ការចាប់ផ្តើមរដូវកាលថ្មី ២០២៣/២៤ ហាក់មានរឿងរ៉ាវរង្គោះរង្គើច្រើនជាងរដូវកាលមុន ជាពិសេសក្នុងក្របខ័ណ្ឌ Premier League ដូចជុំទី ៤ សប្ដាហ៍នេះ ឆ្លងតែប៉ុន្មានគូយប់មិញ មិនទាន់ដល់គូធំ Super Sunday ផង ក៏មានកំណត់ត្រាដាស់អារម្មណ៍បងប្អូនអ្នកស្នេហាវិស័យបាល់ទាត់ជាបណ្តើរៗបាត់។
ឆ្លៀតប្រាប់បងប្អូនយើងបន្តិចមុនចូលសាច់រឿង យប់នេះម៉ោង ១០:៣០ នាទី លើទំព័រ CTS SPORTS នឹងមានការផ្សាយបន្តផ្ទាល់គូក្រហមប៉ះគ្នា រវាង Arsenal ទល់ Manchester United ដូច្នេះក៏កុំភ្លេចចុច Follow ឬដាក់ See First ដើម្បីទទួលបានលីងទស្សនាទាន់ពេលវេលា។
ចូលទៅរឿងរ៉ាវយប់មិញ គ្រាប់បាល់បានកើតឡើងជាបន្តបន្ទាប់ ដល់ MC ស្រែកលែងចង់ទាន់ ហើយក្នុងចំណោមនោះ ក៏មានការបញ្ចប់ទីរកបាន Hat-trick ចេញពីកីឡាករដល់ទៅ ៣ រូប ព្រមគ្នាក្នុងថ្ងៃតែមួយ ដល់ភ្ញោចបានកំណត់ត្រាមហាប្រវត្តិសាស្រ្តខកខានកើតមាន ២៨ ឆ្នាំមកហើយ។
នោះគឺការរកបាន ៣ គ្រាប់ ចេញពីកីឡាករ ៣ រូបផ្សេងគ្នា ខកខានកើតមាននៅ Premier League តាំងរដូវកាល ១៩៩៤/៩៥ ជំនាន់ធ្វើបានដោយ Robbie Fowler, Alan Shearer និង Tony Yeboah។ ដល់រដូវកាល ២០២៣/២៤ ទើបចាប់ផ្តើមថ្មីថ្មោងក៏មាន Son Heung-min, Erling Haaland និង Evan Ferguson ចូលដៃគ្នា គាស់កំណត់ត្រានោះឡើងម្តងទៀត។
យើងទៅមើលប្រកួតរវាង Burnley ទល់ក្លឹបភ្ញៀវ Tottenham Hotspur បញ្ចប់លទ្ធផល ២-៥ នេះខាងក្លឹបមាន់ខ្នាយមាស ធ្វើបានដោយ Cristian Romero, James Maddison និងខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min ដល់ទៅ ៣ គ្រាប់ម្នាក់ឯង ក្នុងចន្លោះនាទី ១៦, ៦៣ និង ៦៦។ នេះបានរុញតួលេខគ្រាប់បាល់នៅ PL របស់ម្ចាស់អាវលេខ ៧ Spurs សម្រេចនាំមុខលើអតីតម្ចាស់អាវលេខ ៧ Man United, Cristiano Ronaldo បានហើយ។
សរុបនៅ ២៧២ ប្រកួត Son រកបាន ១០៦ គ្រាប់និងកំពុងបន្ត ដល់តែ Ronaldo ឈរជើងឲ្យបិសាចក្រហម ២ ជំនាន់ សរុបការបង្ហាញខ្លួន ២៣៦ ប្រកួត រកបាន ១០៣ គ្រាប់ មុនចាកចេញផ្ទេរទៅក្លឹបនៅអារ៉ាប៊ីសាអូឌីត។
អ្នកបន្តទៀតគឺមនុស្សយន្ត Erling Haaland នេះវាសឹងតែក្លាយជារឿងធម្មតាសម្រាប់យុវជនវ័យ ២៣ ឆ្នាំ ត្រង់ Hat-trick កើតញឹកនោះញឹក យប់មិញបញ្ចប់ទី នៅនាទី ៥៨, ៧០ និង ៩០+៥ វាគឺជាតួលេខទី ៤២ នៅ ៣៩ ប្រកួតសរុបក្នុងអាជីពនៅក្របខ័ណ្ឌកំពូលអង់គ្លេស។ គួរឲ្យដឹង នេះជាកញ្ចប់ Hat-trick លើកទី ៥ ក្នុងអាជីពកីឡាករន័រវេស ត្រឹមរដូវកាលទីពីរ គេស្មើតួលេខធ្វើបានរបស់ Rudd van Nistelrooy និង Robin van Persie បាត់ទៅហើយ។
ចុងក្រោយគូបិទយប់ថ្ងៃសៅរ៍រវាង Brighton ទល់ Newcastle ក៏មានកញ្ចប់ Hat-trick កើតឡើងដូចគ្នាទៀត នេះធ្វើបានដោយខ្សែប្រយុទ្ធពាក់អាវលេខ ២៨ គឺ Evan Ferguson នៅចន្លោះនាទី ២៧,៦៥ និង ៧០។ សម្រាប់យុវជនសញ្ជាតិអៀរឡង់ នេះគឺជា Hat-trick លើកដំបូង ក៏ចំថ្ងៃចារឈ្មោះក្នុងកំណត់ត្រា មិនងាយមានអ្នកចូលរួមធ្វើបាន ជារួមទើបកើតឡើង ២ លើកគត់ ចាប់តាំងការបង្កើត Premier League នៅឆ្នាំ ១៩៩២៕
ប្រភព៖ បរទេស