ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបិទពូល A ទល់នឹងជម្រើសជាតិវៀតណាម នៅម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 នៅកីឡដ្ឋាន My Dinh ខណៈប្រកួតនេះក្រុមម្ចាស់ផ្ទះត្រូវការតែ ១ពិន្ទុ គឺគ្រប់គ្រាន់សម្រាប់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។
តោះ ខាងក្រោមនេះគឺជាស្ថិតិ ០៣ប្រកួតកន្លងមក របស់ក្រុមទាំងពីរ៖
កម្ពុជា បានបើកឆាកប្រកួតក្នុងដីរបស់ខ្លួន ដោយចាញ់ ម៉ាឡេស៊ី ១ ទល់នឹង ០ ។ ៣ថ្ងៃក្រោយមក ពួកគេក៏រងបរាជ័យនៅទឹកដីមីយ៉ាន់ម៉ា ដោយលទ្ធផល ១-៤ ជាការប្រកួតដែលកម្ពុជា នាំមុខ ១គ្រាប់មុននៅវគ្គទីមួយ ដែលពួកគេលេងបានល្អបំផុត ។ ក្រោយសម្រាបរយៈពេល ១សប្តាហ៍នៅក្នុងប្រទេសរបស់ខ្លួន ពួកគេបានត្រៀមខ្លួនយ៉ាងល្អ និងបានយកឈ្នះ ឡាវ ៣ ទល់នឹង ១ ក្នុងនោះ កីឡាករល្អទាំង ៣រូប ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង រកបាន ម្នាក់ ១គ្រាប់ ។
រីឯវៀតណាមវិញ ពួកគេពុំទាន់ស្គាល់បរាជ័យនៅឡើយទេ ពោលគឺបើកឆាកយកឈ្នះឡាវ ៣ ទល់នឹង ០ និងយកឈ្នះម៉ាឡេស៊ី ២-០ ផងដែរ មុនពួកគេចែករំលែក ម្នាក់១ពិន្ទុជាមួយមីយ៉ាន់ម៉ា នៅប្រកួតទី៣ ។ ត្រឹម៣ប្រកួតនេះ វៀតណាម ពុំទាន់របូតគ្រាប់បាល់ នៅឡើយទេ និងពុំទាន់ស្គាល់បរាជ័យថែមទៀតផង ។
គ្រូបង្វឹករបស់វៀតណាម លោក Park Hang-seo បានថ្លែងថា ” ខ្ញុំមិនទាន់ខ្វល់ពីរឿងថា ត្រូវជួប ថៃ ហ្វីលីពីន ឬក្រុមណាមួយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ ព្រោះថាយើងនៅសល់ប្រកួតចុងក្រោយក្នុងពូល ដូចនេះខ្ញុំផ្តោតសំខាន់លើប្រកួតនេះ ” ។
គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នាក្នុងវគ្គជម្រុះពូលនេះម្តងរួចមកហើយកាលពី ២ឆ្នាំមុន ពោលគឺកាលនោះ កម្ពុជា បរាជ័យ ១ ទល់នឹង ២ ប៉ុន្តែស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកផ្សេងគ្នា ទាំងខាងកម្ពុជា និងវៀតណាម ៕