បើទោះបី Kylian Mbappe កំពុងបន្តឈរជើងនៅ Paris Saint-Germain តែពេលវេលាទៅមុខ ក៏ក្លឹបអាណាព្យាបាល ហាក់ដឹងតម្រុយមុនរួចទៅហើយ ថាកីឡាករបារាំងនឹងជ្រើសយកការចែកផ្លូវក្នុងលក្ខខណ្ឌឥតតម្លៃផ្ទេរនាពេលខាងមុខ ហើយក៏មិនទៅឯណាដែរ ក្រៅតែពីក្លឹបគោលដៅស្តេចស Real Madrid ក្នុងប្រទេសអេស្ប៉ាញនោះឯង។
អារម្មណ៍ឈឺចាប់ សុខៗត្រូវបាត់បង់គ្រាប់ពេជ្រដ៏មានតម្លៃឥតបានលុយមួយរៀល PSG ហាក់មានចិត្តខឹងសម្បាជាខ្លាំង រួចផែនការណ៍ចុងក្រោយគឺចង់សងភាពសោកសៅទាំងនោះ ជូនទៅកាន់ Real Madrid វិញ តាមរយៈការប្រើប្រាស់លុយធំ កាត់យកកីឡាករសំខាន់ៗរបស់ក្លឹបដឹកនាំ ដោយប្រធាន Florentino Perez ម្តងម្នាក់ៗ ដល់ទៅ ៥ រូបមកកាន់ក្លឹបក្នុងទីក្រុងប៉ារីស។ ធ្វើនេះចង់ធ្វើឲ្យយល់ ថាការដែលតាមបំបែកបំបាក់កីឡាករចេញពីក្លឹបគេកំពុងពេញស្រលាញ់ នោះវាឈឺចាប់ប៉ុណ្ណា។
បើតាមសារព័ត៌មាន OkDiario ចុះផ្សាយ ក្លឹបយក្សដឹកនាំដោយប្រធានលោក Nasser Al-Khelaifi បានសម្លឹងមើលគ្រាប់ពេជ្រ ៥ រូបរបស់ Real Madrid ដោយធំបំផុតពីរ ជាគោលដៅអាទិភាពយកឲ្យបានកាន់តែលឿនកាន់តែល្អនោះគឺ Vinicius Jr និង Rodrygo Goes។ ៣ រូបផ្សេងទៀត សុទ្ធសឹងជាចំណែកសំខាន់របស់លោក Carlo Ancelotti សព្វថ្ងៃ រួមមានខ្សែបម្រើ Aurelien Tchouameni, Eduardo Camavinga និង Federico Valverde។ នេះក៏បន្ទាប់តែក្លឹបបានបាត់បង់ខ្សែបម្រើតំបន់ស្នូលដ៏សំខាន់គឺ Marco Veratti ទៅឲ្យក្លឹប Al-Arabi នៅកាតារ ក្នុងតម្លៃ ៣៩ លានផោនថ្មីថ្មោង។
CTS SPORTS នាំបងប្អូនងាកទៅមើលស្ថានភាព និងហាងឆេងតម្លៃខ្លួនរបស់គោលដៅទាំង ៥ នោះបន្តិច។ និយាយអំពីខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ សញ្ជាតិប្រេស៊ីល មួយរយៈចុងក្រោយគេជួបបញ្ហារបួស រំពឹងត្រលប់ចូលទីលាននៅចុងខែ តែបើទៅមើលភាពសកម្មលើទីលាន គឺដូចមុន រួចក៏រកបាន ១ គ្រាប់ហើយដែរនៅរដូវកាលថ្មី ខណៈហាងឆេងតម្លៃខ្លួនបើ PSG ចង់យកឈ្នះចិត្តក្លឹប Real Madrid ក៏យ៉ាងតូចចាយ ១៥០ លានអឺរ៉ូ ឬវិធីណាផ្សេងទៀតដើម្បីបញ្ចុះបញ្ចូលសាមីខ្លួនផ្ទាល់ ដូចការផ្តល់ប្រាក់ឈ្នួលខ្ពស់ ការផ្តល់ប្រយោជន៍ខាងក្រៅមួយចំនួន នោះយើងមានតែរង់ចាំមើល។ បញ្ជាក់ បើចង់លោតជាមួយតម្លៃផ្តាច់កុងត្រា Release Clause ក្នុងករណីពេញចិត្ត Vinicius មិនហ៊ានស្រមៃទេ ដ្បិតថ្លៃដល់ ១ ពាន់លានអឺរ៉ូឯណោះ។
ដល់តែ Rodrygo Goes កុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ នាំឲ្យហាងឆេងតម្លៃខ្លួនក៏ចូលល្បាក់ ១០០ លានអឺរ៉ូ។ តែការយកកីឡាករប្រេស៊ីលរូបនេះ គឺពិតជាត្រឹមត្រូវ ដ្បិតគេអាចមានទេពកោសល្យ គុណភាពបំពេញកន្លែង Neymar ឬ Lionel Messi បាន។
ស្របពេលដែលកីឡាករបារាំង Tchoaumeni ខាងក្លឹប PSG នឹងត្រូវប្រជែងរវាងភាគីក្លឹបដទៃផ្សេងទៀតច្រើន មានតាំងពី Liverpool ក៏ធ្លាប់បង្ហើបកូនចិត្តចង់បាន ហើយហាងឆេងតម្លៃខ្លួនល្បាក់ ៨០ លាន។ រួចបើទៅមើល Camavinga ដែលគេហៅ ជាកីឡាករពហុតំណែងការពារក៏បាន បម្រើក៏ទៅរួច ចូលល្បាក់ ៨៥ លាន និងចុងក្រោយខ្សែបម្រើអ៊ុយរុយហ្គាយ ត្រូវបានអ្នកគាំទ្រដាក់រហស្សនាមជា “អនាគតប្រធានក្រុម Madrid” ឡើងដល់ ១០០ លានអឺរ៉ូ។
សរុបមក ផែនការណ៍ PSG ដែលចង់កាច់ភាពឈឺចាប់សងទៅ Real Madrid វិញ ក៏ត្រូវចាយលុយតូចបំផុតលើតម្លៃផ្ទេរ ចូល ៥០០ លានអឺរ៉ូ នេះមិនទាន់គិតរបៀបចរចាលើប្រាក់ឈ្នួលផ្តល់ឲ្យកីឡាករ និងប្រាក់ឧបត្ថម្ភផ្សេងៗផង៕
ប្រភព៖ បរទេស