ប្តូរពី​កីឡាករ​គេ​លែង​មើល ឥឡូវ​ Greenwood មក​រង្គើ​ដី​អឺរ៉ុប​ជា​ថ្មី ដល់​ក្លឹប​ធំ​តូច​ហូរហែ​ចង់​បាន

បន្ទាប់​ខកខាន​ជាន់​ទីលាន​បាល់ទាត់ ១៨ ខែ Mason Greenwood ក៏​ទទួល​បាន​ពេលវេលា​អភិវឌ្ឍ​ខ្លួន​ជា​ថ្មី ហើយ​ការ​ខិតខំ​របស់​គេ ពិត​ជា​ឆ្លើយតប​លទ្ធផល​មក​វិញ​សមប្រកប​ដូច​ចិត្ត​ចង់​បាន តែ​មិនមែន​ជាមួយ​ក្លឹប​អាណាព្យាបាល Manchester United ផ្ទុយ​ទៅ​វិញ គួរ​តែ​អរគុណ​ក្លឹប​ខ្ចី​ជើង Getafe នៅ​ឯ​ប្រទេស​អេស្ប៉ាញ​ដែល​ផ្តល់​ឱកាស។

ជា​ការ​ពិត​ថយ​ក្រោយ​ទៅ​ជិត ២ ឆ្នាំ​មុន បណ្តា​ក្លឹប​តូច​ធំ​ទាំង​អស់ ពិត​ជា​ញញើត​នឹង​ទៅ​ចរចា​រវាង​កីឡាករ​អង់គ្លេស ក្រោយ​ពាក់ព័ន្ធ​រឿង​អាស្រូវ​ហិង្សា​លើ​មិត្ត​ស្រី តែ​ងាក​មក​ថ្ងៃ​នេះ គេ​បែរ​ក្លាយ​ជា​កីឡាករ​ដែល​គ្រប់​ក្លឹប​ធំ​តូច​ចង់​បាន ហើយ Getafe ក៏​នឹង​ទទួល​ផល​ចំណេញ​ពី​ការ​ផ្ទេរ​ខាង​មុខ​ដែរ។

ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ ស្ថិត​ក្នុង​សុពលភាព​លក្ខខណ្ឌ​ខ្ចី​ជើង​ឲ្យ​ក្លឹប​នៅ La Liga រយៈ​ពេល​មួយ​រដូវ​កាល​ពេញ ខណៈ ១៣ ប្រកួត​បង្ហាញ​ខ្លួន​កន្លង​មក គេ​ចូលរួម​ចំណែក​រក​បាន ៤ គ្រាប់ Assist ៣ ហៅ​ជា​សមិទ្ធផល​ធំ​មួយ​ហើយ សម្រាប់​កីឡាករ​ខកខាន​ចូល​ទីលាន​រាប់​ខែ​នោះ។ ខណៈ​នេះ Getafe ក៏​រំកិល​ពិន្ទុ​មក​ឈរ​ចំណាត់ថ្នាក់​ទី ៩ នៅ​តារាង​លីគ​កំពូល​អេស្ប៉ាញ។

បើ​តាម​របាយការណ៍ talkSPORT ចុះ​ផ្សាយ ក្លឹប​រួម​លីគ​តែ​មួយ Barcelona, Atletico Madrid, Valencia, Real Sociedad ក៏​មាន​ទាំង​ក្លឹប​ក្រៅ​តំបន់​នៅ​ឯ​អ៊ីតាលី Lazio ហើយ​ក្លឹប​ធំ​តូច​មួយ​ចំនួន​ផ្សេង​ទៀត​នៅ Premier League សុទ្ធ​បាន​បញ្ជូន​ភ្នាក់ងារ​ឃ្លាំ​មើល ឲ្យ​មក​សិក្សា​លម្អិត​អំពី​លទ្ធភាព​នាំ​យក​កីឡាករ​វ័យ ២២ ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា គេ​ជឿ​ថា គ្រប់​យ៉ាង​វា​នឹង​មិន​អាច​សម្រេច​ទៅ​បាន​នៅ​ខែ​មករា ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ​ឡើយ តែ​បើ​បញ្ចប់​រដូវ​កាល ចូល​រដូវ​ក្តៅ ឆ្នាំ ២០២៤ នោះ​ទើប​អាច។

ចម្លើយ​របស់​សាមី​ខ្លួន ក៏​មាន​ការ​ចុះ​ផ្សាយ​ថា Greenwood មិន​គិត​ការ​ត្រលប់​ទៅ​ក្លឹប​ម្ចាស់ដី Old Trafford វិញ​ទេ បើ​ទោះ​បី​សល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​ផ្ទុយ​ស្រឡះ​មក​វិញ កីឡាករ​នឹង​រំអុក​ក្លឹប​សុំ​យក​ផ្លូវ​បែក ​ក្នុង​លក្ខខណ្ឌ​អចិន្ត្រៃយ៍ ទៅ​ផ្តើម​ជីវិត​ថ្មី នៅ​ទ្រនំ​បន្ទាប់​តែ​ម្តង បើ​មិន Getafe ដដែល ក៏​ជា​ក្លឹប​ដទៃ​ផ្សេង​ទៀត។

ដល់​ងាក​ទៅ​ក្លឹប​មេ​របស់ Greenwood ឯ​ណោះ តាម​ដំណឹង​ល្ហិចល្ហៀង​បាន​ដាក់​តម្លៃ​ខ្លួន​កីឡាករ​ចន្លោះ ២០ ទៅ ២៥ លា​នអឺរ៉ូ ឬ​ប្រហាក់ប្រហែល ១៨ ទៅ ២១ លាន​ផោន។ ​យ៉ាង​ណា ជោគជ័យ​ការ​លក់​ចេញ​ទាំង​ឡាយ​នៅ​វេលា​ខាង​មុខ ដូច​ក្នុង​ខ​សន្យា​គឺ Man United ត្រូវ​ផ្តល់​ភាគលាភ ២០ ភាគរយ ជូន​ទៅ​កាន់ Getafe ជា​ថ្នូរ​នៃ​ការ​មើល​ថែ អភិវឌ្ឍ ដុសខាត់​យុវជន​ជំនាញ​ជើង​សង​ខាង មិន​ថា​ការ​ផ្ទេរ​ទៅ​ក្លឹប​ណា​ក៏​ដោយ។

ដូច្នេះ​មាន​ន័យ​បើ Getafe ទិញ​យក ក៏​ត្រូវ​ចាយ​ត្រឹម ៨០ ភាគរយ​នៃ​តម្លៃ​ខ្លួន Greenwood តែ​បើ​អត់​ទេ ហើយ​របូត​ទៅ​ឲ្យ​ក្លឹប​ដទៃ ក៏​បាន​ចំណូល ២០ ភាគរយ​យ៉ាង​ធូរ​ចូល​ហោប៉ៅ ស្មើ​នឹង​ផល​ចំណេញ​ការ​លក់​ចេញ កីឡាករ​លំដាប់​មួយ​រូប​របស់​ខ្លួន​ទៅ​ហើយ។

ថ្លែង​ចេញ​ពី​ភាគី​ខាង​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Madrid អះអាង​ថា​ សុំ​មិន​ទាន់​សម្រេច​អ្វី​ទាំង​អស់ ព្រោះ​ពេល​នេះ មើល​ទៅ​លឿន​ពេក​ក្នុង​ការ​ដាក់​តម្លៃ​ស្នើ ណា​មួយ​ក៏​រង់ចាំ​មើល​ចំណាត់ការ​ចាត់តាំង​ថ្នាក់​ដឹកនាំ​ថ្មី​របស់​ក្លឹប Man United សិន​ផង​ដែរ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT