ជារៀងរាល់ឆ្នាំ អ្នកគាំទ្រតែងតែត្រូវទទួលយកអារម្មណ៍លារបស់ Legend ក្នុងពិភពបាល់ទាត់ពីមួយជំនាន់ទៅមួយជំនាន់ ហើយក្នុងកំឡុងឆ្នាំ ២០២៣ ដ្បិតនៅសេសសល់រយៈពេល ២ ខែមុនបិទទំព័រ តែក្រឡេកមកទីលានបាល់ទាត់ បានកើតការនឹកជាមួយអតីតតារាបាល់ទាត់ទាំង ៦ រួចទៅហើយ។
៦) Gareth Bale
បើកក្បាលទំព័រដើមឆ្នាំ កាលពីថ្ងៃទី ០៩ មករា អ្នកគាំទ្រក្លឹប Real Madrid ជាពិសេស មានការសោកស្តាយ ដ្បិតអីត្រូវបាត់បង់ជើងល្បឿនសញ្ជាតិវែល ដែលប្រកាសចូលនិវត្តនៅក្លឹបចុងក្រោយក្នុងទឹកដីសហរដ្ឋអាមេរិក Los Angeles FC។ ត្រឹមវ័យ ៣៣ ឆ្នាំ Bale បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលក្នុងការសម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់ ហើយមកចាប់អាជីពថ្មី ជាអ្នកវាយកូនគោលដ៏ជំនាញមួយរូប។
៥) Mesut Ozil
អតីតជើងចែកបាល់ ឬជើង Assist សញ្ជាតិអាល្លឺម៉ង់ ក៏បានចាកចេញពីអាជីពបាល់ទាត់នៅថ្ងៃទី ២២ មិនា ឆ្នាំ ២០២៣ ជាមួយវត្តមាននៅក្លឹបចុងក្រោយ Basaksehir។ ម្ចាស់ជើងឯក World Cup ២០១៤ នៅជម្រើសជាតិអាល្លឺម៉ង់ បានលាបាល់ទាត់ក្នុងវ័យ ៣៤ ឆ្នាំ ហើយអំពីមូលហេតុ Ozil សង្កត់ធ្ងន់មកពីស្ថានភាពរបួសញាំញី ពិបាកនឹងធូរស្បើយនៅពេលចុងក្រោយ។
៤) Joaquin
ជាអតីតកីឡាករស្មោះនឹងក្លឹប ចាប់ផ្តើមនៅទីណា ក៏បញ្ចប់នៅទីនោះ បូកទាំងលើកទីមួយទីពីរ ខ្សែប្រយុទ្ធខាងលើ ឈរជើងឲ្យ Real Betis ដល់ទៅ ១៤ ឆ្នាំឯណោះ។ កាលពីថ្ងៃទី ១៩ មេសា Joaquin បានប្រកាសចូលនិវត្ត តែយ៉ាងណាគេរីករាយខ្លាំង ព្រោះបានបញ្ចប់នៅក្លឹបដែលស្រលាញ់ស្មើជីវិតក្នុងទឹកដីកំណើត។
៣) Zlatan Ibrahimovic
ចាប់ប្រលូកក្នុងអាជីពតាំងដើមទសវត្សឆ្នាំ ៩០ រហូតមកទល់ថ្ងៃទី ០៥ មិថុនា ពាក់កណ្តាលឆ្នាំ បុរសសញ្ជាតិស៊ុយអែតក៏ប្រកាសចូលនិវត្ត ក្នុងវ័យ ៤១ ឆ្នាំ ជាមួយការលាចុងក្រោយនៅទឹកដីនៃក្លឹប AC Milan។
នាមអ្នករកបានគ្រាប់បាល់ក្នុងវ័យចំណាស់បង្អស់នៅក្របខ័ណ្ឌអ៊ីតាលី Serie A អតីតខ្លាចាស់ជំនាញជើងស្តាំ បានប្រកាសលាអ្នកគាំទ្រនៅកីឡដ្ឋាន San Siro Stadium កំឡុងប្រកួត AC Milan យកឈ្នះ ៣-១ ទៅលើ Hellas Verona។ គ្រានោះ Zlatan និយាយពាក្យចាក់ដោតមួយឃ្លា៖ “វាដល់ពេលវេលាហើយដែលខ្ញុំត្រូវនិយាយពាក្យ លា ទៅកាន់បាល់ទាត់ តែមិនមែនជាការលាអ្នកទាំងអស់គ្នានោះទេ”។
២) Gianluigi Buffon
ក្នុងចំណោមអ្នកទាំង ៦ នេះគឺជាកីឡាករចំណាស់ជាងគេដែលបានប្រកាសចូលនិវត្ត នៅអាយុ ៤៥ ឆ្នាំ កាលពីថ្ងៃទី ០២ សីហា។ យ៉ាងណាអតីតអ្នកចាំទីដៃស្អិតសញ្ជាតិអ៊ីតាលី បានបំពេញបំណងចុងក្រោយក្នុងអាជីព គឺការវិលត្រលប់ទៅជួយអតីតក្លឹប Parma បាន ២ ឆ្នាំ តែសោកស្តាយមិនអាចសម្រេចគោលដៅធំ ជួយក្លឹបវិលមកកាន់លីគកំពូលបាន។ “វាគឺគ្រប់អស់ហើយ អ្នកផ្តល់ឲ្យខ្ញុំគ្រប់យ៉ាង ហើយខ្ញុំក៏ផ្តល់គ្រប់យ៉ាងត្រលប់ទៅវិញដូចគ្នា យើងបានធ្វើវារួមគ្នា” – ជាសម្តី Buffon និយាយនៅថ្ងៃប្រកាសព្យួរស្រោមដៃ។
១) Eden Hazard
កាលពីថ្ងៃទី ១០ តុលា អតីតកីឡាករបែលហ្សិកក្លាយជាអ្នកចុងក្រោយប្រកាសព្យួរស្បែកជើង នេះបើយើងរាប់តែចំណោម Legend ធំៗក្នុងពិភពបាល់ទាត់។ ស្រដៀងនឹងករណី Ozil គឺ Hazard ប្រើហេតុផលរបួសញាំញីច្រើន ទើបរុញឲ្យគេព្យួរស្បែកជើង គ្រាន់ថា ពេលវេលាចុងក្រោយនៅ Real Madrid មិនបានសាងកេរ្តិ៍ឈ្មោះអ្វីនោះទេ៕
ប្រភព៖ បរទេស