ជា​អ្នក​ប្រយុទ្ធ​ពិត គិត​ទៅ Hojlund ត្រូវ​ល្បី​ហើយ ចុងក្រោយ​ស្ងាត់​ឈ្មោះ​ឈឹង​ដោយសារ​ទម្រង់ Man United

បងប្អូន​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់ ខ្លះ​ប្រហែល​ញញឹម​បិទ​មាត់​មិន​ជិត តែ​ក៏​មាន​មួយ​ភាគ​ធំ សម្ងំ​គេង​ទាំង​ក្នុង​ចិត្ត​រវើរវាយ ជា​មួយ​លទ្ធផល ២-១, ៣-២ របស់ Arsenal និង Man United បរាជ័យ​ក្រោម​ថ្វី​ជើង​គូ​ប្រជែង។ ទោះ​យ៉ាង​ណា​ក៏​កុំ​ភ្លេច Follow ផេក​នេះ​ទុក ដើម្បី​ត្រៀម​ទស្សនា​ជំនួប​ពិសេស​ច្រើន​គូ​ទៀត ដូច​គូ​ធំ Newcastle ទល់ PSG នៅ UCL ​វេលា​ទៀប​ភ្លឺ។

អត្ថបទ​នេះ CTS SPORTS លើក​ជ្រុង ៣ ពាក់ព័ន្ធ​ស្ថិតិ​និង​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្រោយ​ United ចាញ់ Galatasaray ដែល​ជា​ជ័យជម្នះ​របស់​ក្លឹប​តួកគី មក​លើ​ក្លឹប​អង់គ្លេស​នៅ​ពាន​អឺរ៉ុប​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ៖

៣) តួ​លេខ​កាត​ក្រហម​ដ៏​ភ្ញាក់ផ្អើល​របស់​ Casemiro

ខ្សែ​បម្រើ​ការពារ​វ័យ ៣១ ឆ្នាំ សញ្ជាតិ​ប្រេស៊ីល មក​ចូលរួម​នៅ United និយាយ​អំពី​ទម្រង់​មិន​ជា​ធ្លាក់​ខ្លាំង​ទេ តែ​និយាយ​អំពី​ការ​បង្ក​កំហុស​ដល់​កើត​ការ​ពិន័យ​កាត មើល​ទៅ​តួ​លេខ​ពិត​ជា​ Surprise ធៀប​នឹង​កាល​នៅ Real Madrid។

នេះ​សរុប ៦១ ប្រកួត រក​បាន ១១ គ្រាប់​ Assist ៧ លើក តែ​ចំនួន​កាត​ក្រហម​សរុប​គឺ​ដល់​ទៅ ៣ លើក ធៀប​នឹង​កាល​នៅ​អធិរាជ​ស Real Madrid ចាយ​ពេល ៣៣៦ ប្រកួត ទទួល​ពិន័យ​កាត​ក្រហម​ត្រឹម ២ លើក​ប៉ុណ្ណោះ។

កាត​ចុងក្រោយ​កើត​ឡើង​នៅ​យប់មិញ ដែល​ជា​ការ​ពិន័យ​កាត​លឿង ២ លើក​ស្មើ​នឹង​កាត​ក្រហម​មួយ តែ​វា​ក៏​ជា​ចំណែក​នៃ​កំហុស​ដ៏​ធំ​របស់​អ្នកចាំទី Andre Onana។ ពី​ដំបូង​ក្នុង​ការ​ប្រកួត​នៅ​តង់​ទី​មួយ​ កីឡាករ​ទទួល​បាន​កាត​លឿង​មួយ​ហើយ ដល់​តែ​នាទី ៧៧ អ្នកចាំទី​សញ្ជាតិ​កាមេរូន បញ្ជូន​បាល់​ចេញ​ពី​ជើង​មិន​បាន​ល្អ ក៏ Casemiro សម្រេច​ប្តូរ​ជើង​យក​ទៅ​ស្លាយ​ក្នុង​ប្រអប់ ហើយ​អាជ្ញាកណ្តាល​ផ្លុំកញ្ចែ​លើក​កាត​លឿង​ទី​ពីរ​ឥត​ស្ទាក់ស្ទើរ។ នេះ​មាន​ន័យ​ថា Casemiro ត្រូវ​អវត្តមាន​ប្រកួត​បន្ទាប់​ទល់ Copenhagen ជា​ជុំ​ទី ៣ វគ្គ​ចែក​ពូល UCL នៅ Old Trafford។

២) អតីត​កីឡាករ​មក​លង Man United​ ជា​ថ្មី

Wilfried Zahaខ្សែ​ប្រយុទ្ធ​ដែល​មិន​ជោគជ័យ​កាល​នៅ Man United សរុប​ឈរ​ជើង​ឲ្យ​ឈុត​ធំ ៤ ប្រកួត​មុន​ចាកចេញ ឥត​រក​បាន​មួយ​គ្រាប់។ ដល់​តែ​ផ្លាស់​មក​ទ្រនំ​ថ្មី​បន្តបន្ទាប់ បែរ​កើត​គ្រាប់​ទល់​អតីត​ក្លឹប ញឹក​មិន​គួរ​ឲ្យ​ជឿ។

នេះ​ស្លាប​ប្រយុទ្ធ​សញ្ជាតិ​កូឌីវ័រ ក៏​ជា​អ្នក​រក​បាន​គ្រាប់​តាម​ស្មើ​ឲ្យ Galatasaray កាល​ពី​យប់មិញ ដែល​វា​ជា​គ្រាប់​បាល់​ទី ៤ ទល់ Man United ក្នុង​ការ​ប្រកួត​ទាំង ៥ រាប់​កាល​នៅ Crystal Palace ផង កត់ត្រា​ទុក​តាំង​ឆ្នាំ ២០២០។

១) Hojlund ជា Superhero ​ក្រៅ​ផ្លូវការ

Rasmus Hojlund យប់មិញ​ជា​កីឡាករ Man United ទទួល​បាន​ពិន្ទុ​ខ្ពស់​ដាច់​គេ ក៏​ជា​អ្នក​ឈរ​ពេញ​ម៉ោង ៩០ នាទី ហើយ​តាម​ថា​ប៊ិះ​នឹង​កើត​គ្រាប់​បាល់ Hat-trick ផង ត្រង់​ការ​កិប​ស៊ុត​ក្នុង​ប្រអប់ នាទី ៥៨ បែរ​អាជ្ញាកណ្តាល​លើក​ទង់​ជា​បាល់ Offside។

យ៉ាង​ណា​ ២ គ្រាប់​ប្រកួត​នេះ បូក​ទាំង​ប្រកួត​មុន​ចូល​គ្រាប់​ទី ៣ ត្រឹម​ការ​បង្ហាញ​ខ្លួន​ ១៧១ នាទី​នៅ UCL វា​សមល្មម​នឹង​រុញ​ឲ្យ​កីឡាករ​ដាណឺម៉ាក​ឡើង​ជា Superhero របស់​ក្លឹប​ដឹកនាំ​ដោយ​លោក Erik ten Hag បាន​បាត់​ទៅ​ហើយ ប្រសិន​ណា​ពួក​គេ​ទទួល​ជ័យជម្នះ តែ​ស្តាយ​គ្រប់​យ៉ាង​បែរ​ស្ងាត់​សូន្យ​ឈឹង បន្ទាប់ ២ ប្រកួត United យក​បាន ០ ពិន្ទុ។

ការ​សរសើរ​ក្រៅ​ផ្លូវការ មិន​ពេញ​លក្ខណៈ​ក៏​កើត​មាន​ដែរ ជា​កម្លាំង​ចិត្ត​មួយ​ផ្នែក​ដល់ Hojlund ថា​គេ​ជា​សមាជិក​បិសាច​តែ​ម្នាក់​គត់ ដែល​អាច​ដើរ​ចេញ​ពី​ទីលាន​ទាំង​ងើប​មុខ​ឡើង ខណៈ​អ្នក​ផ្សេង​ទៀត សម​តែ​ឱន​ក្បាល​ចុះ ព្រោះ​បង្ហាញ​ទម្រង់​មិន​បាន​ល្អ ជា​ពិសេស​គឺ​តំបន់​ការពារ​ក្រោម៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT