ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវបិទការប្រកួតកំឡុង International Break នៅទៀបភ្លឺម៉ោង ០៣:០០ នាទី ឈានចូលថ្ងៃពុធទី ១៣ កញ្ញា ទល់ម្ចាស់ដីបូលីវី ក្នុងវគ្គជម្រុះបឋម World Cup 2026 ប្រចាំសហព័ន្ធ CONMEBOL។
ខាងក្រុមភ្ញៀវនាមម្ចាស់ជើងឯក World Cup ក្រោមការដឹកនាំដោយអ្នកចាត់ការលោក Lionel Scaloni បានធ្វើដំណើរមកកាន់រាជធានី La Paz នៃប្រទេសបូលីវី កាលពីប៉ុន្មានថ្ងៃមុន ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ តែចាប់អារម្មណ៍រឿងមួយពេលដើរចុះពីយន្តហោះ ពីរថយន្តក្រុង ស្រាប់តែកីឡាករមានកាន់បំពង់អុកស៊ីហ្សែន ប្រភេទខ្នាតតូចនៅនឹងដៃ ដែលវាកើតជាចម្ងល់ក្នុងចិត្តអ្នកគាំទ្រជាច្រើនលើប្រព័ន្ធបណ្ដាញសង្គម។
ហេតុផលសាមញ្ញងាយយល់ គឺមកពីប្រទេសបូលីវីស្ថិតនៅលើរយៈកម្ពស់ខ្ពស់នៃនីវ៉ូទឹកសមុទ្រ ដូចនៅរាជធានី La Paz នៅលើរយៈកម្ពស់ដល់ ៣ ៦០០ ម៉ែត្រ ដែលនេះវាជាដើមចមនាំឲ្យបង្កើតផលប៉ះពាល់ច្រើនដល់រាងកាយរបស់កីឡាករ ទៅជាអាការៈងាយវិលមុខ ឈឺក្បាល និងថប់ដង្ហើម ឬអាចឈានដល់ការគំរាមកំហែងដល់អាយុជីវិត ដូច្នេះបំពង់អុកស៊ីហ្សែនគឺចាំបាច់ត្រូវតែមានជាមួយពួកគេ ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ។
រូបភាពរបស់កីឡាករអាហ្សង់ទីនដូច Alexis Mac Allister, Cuti Romero និង Nicolas Otamendi បានកាន់បំពង់អុកស៊ីហ្សែនជាប់ខ្លួន តែយ៉ាងណានៅពេលហ្វឹកហាត់ក៏ប្រទះឃើញកីឡាករខ្លះមានសកម្មភាពធម្មតា តែខ្លះដូចជា Lionel Messi ត្រូវបានរាយការណ៍ ថាអវត្តមាន ទំនងនឹងមិនអាចចូលរួមការប្រកួតទៀតផង។ ដ្បិតមិនទាន់មានការបញ្ជាក់មូលហេតុច្បាស់ តែតាមការជឿជាក់ពីអ្នកគាំទ្រ ថាអាចមកពីបញ្ហាសុខភាពនោះដែរ។
យ៉ាងណានេះមិនមែនជារឿងថ្មីទេ ដោយតាំងពីដើមមកហើយ ឲ្យតែប្រកួតក្នុងទឹកដីបូលីវី គឺតែងតែជះឥទ្ធិពលដូចរៀបរាប់ខាងលើ មកកាន់កីឡាករធ្វើដំណើរពីក្រៅតំបន់ ជាក់ស្តែងសារថយក្រោយទៅឆ្នាំ ២០១៧ បន្ទាប់ប្រកួតចប់ស្មើ ០-០ រវាងជម្រើសជាតិប្រេស៊ីល និងបូលីវី នៅ La Paz ក៏កីឡាករសាំបាទាំងអស់ត្រូវបានគេប្រទះឃើញមានបំពាក់ខ្យល់អុកស៊ីហ្សែនក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។
បើសួរ FIFA មានច្បាប់កំណត់លើរឿងនេះឬអត់? កន្លងមកគឺមាន ដោយធ្លាប់ទាំងហាមមិនឲ្យបូលីវី ទទួលសិទ្ធធ្វើម្ចាស់ទឹកដីនៃការប្រកួតណាមួយទៀតផង មិនថាវគ្គជម្រុះបឋម ជារួមហាមរាល់កីឡាដ្ឋានទាំងអស់ ដែលស្ថិតនៅលើរយៈកម្ពស់ខ្ពស់ជាង ២ ៥០០ ម៉ែត្រ នៃនីវ៉ូទឹកសមុទ្រ ដោយបារម្ភវាអាចប៉ះពាល់ដល់សុខភាពបណ្តាកីឡាករទៅចូលរួម។ តែយ៉ាងណាច្បាប់នេះហាក់ត្រូវបានលើកលែងសម្រាប់កីឡដ្ឋាន Estadio Hernando Siles នៃរាជធានី La Paz នៅពេលបន្ទាប់ ដោយមិនទាន់បញ្ជាក់មូលហេតុច្បាស់។
សំណួរមួយផ្សេងទៀត សួរថា ចុះអ្នករស់នៅទីនោះ រួមទាំងកីឡាករបូលីវី ពួកគេអាចប្រកបអាជីពបាល់ទាត់បានដោយរបៀបណា ទាំងវាជាកីឡាប្រើប្រាស់ថាមពលខ្លាំងផងនោះ? ចម្លើយងាយយល់គឺដោយសារពួកគេកើតនៅទីនោះ រស់នៅទីនោះតាំងពីដើមមក ដូច្នេះរាងកាយក៏សម្របខ្លួនបានបាត់ទៅហើយ ខុសពីកីឡាករមកពីអឺរ៉ុប និងបណ្តាប្រទេសដទៃ ដែលភ្លាមៗគឺងាយរងផលប៉ះពាល់ឆាប់រហ័ស។
មួយផ្សេងទៀតកំឡុងការប្រកួត ជាទូទៅនៅកីឡដ្ឋានដទៃ កីឡាកររមែងត្រូវការដបទឹកមួយគត់ បើករណីហត់ខ្លាំង តែនៅទីនេះ គឺមានបំពង់អុកស៊ីហ្សែនជាច្រើនដបជំនួយនៅខាងក្រៅ បើករណីកំពុងរត់ មានអាការៈថប់ដង្ហើម ឬមិនស្រួល ពួកគេមានតែដកឃ្លាភ្លាមៗរត់មកផ្នែកខាងក្រៅទីលាន ដើម្បីជំនួយខ្យល់អុកស៊ីហ្សែន ឬប្រើប្រាស់វាពេល Cooling Break ឬដល់ពេលវេលាសម្រាកបញ្ចប់តង់ទីមួយនោះតែម្តង៕
ប្រភព៖ បរទេស