ៣ប្រកួត ( មួយពូលមាន ៣ក្រុមប៉ុណ្ណោះ ) ។ តទៅនេះ កីឡាករជម្រើសជាតិទាំងអស់ នឹងត្រូវរំសាយត្រឡប់ចូលក្លិបអាជីពរបស់ពួកគេវិញរៀងៗខ្លួន បន្ទាប់ពីមកដល់ប្រទេសកម្ពុជា ៕

ប្រភព៖ CTS Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT