Van de Beek ​បរាជ័យក្នុងការចាកចេញពី Man United ដោយសារអាកប្បកិរិយារបស់ខ្លួន

បន្ទាប់ពីចូលរួមជាមួយ Man United ពី Ajax នៅឆ្នាំ ២០២០ កីឡាករ Van de Beek បានស៊ូទ្រាំជាមួយនឹងពេលវេលាដ៏លំបាកនៅ Old Trafford ដោយខ្សែបម្រើរូបនេះបានបរាជ័យក្នុងការស្វែងរកទម្រង់លេងដូចដែលគាត់ធ្លាប់បានបង្ហាញក្នុងអំឡុងពេលគាត់លេងនៅលីគហូឡង់ បូករួមជាមួយរបួសផ្សេងៗទៀត។ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ វាត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថាគាត់នឹងចាកចេញពី Man United ដើម្បីស្តារអាជីពរបស់គាត់ ឡើងវិញ។

Van de Beek ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​​ទៅ​ក្រុម Lorient របស់​បារាំង Ligue 1 ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​មិន​ទាន់​សម្រេច​បាន​ឡើយ។

យោងតាមសារព័ត៌មានបារាំង L’Equipe ក្លឹប Lorient បានជ្រើសរើសមិនបន្តចរចារចុះហត្ថលេខាលើ Van de Beek បន្ទាប់ពីពួកគេមិនពេញចិត្តចំពោះ អាកប្បកិរិយារបស់គាត់ចំពោះពួកគេ។

គេជឿថាកីឡាកររូបនេះបានបដិសេធមិនចរចារជាមួយ Lorient ទោះបីជាពួកគេបានយល់ព្រមលើកិច្ចសន្យាខ្ចីជើងជាមួយ United ក៏ដោយ។

របាយការណ៍បានអះអាងថានៅម៉ោងប្រហែល ១០ យប់នៅថ្ងៃផុតកំណត់នៃការផ្ទេរ Van de Beek និងភ្នាក់ងាររបស់គាត់បានត្រលប់ទៅតុចរចារជាមួយ Lorient វិញ។ទោះជាយ៉ាងណាក៏ដោយ អ្នកដឹកនាំនៅ Lorient មិនពេញចិត្តចំពោះវិធីដែល Van de Beek និងអ្នកតំណាងរបស់គាត់បានដោះស្រាយការផ្ទេរនេះ ហើយបានសម្រេចចិត្តមិនបន្តកិច្ចព្រមព្រៀងនេះ។

ជំនួសឱ្យខ្សែបម្រើសញ្ជាតិហូឡង់ Lorient បានជ្រើសរើសចុះហត្ថលេខាលើអតីតកីឡាករ Chelsea និង Monaco កីឡាករ Tiemoue Bakayoko លើការផ្ទេរដោយគ្មានតម្លៃខ្លួន។

ជា​លទ្ធផល Van de Beek នៅ​បន្ត​ស្នាក់នៅជាមួយ United រហូត​ដល់​ពេល​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT