ស្ទើរ​ភាសា​អង់គ្លេស ដ្បិត​ Messi ចេះច្បាស់​តែ​ ២ ភាសា​នេះ ទើប​បង្ខំចិត្ត​ត្រូវ​ដើរ​រំលង​ច្បាប់​នៅ MLS

បើ​ទោះ​បី​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នេះ​បន្ត​រក​បាន​គ្រាប់​បាល់​ជាប់​ប្រកួត​តាំង​ពី​ពាន​តូច​ពាន​ធំ តែ​ Lionel Messi បែរ​មក​ត្រូវ​ជួប​បញ្ហា​ធ្លាប់​ប្រទះ​ សារ​នេះ​កើត​ឡើង​នៅ​ទឹកដី​សហរដ្ឋអាមេរិក។ នោះ​គឺ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស ដែល​ជា​ភាសា​ផ្លូវការ​នៅ​ទ្រនំ​ថ្មី​នៃ​ក្លឹប Inter Miami ក៏​ដូច​ជា​មធ្យោបាយ​ប្រាស្រ័យ​ទាក់ទង​ទូទៅ ក្នុង​ប្រទេស​ទាំង​មូល។

រឿង​ហេតុ​យើង​សារ​ថយ​ក្រោយ ទៅ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Major League Soccer កាល​ពី​ថ្ងៃ​មុន ដែល​ក្លឹប​បាត​តារាង Miami បាន​យក​ឈ្នះ New York Red Bulls ជាមួយ​លទ្ធផល ២-០ ក៏​មាន​គ្រាប់​បាល់​របស់​ស្តេច​ពពែ​អាហ្សង់ទីន​មួយ​ផង​ដែរ។

ក្រោយ​មក​បន្ទាប់​តែ​ចប់​ការ​ប្រកួត Messi បែរ​បំពាន​លើ​ច្បាប់​កំណត់​នៃ​ក្របខ័ណ្ឌ​បាល់ទាត់​អាមេរិក តាំង​ពី​ជុំ​ដំបូង​ទៅ​ហើយ គឺ​ត្រង់​ថា លោក​ពុំ​បាន​បង្ហាញ​ខ្លួន​នៅ​សន្និសីទ​សារព័ត៌មាន ឬ​ផ្តល់​ពេលវេលា​សម្រាប់​អ្នក​រាយការណ៍​មក​សួរនាំ នៅ​ពេល​បន្ទាប់​នោះ។

ជា​ការ​ពិត​ច្បាប់​បាល់ទាត់​នៅ​សហរដ្ឋអាមេរិក កីឡាករ​ទាំង​អស់​កំណត់​ត្រូវ​មាន​ពេល​ជជែក ឆ្លើយតប​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ចប់​ការ​ប្រកួត ហើយ​ចំណុច​នេះ​ក៏​អនុញ្ញាត​ក្នុង​លក្ខខណ្ឌ​ពិសេស សម្រាប់​អ្នក​កាសែត​អស់​នោះ ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​សម្ភាសន៍​ផ្ទាល់​នឹង​កីឡាករ​ទៀត​ផង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អនុប្រធាន​ប្រតិបត្តិ​ផ្នែក​ទំនាក់ទំនង​របស់ MLS លោក Dan Courtemanche បាន​សង្កត់​ធ្ងន់​ថា មិន​មាន​ការ​លើកលែង​សម្រាប់​កីឡាករ​ណា​ម្នាក់​ទេ រួម​បញ្ចូល​ទាំង Messi ក្នុង​ការ​អនុវត្ត គោរព​លើ​ច្បាប់​បាន​ចែង តែ​យ៉ាង​ណា​បែរ​មិន​ឃើញ​មាន​វត្តមាន​របស់​អតីត​សមាជិក Barcelona ទៅ​វិញ។

ជា​ការ​ឆ្លើយតប​អ្នក​នាំ​ពាក្យ​ក្លឹប Miami អ្នក​ស្រី Molly Dreskaបាន​ប្រាប់​ទៅ​អ្នក​កាសែត​ច្បាស់ៗ​ថា ដោយសារ Messi មិន​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ ទើប​ជា​ហេតុ​នាំ​ឲ្យ​អវត្តមាន។ យើង​មិន​ច្បាស់​ថា​ត​ទៅ​មុខ ប្រធាន​ក្លឹប​លោក David Beckham នឹង​ដោះស្រាយ​បញ្ហា​នេះ ជាមួយ​ MLS ដោយ​វិធី​ណា​ទេ ក៏​មិន​ទាន់​ប្រាកដ​ថា Messi ត្រូវ​ជាប់​ពិន័យ​ណា​មួយ​ឬ​ក៏​អត់។

ចែករំលែក​ទៅ​កាន់​បងប្អូន​អ្នក​គាំទ្រ​ឲ្យ​បាន​ដឹង ខ្សែ​ប្រយុទ្ធ វ័យ ៣៦ ឆ្នាំ តាំង​ពី​ដើម​មក​ម្ល៉េះ ត្រូវ​បាន​សាធារណៈ​ជន​ខាង​ក្រៅ​ទទួល​ស្គាល់ ថា​លោក​មិន​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ឡើយ។ ដូច​គ្នា​នឹង​កាល​នៅ​ក្លឹប​ចាស់ Paris Saint-Germain ក៏​មិន​បាន​ផ្តោត​ទៅ​រៀន​ភាសា​បារាំង​អី​នោះ​ដែរ ជា​រួម​លោក​ស្ទាត់​តែ​ការ​ប្រើប្រាស់​ភាសា ២ ប៉ុណ្ណោះ​ក្នុង​អាជីព រួម​មាន ភាសា​អេស្ប៉ាញ និង​ភាសា​កាតាឡាន់។

បញ្ជាក់​បន្តិច ភាសា​អេស្ប៉ាញ និង​កាតាឡាន់ មិនមែន​ជា​ភាសា​តែ​មួយ​ឡើយ ដោយ​ទាំង​សម្លេង វេយ្យាករណ៍ មាន​លក្ខណៈ​ពីរ​ដាច់​ដោយឡែក។ ត្រង់​ថា​ដើម​ឡើយ Messi កើត​នៅ​ទីក្រុង Rosario ប្រទេស​អាហ្សង់ទីន ដែល​ភាសា​ផ្លូវការ​គេ​ប្រើប្រាស់​នៅ​ទី​នោះ គឺ​អេស្ប៉ាញ អ៊ីចឹង​លោក​ចេះ​និយាយ​អេស្ប៉ាញ​តាំង​ពី​កំណើត​មក​ម្ល៉េះ។

រហូត​ដល់​អាយុ ១៣ ឆ្នាំ ពេល​ទៅ​រស់នៅ​ក្នុង​តំបន់​កាតាឡូញ៉ា ជាមួយ​ក្លឹប FC Barcelona វា​ជា​ពេល​ផ្លាស់ប្តូរ​ការ​ប្រើប្រាស់​ភាសា​ថ្មី ទៅ​តាម​បរិបទ​កាតាឡាន់​វិញ​ម្តង។ ចំពោះ​ភាសា​អង់គ្លេស ម្តងម្កាល​បើ​ចាំ​បាច់​ខ្លាំង លោក​ត្រូវ​មាន​អ្នក​បកប្រែ​ចាំ​ជំនួយ ឬ​ជួន​ខ្លះ ពឹង​ឲ្យ​ភរិយា​អ្នក​ស្រី Antonella Rocuzzo ដែល​គេ​ដឹង​ថា នាង​អាច​និយាយ អាច​ស្តាប់​អង់គ្លេស​បាន​យល់​ល្អ​ជាង Messi ជា​ប្តី៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT