ការចែកផ្លូវពី Paris Saint-Germain រាប់ជាពេលវេលាដ៏រីករាយបំផុតមួយសម្រាប់អាជីព Lionel Messi ត្រង់លោកហាក់ដូចដកបន្លាចេញពីទ្រូង មក Boom ជោគជ័យជាថ្មីនៅដីអាមេរិក រំលេចចេញតែស្នាមញញឹម ភាពសើចក្អាកក្អាយ សប្បាយជុំអ្នកគាំទ្រជិត ១០ ប្រកួតមកហើយ។
ទើបតែលើកពានថ្ងៃមុនសោះ ធ្មេចបើករំលងតែមួយខែបន្ទាប់ ថាមិនត្រូវ M10 សម្លឹងឃើញការឈ្នះពានរង្វាន់មួយបន្ថែមទៀតបាត់ នេះក៏ក្រោយការយកឈ្នះទៅលើ Cincinnati ដោយលទ្ធផលកាត់សេចក្តីប៉េណាល់ទី ៥-៤ បន្ទាប់ស្មើ ៣-៣ នៅ ១២០ នាទីពេញលើទីលាន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U.S Open Cup។
សារទៅយប់មិញ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ អត់អាចរកបានគ្រាប់បាល់ទេ បើយើងមិនរាប់ប៉េណាល់ទីចាញ់ឈ្នះ តែសំខាន់បំផុត គឺការលើក ឬក្រុសចូលដោយបច្ចេកទេស ដូចបន្តក់ឲ្យមិត្តរួមក្រុមបញ្ចប់ទីយកគ្រាប់បាល់ច្បាស់ហួស។ ដំបូងឡើយខាង Cincinnati បើកការនាំមុខមុន ២ គ្រាប់ រហូតដល់នាទី ៦៨ និង ៩០+៧ ទើប Miami អាចតាមស្មើ តាមរយៈការតែតបញ្ចូលទីរបស់ Leaonardo Campana ហើយក៏អរគុណជាពិសេសដល់បច្ចេកទេស Assist ក្រុសបាល់ចូលប្រអប់ទាំងពីរជើងរបស់ស្តេចពពែអាហ្សង់ទីន។
រំលងប្រកួតនេះហើយ ចូលទៅប្រកួតបន្តបន្ទាប់ Messi វិលចូលបេសកកម្មនៅ Major League Soccer ឬហៅកាត់ MLS ជាលីគកំពូលរបស់អាមេរិក ធៀបបាននឹង Premier League របស់អង់គ្លេស ឬ La Liga របស់អេស្ប៉ាញវិញម្តង រួចប្រកួតដំបូងរបស់គេ គឺត្រូវប៉ះ NY Red Bulls នាវេលាម៉ោង ០៦:៣០ នាទីព្រឹក ថ្ងៃអាទិត្យ ទី ២៧ សីហាខាងមុខ ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS។ បន្តទៀតតាមកាលវិភាគក៏មានជួប Nashville, LAFC, Sporting KC, Atalanta United, Toronto និង Orlando City ចន្លោះពេលមួយខែពេញ មុនត្រូវតតាំងនាវគ្គផ្តាច់ព្រ័ត្រ U.S Open Cup ជាអនាគតពានរង្វាន់ទីពីរនៅអាមេរិកសម្រាប់ Messi ទល់ក្លឹប Houston Dynamo នៅថ្ងៃទី ២៧ កញ្ញា។
ក្រឡេកទៅមើលស្ថិតិគួរឲ្យចាប់ចិត្ត ផ្តិតចេញពីគុណភាពរបស់ M10 បន្តិចនៅ ៨ ប្រកួតដំបូងឲ្យ Miami តារាឆ្នើមខាងលើ បានចូលរួមចំណែកយ៉ាងធំធេង ជួយក្លឹបឥតស្គាល់បរាជ័យសូម្បីមួយ ដ្បិតអី ១១ ប្រកួត មុនពេលមាន Messi មកដល់ ក្លឹបដឹកនាំដោយប្រធានលោក David Beckham ចាញ់ដល់ ៨ ស្មើ ៣ និងឈ្នះ ០។
កំឡុងពេលនោះ Messi ចូលរួមចំណែកគ្រាប់បាល់ Goal/Assist សរុប ១៣ គ្រាប់ ដូចមួយគ្រាប់ទល់ Cruz Azul, ២ គ្រាប់ Assist ១ ទល់ Atalanta United, ២ គ្រាប់ទល់ Orlando City, ២ គ្រាប់ទល់ FC Dallas, ១ គ្រាប់ទល់ Charlotte FC, ១ គ្រាប់ទល់ Philadelphia Union, ១ គ្រាប់ទល់ Nashvile SC និង ២ Assist ទល់ FC Cincinnati។ គ្រាប់បាល់ទាំងអស់កើតមកសឹងគ្រប់ជ្រុង មិនថាបាល់ Free-kick បាល់វែងបាល់ខ្លី ការស៊ុតក្នុងប្រអប់ក៏មាន ស៊ុតក្រៅប្រអប់លើដំបូកក៏មាន រួចបើនិយាយអំពីការ Assist បច្ចេកទេសសុទ្ធសាធមិនហៅថាសំណាងឡើយ។
រួចក៏បានកាន់ពានរង្វាន់ Leagues Cup ជាពានលើកដំបូងសម្រាប់ខ្លួន ក៏ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តក្លឹប Miami ថែមទៀតផង។ នេះពួកគេថែមទាំងបានកត់ត្រាប្រវត្តិសាស្រ្តថ្មី ទទួលកៅអីឆ្ពោះទៅពានប្រចាំទ្វីប CONCACAF Champions League ជាលើកដំបូង ឥឡូវនៅ U.S Open Cup ក៏បានឡើងមកវគ្គផ្តាច់ព្រ័ត្រ ម្ល៉េះហើយបើឈ្នះតែមួយប្រកួតទៀត ក៏កត់ត្រាពានទីពីរចូលភ្លែត។
ទោះជាយ៉ាងណាបេសកកម្មធំបន្ទាប់ ក៏ជាផែនការណ៍អាទិភាពដែលអ្នកគាំទ្រ Miami ចង់ឃើញបំផុត គឺចង់ឃើញ Messi អាចស្រោចស្រង់ក្លឹបនៅបាតតារាងEastern Conference មួយនេះ ឡើងមកចំណុចកំពូលណាមួយ ដ្បិតអី ២២ ជុំ ពួកគេឈ្នះ ៥ ស្មើ ៣ ចាញ់ ១៤ ឈរលេខរៀងទី ១៥ ខណៈក្លឹបឈរកំពូលតារាងនៅប៉ែកខាងកើតគឺជា Cincinnati ក្លឹប Miami ទើបយកឈ្នះនោះឯង៕
ប្រភព៖ បរទេស