សម្ភោធ​ឈុត​ថ្មី Ronaldo ​បន្ថែម​ការ​ស៊ុត​ឥត​ដក​ជើង តែ​កំណត់ត្រា​បង្ហាញ​ខ្លួន នៅ​ចាញ់​បុរស​ម្នាក់​ក្នុង​លោក

មើល​មួយ​ភ្លែត​ស្មាន​តែ​ Manchester City ដឹកនាំ​ក្លឹប​ទៅ​ប្រកួត​នៅ​ដី​អារ៉ាប៊ីសាអូឌីត តែ​ការ​ពិត​ជា​ឈុត​ថ្មី​នៃ​ក្លឹប Al Nassr សោះ ពាក់​នៅ​ប្រកួត​យក​ឈ្នះ ៤-១ ទៅ​លើ Al-Riyadh។ ​ឃើញ​ថា​ទម្រង់​លេង​ក្លឹប​ម្ចាស់ផ្ទះ​ធ្វើ​បាន​ល្អ​ខ្លាំង​នៅ​យប់មិញ ហើយ​ខ្លា​ចាស់​ព័រទុយហ្គាល់ Cristiano Ronaldo ក៏​ចូលរួម​ចំណែក​ធំធេង​ណាស់​ដែរ។

នេះ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Luis Castro ដូច​បត់​តារាង​លេង ត្រង់​គ្រប់គ្រង​បាល់ ៦៧ ភាគរយ ស៊ុត​សរុប ២២ លើក ចំ​គោលដៅ ៨ លើក ធៀប​នឹង​ក្លឹប​ភ្ញៀវ ស៊ុត ១ លើក ចំ​គោលដៅ ១ ជាមួយ​ស្ថិតិ​គ្រប់គ្រង​បាល់​តិច​ត្រឹម​តែ ៣៣ ភាគរយ​ប៉ុណ្ណោះ។

ងាក​ទៅ CR7 ​គឺ​ជា​អ្នក​បញ្ចប់​ទី​គ្រាប់​បាល់​ដំបូង មុន​លើក​បន្តក់​ឲ្យ​មិត្ត​រួម​សញ្ជាតិ​ព័រទុយហ្គាល់ Otavio បន្ថែម​គ្រាប់​បាល់​ទី​ពីរ នៅ​ការ​បិទ​បញ្ចប់​តង់​ទី​មួយ។ ត​ដល់​តង់​ទី​ពីរ ក៏ Ronaldo ហាក់​បង្កើត​ឱកាស​ច្រើន​សារ​ផ្សេង​ទៀត​ដែរ ជា​ពិសេស​ការ​លើក​បាល់​ខ្លី បាល់​វែង ជក់​លេង​មួយ​ទំហឹង តែ​ត្រង់​មិត្ត​រួម​ក្រុម​មិន​អាច​បញ្ចប់​ទី​បាន​សម្រេច។

បន្ត​រហូត​ដល់​នាទី ៦៧ និង ៦៨ ពីរ​គ្រាប់​ជាប់​គ្នា​កើត​ឡើង​រវាង​ក្រុម​សង​ខាង មួយ​ដោយ Talisca និង​មួយ​ដោយ Andre Gray មុន​កៀក​បិទ​តង់​បន្ថែម​មួយ​គ្រាប់​ទៀត​ពី​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ដដែល ​បញ្ចប់​លទ្ធផល ៤-១។

ក្រៅ​តែ​ជ័យជម្នះ​យក​បាន ៣ ពិន្ទុ ​ជំនួប​នេះ​ដែរ ក៏​ជា​ប្រកួត​លើក​ទី ១ ២០០ ក្នុង​អាជីព​កីឡាករ​វ័យ ៣៨ ឆ្នាំ។ ទន្ទឹម​នឹង​ការ​ឈាន​ដល់​តួ​លេខ​កំណត់ត្រា​ថ្មី​សម្រាប់​ខ្លួន​ឯង Ronaldo ក៏​បង្ហោះ​សារ​រៀបរាប់​លើ Instagram យ៉ាង​ដូច្នោះ៖ “៣ ពិន្ទុ​បន្ថែម អរគុណ​សម្រាប់​មិត្ត​រួម​ក្រុម​ដែល​ចូលរួម​ជួយ​ខ្ញុំ​ឈាន​ដល់​ប្រកួត​ទី ១ ២០០ វា​ជា​ដំណើរ​ដ៏​អស្ចារ្យ តែ​យើង​មិន​ទាន់​បញ្ចប់​នោះ​ទេ”។

លម្អិត​ឲ្យ​ជ្រៅ​ទៅ​ក្នុង​តួ​លេខ​ខាង​លើ​បន្តិច វា​កើត​ចេញ​ពី​ការ​ឈរ​ជើង​ឲ្យ​ក្លឹប Sporting ៣១ ប្រកួត Man United ៣៤៦ ប្រកួត Real Madrid ៤៣៨ ប្រកួត Juventus ១៣៤ ប្រកួត Al Nassr ៤៦ ប្រកួត និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ២០៥ ប្រកួត។

ទោះ​យ៉ាង​ណា និយាយ​ដល់​កំណត់ត្រា​ពិភពលោក​គឺ​នៅ​ចាញ់​អតីត​អ្នកចាំទី​អង់គ្លេស​លោក Peter Shilton ដែល​បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​អាជីព​ច្រើន​បំផុត​ដល់​ទៅ ១ ៣៨៧ លើក។

ដោយឡែក​សម្រាប់​គ្រាប់​បាល់​សម្រេច​បាន​វិញ កត់​ចូល​បន្ថែម​ទាំង​យប់មិញ​គឺ​ឈាន​ដល់​តួ​លេខ​ទី ៨៦៨។ ស្ថិតិ​រដូវ​កាល ២០២៣/២៤ កីឡាករ​ជំនាញ​ជើង​ស្តាំ នាំ​មុខ​តំណែង Top Scorer ប្រចាំ​លីគ​មាន​ដល់ ១៦ គ្រាប់ យក​ឈ្នះ​កីឡាករ Aleksandar Mitrovic របស់ Al-Hilal មាន ១៤ គ្រាប់ ខណៈ Top Assister ស្មើ​ជាមួយ Alvaro Medran ចំនួន ៨ Assists ​រួច​បើ​និយាយ​អំពី​ស្ថិតិ Goal+Assists គឺ ២៤ គ្រាប់​ដាច់​គេ មិន​បាច់​រក​អ្នក​ប្រជែង។

គួរ​ឲ្យ​ដឹង​ដែរ​ថា Al-Nassr នៅ​សល់ ៤ ប្រកួត​ទៀត​ក្នុង​ដៃ​មុន​បិទ​បញ្ចប់​ឆ្នាំ ២០២៣ ដោយ​កាលបរិច្ឆេទ​បន្ទាប់​ត្រូវ​ប៉ះ Al-Shabab នៅ​វគ្គ ៨ ក្រុម King Cup of Champions នា​វេលា​ម៉ោង ០១:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​អង្គារ ទី ១២ ​ធ្នូ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS មុន​បន្ត​ទៅ​ជួប Al-Ettifaq, Al-Ittihad និង Al-Taawoun៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT