យើងកំពុងស្ថិតក្នុងពេលវេលាសម្រាកអន្តរជាតិ ឬភាសាបច្ចេកទេសហៅថា International Break ដែលបណ្តាក្លឹបនៅអឺរ៉ុបទាំងអស់ត្រូវដកឃ្លា ផ្តល់ពេលវេលាសម្រាប់កីឡាករ ខ្លះទៅក៏បានសម្រាក ខ្លះទៅក៏ជាប់ភារកិច្ចទៅជួយជម្រើសជាតិបន្តទៀត។
កំឡុងចាប់ផ្តើមរដូវកាលថ្មី ២០២៣/២៤ បាន ៣ ទៅ ៤ ជុំ តើបងប្អូនចាប់អារម្មណ៍គុណភាពក្លឹបណាមួយជាងគេ? យ៉ាងណាងាកមកអត្ថបទនេះ CTS SPORTS បង្ហាញស្ថិតិដ៏ល្អឥតខ្ចោះរបស់ក្លឹបទាំង ៦ រាប់តែក្នុងលីគកំពូលទាំងប្រាំប្រចាំតំបន់អឺរ៉ុប ស្គាល់តែជ័យជម្នះ ឥតស្គាល់ចាញ់និងស្មើ៖
៦) Bayer Leverkusen
ជារឿងភ្ញាក់ផ្អើលនៅដំណាក់កាលដំបូងនៃរដូវកាលថ្មីសារនេះ Leverkusen លេងអត់ទាន់ស្គាល់ចាញ់ អត់ទាន់របូតសូម្បីមួយពិន្ទុនៅក្របខ័ណ្ឌ Bundesliga។ ពួកគេឈ្នះទាំង ៣ មាន ៩ ពិន្ទុពេញ រកបាន ១១ គ្រាប់ របូតត្រឹម ៣ គ្រាប់ សម្រេចឲ្យឈរចំណាត់ថ្នាក់កំពូលតារាងបណ្តោះអាសន្ន។ ប្រកួតមុនៗនោះ ក្លឹបដឹកនាំដោយអ្នកចាត់ការលោក Xabi Alonso បានយកឈ្នះទៅលើ RB Leipzig, Borussia Monchengladbach និង Darmstadt។
៥) Bayern Munich
ក៏រក្សាកេរ្តិ៍ឈ្មោះបានល្អដូចដើម គ្រាន់តែចាញ់គ្រាប់បាល់ចំណេញធៀប Leverkusen ទើបជាហេតុនាំឲ្យក្លឹបដឹកនាំដោយលោក Thomas Tuchel ចុះឈ្មោះមកឈរលេខ ២ នៅ Bundesliga។ ប្រកួតមុនពួកគេយកឈ្នះ Werder Bremen, Augsburg និង Borussia Monchengladbach ហើយចូលទៅជំនួបបន្ទាប់នាពាក់កណ្តាលខែកញ្ញា គឺនឹងដឹងសខ្មៅ តាមរយៈការប៉ះរបស់ពិត Leverkusen ម៉ោង ០១:៣០ នាទីទៀបភ្លឺ ចូលថ្ងៃទី ១៦ កញ្ញា ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS។
៤ និង ៣) ត្រកូល Milan
ងាកមកក្របខ័ណ្ឌអ៊ីតាលី Serie A ក៏ដូចគ្នាទៅនឹង Bundesliga យ៉ាងដូច្នោះ ដោយមាន ២ ក្លឹបឈោងបានស្ថិតិឈ្នះ ១០០ ភាគរយ នោះគឺ AC Milan និង Inter Milan។ ត្រង់ក្លឹប Milan ក្រហម រកបាន ៨ គ្រាប់ របូត ២ គ្រាប់ ទល់ Bologna, Torino និង AS Roma ឈរចំណាត់ថ្នាក់ទី ២ រីឯ Milan ខៀវ រកបាន ៨ គ្រាប់ របូត ០ ឈរកំពូលតារាង ជា Clean sheet ទល់ក្លឹប Monza, Cagliari និង Fiorentina។
២) Real Madrid
ឆ្លងទៅក្របខ័ណ្ឌអេស្ប៉ាញ La Liga ក្លឹបធំ Barcelona និង AT Madrid មានស្គាល់ចាញ់ស្គាល់ស្មើ ខណៈសល់ក្លឹបកំពូលមួយគត់គឺស្តេចស Real Madrid ដែល ៤ ប្រកួត ឈ្នះទាំង ៤ ទទួលបាន ១២ ពិន្ទុពេញ។ រកបាន ៨ របូត ២ គ្រាប់ បន្ទាប់ការយកឈ្នះជាប់ៗគ្នាទៅលើ Athletic Club, Almeria, Celta Vigo និង Getafe គ្រប់យ៉ាងក៏អរគុណជាពិសេសដល់ចំណែកគ្រាប់បាល់បណ្តាក់គ្នាចេញពីថ្វីជើងខ្សែបម្រើ Jude Bellingham។
១) Manchester City
អត់មានទេឈ្មោះក្លឹបនៅបារាំង បិទបញ្ជីចុងក្រោយនេះគឺក្លឹបអង់គ្លេស ជាក្លឹបការពារជើងឯកនោះឯង។ ៤ ប្រកួតរបស់សំពៅមាស ទទួលបាន ១២ ពិន្ទុពេញ របូត ២ គ្រាប់គត់ ឲ្យក្លឹប Fulham និង Sheffield តែការរកបានគ្រាប់បាល់សរុបដល់ទៅ ១១។
យើងចាំមើលបន្តទៅទៀត តើការជម្រុះចម្រាញ់ស្វែងរកក្លឹបមិនស្គាល់ចាញ់ មិនស្គាល់ស្មើ នឹងត្រូវកាត់បន្ថយសល់តួលេខប៉ុន្មាននៅពេលខាងមុខ ក្រោយចប់ International Break?
ប្រភព៖ បរទេស