អ្នក​ចាត់ការ​ថ្មី Arsenal ​ចង់​ទិញ​ខ្សែ​បម្រើ​ម្នាក់​ពី Nice ​តម្លៃ​ខ្ពស់​គ្រាន់​បើ

ក្លឹប Arsenal ​កំពុង​តាម​ប្រមាញ់​យក​ខ្សែ​បម្រើ Jean-Michael Seri ​ពី​ក្រុម Nice ​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន។

លោក Unai Emery ​ក្រោយ​ពី​បាន​តំណែង​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Arsenal ​ហើយ ​ពេល​នេះ​លោក​កំពុង​តែ​ស្វែង​រក​កីឡាករ​ថ្មី​មក​បន្ថែម​នៅ​ក្នុង​ក្រុម។ អតីត​អ្នក​ចាត់ការ​ក្រុម PSG ​រូប​នេះ ​មាន​បំណង​ចង់​បាន​កីឡាករ Seri ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ប៉ុន្តែ​មិន​បាន​សម្រេច។ រហូត​មក​ដល់​ក្លឹប​កាំភ្លើង​ធំ ​លោក​នៅ​តែ​រក្សា​ចិត្ត​ចង់​បាន​ខ្សែ​បម្រើ​រូប​នេះ​ដដែល។

កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ ​មិន​ត្រឹម​តែ​មាន Arsenal ​ចង់​បាន​នោះ​ទេ ​នៅ​មាន​ក្លឹប​៣​ទៀត​ក៏​ចង់​បាន​ដែរ រួម​មាន Manchester United , Chelsea ​និង Dortmund ​ជា​ដើម។ រូបគេ​លេង ឱ្យ Nice ​តាំង​ពី​ឆ្នាំ​២០១៥ ​បង្ហាញ​ខ្លួន​បាន​១០១​ប្រកួត រក​បាន​១១​គ្រាប់ ក្នុង​នាម​ជា​ខ្សែ​បម្រើ​កណ្ដាល៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT