ជាក្លឹបមានអាយុកាល ១១៧ ឆ្នាំមកហើយ ក៏ប៉ុន្តែចាប់លេចធ្លោមានមុខមានមាត់លើឆាកពានរង្វាន់អឺរ៉ុប ទើបតែជាង ៥ ឆ្នាំចុងក្រោយនេះ បន្ទាប់ដើរកាត់ផ្លូវដ៏វែងឆ្ងាយ ជ័យជម្នះក៏កើត បរាជ័យក៏គេចមិនផុត តែគ្រប់យ៉ាងដោយសារបានឆន្ទៈរបស់ក្លឹប រួមគ្នានឹងអ្នកគាំទ្រស្មោះស្ម័គ្រឥតបោះបង់ ទម្រាំអាចរុញឲ្យ FC Union Berlin មានកន្លែងឈរនៅចំណុចដ៏ខ្ពស់ទល់សព្វថ្ងៃ។
ការបោះជំហានទៅមុខពោរពេញដោយទឹកចិត្តស្រលាញ់ នេះ CTS SPORTS និទានរឿងរ៉ាវត្រួសៗអំពីដំណើរផ្សងព្រេងរបស់ក្លឹបស្ថិតក្នុងទីក្រុងប៊ែរឡាំង ដែលទើបតែចាប់ឆ្នោតប៉ះក្នុងពូល C ពាន UEFA Champions League កាលពីប៉ុន្មានថ្ងៃមុន៖
ថយក្រោយទៅ ២ ទសវត្សមុន ក្លឹបស្ថិតក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ត្រូវបានកាត់ឈ្មោះចេញពីលីគ ពីរឆ្នាំជាប់។ យើងទៅមើលរដូវកាល ២០០៣/០៤ នៅក្របខ័ណ្ឌលំដាប់ពីរ 2.Bundesliga ពួកគេឈរនៅតំបន់ក្រហម លេខរៀងទី ១៧ ត្រូវធ្លាក់ទៅក្របខ័ណ្ឌលំដាប់បី Regionalliga។ ដល់ហើយចូលរដូវកាលបន្ទាប់ ២០០៤/០៥ ក៏បន្តឈរនៅបាតតារាងថែមទៀត នេះ Union Berlin ឈរនៅចំណាត់ថ្នាក់ទី ១៩ ធ្លាក់ទៅក្របខ័ណ្ឌលំដាប់បួន Oberliga។
បើទោះបីធ្លាក់ចុះពីមួយកម្រិតទៅមួយកម្រិត ក៏ប៉ុន្តែក្លឹបនៅមានដង្ហើមដក ក៏អរគុណទឹកចិត្តអ្នកគាំទ្រជាពិសេស ដែលមិនបានបោះបង់ ហើយដើរតាមគាំទ្រជានិច្ច រហូតដល់ពេលមួយនោះ ក្លឹបមានការខ្វះខាតខ្លាំង ក៏អ្នកគាំទ្រជាច្រើននាក់ប្រមែប្រមូលគ្នាចូលរួមបញ្ចេញកម្លាំងពលកម្មឥតគិតថ្លៃ ជួយសាងសង់កីឡដ្ឋាន ដោយប្រើពេល ១៤០ ០០០ ម៉ោង មិនយកប្រាក់មួយរៀលទៀតផង។
ជាការអរគុណឆ្លើយតបទឹកចិត្តដ៏ធំសម្បើមរបស់អ្នកគាំទ្រ ទីបំផុតនៅឆ្នាំ ២០១៩ ក្លឹបក៏ទទួលបានកៅអីមកចូលរួមនៅក្របខ័ណ្ឌលំដាប់មួយ Bundesliga ជាថ្មី ហើយនៅរដូវកាលបន្ទាប់នោះពួកគេឈរចំណាត់ថ្នាក់ទី ៧ ទទួលបានកៅអីមកចូលរួមពានអឺរ៉ុបជាលើកដំបូង គឺ UEFA Europa Conference League តែធ្លាក់ត្រឹមវគ្គចែកពូល ប្រកួតទល់ Slavia Prague, Maccabi Haifa និង Feyenoord។
តែក្រឡេកមើលទៅរដូវកាលបន្ទាប់ Union Berlin ធ្វើព្យុះធ្វើភ្លៀងកាន់តែខ្លាំងជាងមុនបន្ថែមនៅ Bundesliga នេះពួកគេបញ្ចប់រដូវកាលឈរលេខ ៥ ទទួលបានកៅអីទៅចូលរួមពាន Europa League រដូវកាល ២០០២/២៣។ ក៏បានឡើងដល់វគ្គ ១៦ ក្រុម បរាជ័យក្រោមថ្វីជើងក្លឹបបែលហ្សិក Royael Union Saint-Gilloise។
ទឹកចិត្តរបស់គ្រូសញ្ជាតិស្វីស Urs Fischer មិនទាន់បញ្ចប់ត្រឹមប៉ុណ្ណឹងទេ ដល់រដូវកាលចុងក្រោយ ២០២២/២៣ ក៏ដឹកនាំក្លឹបឈោងបានតំណែង Top 4 ទទួលកៅអី Champions League ជាលើកដំបូង មិនធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្ត ឥឡូវការចាប់ឆ្នោតក៏សម្រេច គឺត្រូវជួប Napoli, Real Madrid និង SC Braga។
នេះគឺជាការភ្លក់បទពិសោធន៍ថ្មីសន្លាង ជាក់ស្តែងមិនធ្លាប់តតាំងក្លឹបយក្សនៅអ៊ីតាលី និងអេស្ប៉ាញពីមុនមកឡើយ។ ឥឡូវជួបហើយគីឡូម្ចាស់ជើងឯក Serie A រដូវកាលចាស់គឺ Napoli និងស្តេចពាន UCL ១៤ សម័យគឺ Real Madrid។ យើងនឹងរង់ចាំមើល ថាតើ Union Berlin នឹងអាចកត់ត្រារឿងរ៉ាវអ្វីថ្មីបន្ថែមទៀត ក្នុងដំណើរផ្សងព្រេងមិនទាន់បញ្ចប់របស់ពួកគេ?
ប្រភព៖ បរទេស