នៅសេសសល់រយៈពេលតែជាងមួយខែទៀតប៉ុណ្ណោះ ទីផ្សារដោះដូររដូវរងានឹងត្រូវចូលមកដល់ ហើយសម្រាប់បណ្តាកីឡាករដូចរៀបរាប់ ពួកគេនឹងត្រូវផុតសុពលភាពកុងត្រាត្រឹមចុងខែមិថុនា ឆ្នាំ ២០២៤ ម្ល៉េះបើមិនមានការព្រមព្រៀងបន្តកុងត្រាថ្មីនោះទេ ត្រឹមខែមករាដើមឆ្នាំ បណ្តាភាគីក្លឹបចង់បាន នឹងមានសិទ្ធអាចចូលចែចូវកក់ទុកជាមុនបាន ឬហៅថា Pre-Contract ដោយឥតឆ្លងកាត់ការចរចារវាងក្លឹបមេ៖
៥) Aaron Wan-Bissaka
ខ្សែការពារស្លាបស្តាំសញ្ជាតិអង់គ្លេស បានមកចុះចូលនៅ Man United ៥ រដូវកាលរួចមកហើយ ក្រោយផ្ទេរចេញពីក្លឹប Crystal Palace។ ទោះយ៉ាងណាក្រោមការដឹកនាំចុងក្រោយរបស់លោក Erik ten Hag បុរសវ័យ ២៥ ឆ្នាំ ហាក់មិនទទួលបានឱកាសជាប់លាប់ទាល់តែសោះ។
បុរសជាប់រហស្សនាមពីងពាងខ្មៅ AWB សរុបការឈរជើងត្រឹម ៨ ប្រកួត មិនដល់ ៦០០ នាទីផងលើទីលាន។ មិនទទួលដំណឹងកីឡាករ អាចទទួលបានកុងត្រាថ្មីឡើយ ខណៈក្លឹប West Ham United កំពុងដាក់រ៉ាដាមិនដកភ្នែក។
៤) Andriy Lunin
អ្នកចាំទីដៃទីពីររបស់ក្លឹប Real Madrid នេះបើ Kepa Arrizabalaga មិនរបួស គេក៏នឹងមិនបានទាំងចូលលេងទៀតឲ្យក្លឹប ដោយមើលឃើញទាំងថ្នាក់លើក្លឹប ទាំងអ្នកចាត់ការលោក Carlo Ancelotti ហាក់មិនផ្តល់ការជឿទុកចិត្តដល់ Lunin ទាល់តែសោះឡើយ ជាពិសេសត្រង់ពេល Courtois របួសភ្លាម ក៏មិនសម្លឹងមើលដៃទីពីរ បែរជ្រើសយកអ្នកថ្មីមកបំពេញភ្លែត។
ជាលទ្ធផលទន្ទឹមនឹងកុងត្រាត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤ ខាងមុខ គេជឿថា ពេលវេលារបស់ដៃចាំទីសញ្ជាតិអ៊ុយក្រែន នឹងឈានដល់ការចែកផ្លូវជាក់ជាមិនខាន ហើយទ្រនំបន្ទាប់ក្លឹបស្កុតឡែន Celtic អាចជាមានភាគរយខ្ពស់។
៣) Nico Williams
ដោយមើលឃើញខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញ ប្រុងនឹងផុតកុងត្រាជាមួយ Athletic Club ក៏នាំឲ្យក្លឹបខាងក្រៅជាច្រើនចាប់អារម្មណ៍ឱកាសសារនេះ ត្រង់ជឿថាគុណភាពយុវជនវ័យ ២១ ឆ្នាំនៅតែមាន ជាក់ស្តែងតាំងពីក្លឹបយក្សរួមលីគ Barcelona, Real Madrid និងហង្សក្រហម Liverpool នៅឯអង់គ្លេស។
២) Alvaro Morata
កំពុងពេញល្អខ្លាំងរដូវកាលនេះ ត្រង់ ១៥ ប្រកួត ក៏រកបានដល់ទៅ ១២ គ្រាប់និង ២ Assists ជូនក្លឹបក្រហមស Atletico Madrid។ មើលឃើញថា Morata គេធ្វើបានល្អច្រើន ឲ្យក្រុមលោក Diego Simeone តែយ៉ាងណាមិនទាន់រំលេចភ្លើងខៀវរឿងបន្តកុងត្រាថ្មីនៅឡើយ។
១) Kylian Mbappe
អូសបន្លាយកាន់តែយូរ PSG កាន់តែប្រឈមនឹងការរបូត Mbappe ដោយឥតបានតម្លៃខ្លួនសូម្បីមួយរៀល។ ប្រសិនខែមករាខាងមុខ មិនមានប្រកាសកុងត្រាថ្មី ម្ល៉េះក្លឹបចង់បាន កុំថាឡើយ Real Madrid កុំថាឡើយគោលដៅថ្មី Man United គឺអាចទាក់ទងទៅកីឡាករបារាំងឲ្យព្រមព្រៀងកុងត្រាទុកជាមុន Pre-Contract សឹមប្រកាសកិច្ចព្រមព្រៀងផ្លូវការនារដូវក្តៅ មុនការចាប់ផ្តើមរដូវកាលថ្មី ២០២៤/២៥៕
ប្រភព៖ BeSoccer