កាលពីមុនផ្ទេរមកក្លឹបនៅដីអាមេរិក Inter Miami អ្នកគាំទ្រជាច្រើន បានដាក់រហស្សនាមឲ្យមិត្តរួមជម្រើសជាតិ Rodrigo de Paul ថាជាអង្គរក្សតាមការពារ Lionel Messi ដ្បិតគ្រប់សកម្មភាពទាំងក្នុងនិងក្រៅទីលានមួយភាគធំ ពេលស្ថានភាពមិនស្រួល គឺតែងរំលេចមុខខ្សែបម្រើខាងលើជានិច្ច។ ក៏ដល់ថ្នាក់រូបភាព Troll ខ្លះ មិនមានគេចំពោះមុខ ក៏មានទាំងស្រមោល De Paul នៅក្បែរស្តេចពពែអាហ្សង់ទីនជានិច្ចដែរ។
ដល់តែងាកមកអង្គរក្សផ្លូវការ ចាត់តាំងដោយក្លឹបដឹកនាំដោយប្រធានលោក David Beckham ជូនជាពិសេស សម្រាប់តារាឆ្នើមវ័យ ៣៦ ឆ្នាំ ស្គាល់ឈ្មោះថា Yassine Chueko មួយរយៈក្រោយក៏រមែងលេចមុខញឹកញាប់ដែរ មិនថាតែក្នុងម៉ោងការងារលើទីលាន ទៀតសោតទាំងសកម្មភាពខាងក្រៅ ជាមួយក្រុមគ្រួសារ ក៏អតីតអ្នកប្រយុទ្ធ MMA និងកងទ័ពជើងទឹកខាងលើ តាមការពារ Messi ជាប់។
យ៉ាងណាចាប់អារម្មណ៍រឿងរ៉ាវភ្ញាក់ផ្អើលកាលពីពេលថ្មីៗ Chueko ហាក់បានរំលេចវត្តមានប្រៀបដូចណិនចា ចេះបំបាំងកាយ ដោយមិនឃើញទាំងស្រមោល ទាំងជ្រុងពេលគេដើរចូល តែសុខៗបែរស្រាប់រំលេចដំណើររបស់គេ ដើរតាមពីក្រោយ M10 ទៅវិញ។
ក្នុងវីដេអូឃ្លីបនៅទីតាំងសាលារៀនមួយកន្លែង ដែលម្ចាស់ជើងឯក World Cup ធ្វើដំណើរមកជួបអ្នកគាំទ្រវ័យក្មេង កំពុងឈររង់ចាំ ភ្លាមនោះកាមេរ៉ាបានចាប់យកសកម្មភាពនៃដំណើរដើរចូលមករបស់ Messi ហើយមើលទៅគ្រប់ជ្រុង ឃើញតែកីឡាករអាហ្សង់ទីន និងភរិយារបស់លោកតែប៉ុណ្ណោះ ដល់តែក្រោយមក មិនដឹងលោតចេញពីជ្រុងណា ក៏ស្រាប់តែអង្គរក្ស Chueko រំលេចមុខដើរតាមក្រោយដោយភាពអង់អាចភ្លែត។
ភាពរហ័សរហួនរបស់ Chueko គឺដើម្បីមកធានាថា Messi មានសុវត្ថិភាព មិនកើតភាពរញ៉េរញ៉ៃ ឬការរំខានធ្ងន់ធ្ងរដោយប្រការណាមួយពីសំណាក់ក្មេងៗ ដែលរង់ចាំថតរូប។ យ៉ាងណាវីដេអូឃ្លីបខ្លីនេះ បាននាំឲ្យកើតចម្ងល់ពាសពេញបណ្តាញសង្គម ដល់ថ្នាក់អ្នកខ្លះ រកចម្លើយមិនឃើញ ក៏លេងពាក្យថា ទំនង Chueko ចេះជ្រែកខ្លួនពីក្រោមដី ឬចេះបំបាំងកាយតែម្តងទៅ។ ចុះយោបល់របស់អ្នករាល់គ្នាវិញ សាកល្បងមើលម្តងហើយម្តងទៀត អាចបកស្រាយចម្លើយខាងលើចេញដែរទេ?
គួររំឭកដែរថា ក្រៅតែពីអតីតកងទ័ពអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានខាងលើ សម្រាប់ Messi សរុបមានមនុស្សដល់ទៅ ៥០ នាក់ គ្រប់ឋានៈតួនាទីធំតូច តាមការពារលោកនិងក្រុមគ្រួសារ ក្នុងការសម្របជីវិតរស់នៅប្រចាំថ្ងៃថ្មី ក្នុងទឹកដីសហរដ្ឋអាមេរិក។
ឆ្លើយតបចេញពីមាត់សាមីខ្លួនផ្ទាល់ Messi ធ្លាប់លើកឡើង៖ “អ្នកគាំទ្រ មនុស្សដែលខ្ញុំជួបរាល់ថ្ងៃនៅតាមដងផ្លូវក្នុងទីក្រុង ហាក់ធ្វើឲ្យខ្ញុំទទួលអារម្មណ៍រីករាយនឹងការរស់នៅ ពោលមិនមានភាពលំបាកអ្វីនោះទេ ត្រឹមបញ្ហាតូចមួយ គឺកូនៗរបស់ខ្ញុំគេអាចសម្របនឹងសាលាថ្មីរបស់ពួកគេ គ្រប់យ៉ាងគឺកាន់តែងាយស្រួលហើយ”៕
ប្រភព៖ បរទេស