ថាចេញពីដីអង់គ្លេសទៅសុខ នេះមិនទាន់អីផង បើកឆាកប្រកួតដំបូង Mason Greenwood ហាក់រងសម្ពាធមួយផ្នែកជាបណ្តើរៗបាត់ទៅហើយ ជាមួយការឈរជើងឲ្យក្លឹបថ្មី Getafe ក្នុងលក្ខខណ្ឌខ្ចីជើងចេញពី Manchester United មកកាន់ទ្រនំបន្ទាប់នៅទឹកដីអេស្ប៉ាញ។
ក្រោយការមកដល់បានជាងពីរសប្តាហ៍ ទើបតែយប់ថ្ងៃអាទិត្យកន្លងទៅនេះ នៅប្រកួតក្នុងទឹកដី Getafe ទល់ក្លឹបភ្ញៀវ Osasuna ដែលម្ចាស់ផ្ទះយកឈ្នះ ៣-២ ក៏កីឡាករអង់គ្លេស ទទួលបានឱកាសបង្ហាញខ្លួនជាលើកដំបូង តាមរយៈការប្តូរចូលនៅនាទី ៧៧ ជំនួសចូលកន្លែង Juanmi Latasa។ ដ្បិតមិនអាច Assist ឬបង្កើតគ្រាប់បាល់ណាមួយ តែសង្កេតឃើញទម្រង់ជិត ២០ នាទី ក្រោយខកខានជាន់ទីលាន ១៨ ខែ នាំឲ្យអ្នកគាំទ្រនឹកដល់ភ្លែតជំនាន់ Greenwood ពូកែអូស ពូកែញាក់បាល់កាលជាង ២ ឆ្នាំមុន។
Mason Greenwood Getafe Debut
Thoughts on his Return to the game 👀pic.twitter.com/nnius3XEE3
— Ehzan (@qatarimufc) September 17, 2023
ទោះជាយ៉ាងណា រឿងមិនល្អមកលើកីឡាករវ័យ ២១ ឆ្នាំ នៅតែកើត មិនដូចការរំពឹងទុកពីដំបូងរបស់មតិភាគច្រើនឡើយ។ នេះអ្នកគាំទ្រ Osasuna បានស្រែកឈ្មោះកីឡាករក្នុងអត្ថន័យអាក្រក់ ពេលគេប្តូរចូល យ៉ាងដូច្នោះថា៖ “Greenwood ទៅស្លា.ប់ទៅ”។ ពាក្យពេចន៍មិនល្អមួយនេះបានរំលេចឡើងជាច្រើនលើកច្រើនសារ នាំឲ្យមានការប្រមូលមតិក្រោយចប់ការប្រកួត ថាខាងក្លឹបភ្ញៀវ ត្រូវតែរងការពិន័យណាមួយពីគណៈកម្មការវាយតម្លៃក្របខ័ណ្ឌកំពូលអេស្ប៉ាញ។
ក៏ប៉ុន្តែខាងភាគីក្លឹបភ្ញៀវ លើកឡើងចេញពីអ្នកចាត់ការ Osasuna លោក Jogoba Arrasate ក៏បានឆ្លើយតបទៅវិញថាឲ្យមើល ឲ្យស្តាប់សម្លេងខាងអ្នកគាំទ្រ Getafe ដូចគ្នា ជារួមកុំមើលកុំយកទោសតែម្ខាង។ លោកនិយាយ៖ “ការស្រែករបស់អ្នកគាំទ្រខាងម្ចាស់ផ្ទះថា ‘F*** Osasuna’ គឺជាពាក្យអាក្រក់ខ្លាំង ដូចគ្នានឹងសម្លេងប្រឆាំងមកលើ Greenwood ក៏អាក្រក់ដូចគ្នា គេជាកីឡាករម្នាក់ដែលគ្រប់យ៉ាងលើប្រព័ន្ធតុលាការជាអ្នកសម្រេចរួចរាល់អស់ហើយ នៅលើទីលានគេជាកីឡាករល្អ តែបើយើងលើកឡើងពាក់ព័ន្ធសម្លេងស្រែកអស់នោះ សុំលើកមកនិយាយទាំងអស់ជារួម កុំលើកតែម្ខាង”។
ស្របពេលខាងភាគី Getafe ថ្លែងចេញពីអ្នកចាត់ការ Jose Bordalas៖ “អ្វីដែលមនុស្សបានស្រែកក្នុងការប្រកួត វាមិនជាផ្នែកយើងត្រូវលើកមកនិយាយទេ ដូចខ្ញុំបញ្ជាក់តាំងក្រោយចប់ជំនួបទល់ Real Madrid ថាករណី Greenwood យើងយកមកទីនេះ គឺនិយាយតែអំពីសមិទ្ធផលលើទីលាន ពាក់ព័ន្ធកីឡាមួយគត់ យើងភ្ញាក់ផ្អើលនឹងទម្រង់លេងដ៏ល្អរបស់គេថ្ងៃនេះ គេអាចជួយយើងទាំងប្រព័ន្ធប្រយុទ្ធនិងការពារ”។
ពាក់ព័ន្ធហេតុការណ៍ខាងលើ សារព័ត៌មាន Relevo ចុះផ្សាយថា ខាងគណៈកម្មការវាយតម្លៃបាល់ទាត់អេស្ប៉ាញហៅកាត់ RFEF នឹងធ្វើការជជែកជាមួយអាជ្ញាកណ្តាលដោយផ្ទាល់ រួចធ្វើការសម្រេចប៉ុន្មានថ្ងៃបន្ទាប់ ថាត្រូវដាក់ពិន័យកម្រិតណាដល់ភាគីប្រព្រឹត្តិ មិនថាម្ចាស់ផ្ទះ និងខាងភ្ញៀវ តែភាគរយច្រើន ហាក់ផ្តោតទៅខាង Osasuna ខ្លាំងជាង។
ចុងក្រោយអំពីការបង្ហាញខ្លួនលើកដំបូងសារនេះ ខ្សែប្រយុទ្ធស្លាបស្តាំ ក៏ទទួលបានការសាទរពីមិត្តចាស់នៅ Man United មុនគេបង្អស់ ជា Amad Diallo ដែលបង្ហោះ Stories លើ Instagram ជាសាធារណៈ នូវរូបភាពប្តូរចូល Greenwood និងការដាក់ Emoji រូបបេះដូងចំនួនពីរ អមដោយការបើកចំហក្តីស្រលាញ់ ចំពោះអតីតមិត្តរួមក្លឹបជាពិសេស។ ស្របពេលដែលកីឡាករបិសាចក្រហមផ្សេងទៀត ហាក់មិនឃើញមានសកម្មភាពអ្វីនោះទេ គិតត្រឹមរសៀលថ្ងៃចន្ទ តែបើប្រិយមិត្តឃើញមាន ក៏កុំភ្លេចទម្លាក់ឲ្យគ្នាយើងផ្សេងៗបានដឹងក្នុង Comment នេះផង៕
ប្រភព៖ បរទេស