មើល​រំលង Liverpool មើល​រំលង Spurs ជើង​ចាស់ David Silva ថា​បើ​ក្លឹប​នេះ​អាច លោត​រួច​ជាមួយ Man City

កីឡាករ​ធ្លាប់​បម្រើ​អាជីព​ឲ្យ​ក្លឹប​សំពៅ​មាស Manchester City គឺ David Silva ថ្មីៗ​នេះ បាន​ចេញ​មក​បញ្ចេញ​មតិ​ ពាក់ព័ន្ធ​ការ​ដណ្តើម​ពាន​រង្វាន់ Premier League រដូវ​កាល ២០២៣/២៤ ដោយ​ជឿ​ថា ក្លឹប​ចាស់​របស់​ខ្លួន​នៅ​តែ​មាន​ប្រៀប ហើយ​ធៀប​នឹង​គុណភាព​ក្លឹប​ដទៃ​ក៏​មាន​ដែរ តែ​មិន​ច្រើន ពោល​មាន​តែ​មួយ​គត់​ក្នុង​ការ​យល់​ឃើញ។

នោះ​គឺ​កាំភ្លើង​ធំ Arsenal ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta ជា​អតីត​ដៃ​ស្តាំ​គ្រូ​ធំ Pep Guardiola នោះ​ឯង។ យើង​ទៅ​មើល​រដូវ​កាល​មុន​បន្តិច ពួកគេបញ្ចប់ចំណាត់ថ្នាក់ ឈរ​លេខ ២ បន្ទាប់ដេញ​នាំ​មុខ​ពី​ដើម​ដល់​ពាក់​កណ្តាល លុះ​ចុង​រដូវ​កាល​ក៏​របូត​ភ្លាត់​ចាញ់ City ដល់ទៅ ៥ ពិន្ទុវិញ។

នេះ​ឆ្លង​មក​រដូវ​កាល​ថ្មី ទើប​ចាប់ផ្តើម​បាន ៤ ជុំ ក៏​ម្ចាស់ដី Etihad Stadium ដដែល ឈរ​បណ្តែត​ឈ្មោះ​នៅ​កំពូល​តារាង មាន ១២ ពិន្ទុ​ពេញ នាំ​មុខ​ទៅ​លើ Tottenham, Liverpool, West Ham និង Arsenal ជា​ក្លឹប​មាន ១០ ពិន្ទុ​រៀង​គ្នា ឈរ​ចំណាត់ថ្នាក់​បន្ទាប់។

យ៉ាង​ណា​អតីត​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ ដែល​ទើប​ប្រកាស​ចូល​និវត្ត​កាល​ចុង​ខែ​កក្កដា ពុំ​បាន​មើល​ឃើញ​លទ្ធភាព​នៃ​ក្លឹប Spurs ឬ Liverpool ជា​ដើម​ឡើយ ផ្ទុយ​ទៅ​វិញ​សម្លឹង​ឃើញ Arsenal មួយ​គត់។ និយាយ​ប្រាប់​សារព័ត៌មាន The Mirror៖ “នេះ City ពួក​គេ​មាន​ក្រុម​ដ៏​អស្ចារ្យ ជាមួយ​កីឡាករ​មួយ​ចំនួន​ដែល​ពិត​ជា​ល្អ​ខ្លាំង វា​ជា​រដូវ​កាល​ទី ៨ ហើយ​របស់ Pep ដឹកនាំ​ក្លឹប ត្រង់​ឆ្នាំ​ដំបូង លោក​ហាក់​សម្រប​ខ្លួន​បាត់​ទៅ​ហើយ​ជាមួយ Premier League រហូត​មក​ទល់​ពេល​នេះ សឹង​តែ​ថា​ជា​ក្លឹប​គ្មាន​នរណា​អាច​បញ្ឈប់”។

លោក​បន្ត៖ “ក៏​ប៉ុន្តែ Arsenal រាប់​ជា​ក្លឹប​មួយ​ដែល​អាច​ទៅ​រួច ខ្ញុំ​មើល​ឃើញ​តែ​ពួក​គេ​មួយ​គត់ ប្រហែល​ថា​អាច​ប្រជែង​ពាន​រង្វាន់​នឹង City ចំណែក​បណ្តា​ក្លឹប​ដទៃ ខ្ញុំ​គិត​ថា អត់​អាច​ទៅ​រួច​នោះ​ឡើយ ចំពោះ​រដូវ​កាល​មុន​ការ​លេង​របស់​ក្លឹប​នៅ Champions League ពួក​គេ​ធ្វើ​បាន​ល្អ គ្រាន់​ខ្ញុំ​ស្តាយ​ត្រង់​ពេល​ខ្ញុំ​នៅ យើង​មិន​អាច​ឈ្នះ”។

“ពួក​គេ​សក្តិសម​នឹង​ទទួល​បាន​សមិទ្ធផល​អស់​នេះ ដូច​គ្នា​ទាំង​សម្រាប់​អ្នក​គាំទ្រ ក្នុង​ការ​ឈ្នះ Premier League, Champions League រួម​ទាំង FA Cup វា​ជា​ការ​សម្រេច​ដ៏​ធំធេង​បំផុត”។

គួរ​ឲ្យ​ដឹង​ដែរ​ថា កាលវិភាគ​ប្រកួត​របស់​ក្លឹប​ការពារ​តំណែង​ជើង​ឯក នឹង​ត្រូវ​ត្រលប់​មក​វិញ​ក្រោយ​ចប់ International Break ​នា​វេលា​ម៉ោង ០៩:០០ នាទី​យប់ ​ថ្ងៃ​សៅរ៍ ទី ១៦ ​កញ្ញា ជា​ការ​ជួប​ម្ចាស់ផ្ទះ West Ham នៅ​ជុំ​ទី ៥ Premier League។ ​ក្រោយ​នោះ ៤ ​ថ្ងៃ​ពួក​គេ​ក៏​ទទួល​ភារកិច្ច​ធំ ក្នុង​ក្របខ័ណ្ឌ UEFA Champions League ជុំ​ដំបូង​វគ្គ​ចែក​ពូល ទល់​ក្លឹប Crvena Zvezda ក្នុង​ពូល G សុទ្ធ​សឹង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS។

ចុងក្រោយ​យើង​ឆ្លៀត​ច្បិច​ចូល​ពាក់ព័ន្ធ​អនាគត​អ្នកចាត់ការ​កាន់​ឆ្នាំ​លោក Pep Guardiola បន្តិច ត្រង់​ថ្មីៗ​មាន​ចចាមអារ៉ាម​ផ្សារភ្ជាប់​ឈ្មោះ​របស់​លោក ទៅ​កាន់​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស។ មាន​ការ​លើក​ឡើង​ថា Gareth Southgate ជា​គ្រូ​សព្វថ្ងៃ នឹង​ចុះ​ចេញ​ក្រោយ​ចប់ EURO 2024 ចំ​ការ​បិទ​បញ្ចប់​រដូវ​កាល​នេះ ដែល​មុន​ការ​ផុត​កុងត្រា​មួយ​ឆ្នាំ​របស់​គ្រូ​សញ្ជាតិ​អេស្ប៉ាញ នៅ City។

ហេតុផល​គ្រប់​គ្នា​ចង់​ឃើញ Guardiola ទៅ​ដឹកនាំ ក៏​ដោយសារ​ជឿជាក់​លើ​យុទ្ធវិធី​ដឹកនាំ​របស់ Pep ​សិក្សា​យល់​ច្បាស់​អំពី​កីឡាករ​អង់គ្លេស ជា​ហេតុ​មាន​ភាគរយ​អាច​ជួយ​ពួក​គេ​កាន់​ពាន FIFA World Cup 2026 ជា​ថ្មី ​បន្ទាប់​ខកខាន​តាំង​ឆ្នាំ ១៩៦៦៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT