ខុស​ម្តង គេ​រា​មួយ​ជីវិត Greenwood គ្មាន​ផ្លូវ​ជាន់​ដី​អង់គ្លេស​ជា​ថ្មី តែ​បើ​ថា​ទ្រនំ​ថ្មី​នេះ​អាច

កាល​ពី​ខែ​មករា ឆ្នាំ ២០២២ Mason Greenwood ត្រូវ​បាន​ក្លឹប​អាណាព្យាបាល Manchester United ប្រកាស​ព្យួរ​ឈ្មោះ ក្រោម​ហេតុផល​ដែល​កីឡាករ​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​បទល្មើស​ប៉ុនប៉ង​រំលោភ ប្រើ​ហិង្សា និង​បង្ខិតបង្ខំ​បំពាន​ទៅ​លើ​ស្រ្តី​ជា​សង្សារ រួច​រំលង​ប៉ុន្មាន​ខែ​បន្ទាប់​ទល់​ចុង​ឆ្នាំ ទើប​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​គ្រប់យ៉ាង​គឺ​នៅ​បន្ត​បើក​ការ​ស៊ើបអង្កេត​ដដែល។

រួច​ចូល​មក​ដល់​ដើម​ឆ្នាំ ២០២៣ ក្លឹប​បិសាច​ក្រហម ក៏​ព្យាយាម​រក​វិធី​ដោះស្រាយ និង​សិក្សា​ពី​ឱកាស​នាំ​យក​យុវជន​ពោរពេញ​ដោយ​ទេពកោសល្យ​លើ​ទីលាន ត្រលប់​មក​ឈរ​ជើង​ជួយ​ក្លឹប​ជា​ថ្មី តែ​គ្រប់​យ៉ាង​វា​មិន​ដូច​ការ​រំពឹង​ទុក​ឡើយ។ ជា​ការ​ពិត​ថ្នាក់​លើ​ក្លឹប​ព្យាយាម​ចង់​ឲ្យ​អតីត​យុវជន​ថ្នាល​រូប​នេះ អាច​បង្ហាញ​មុខ​ជា​ថ្មី ដល់ព្រមអនុញ្ញាតឲ្យគេមកហ្វឹកហាត់ម្តងទៀត តែ​តាម​ការ​ស្ទាបស្ទង់​ស្ថានការណ៍​ចុង​ក្រោយ វា​មិន​អាច​ទៅ​រួច ស្រប​ពេល​ដែល​មាន​ការ​ប្រឆាំង​ដាច់អហង្ការ​ចេញ​ពី​មតិ​មួយ​ក្រុម​ធំ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដល់​ក្លឹប​សម្រេច​ផ្តាច់​កុងត្រា ចែក​ផ្លូវ​រវាង​កីឡាករ ​ក្នុង​លក្ខខណ្ឌ​ព្រមព្រៀង​ទាំង​សង​ខាង។

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវការ​ដែល​ថា Greenwood ក្លាយ​ជា Free Agent លើ​ទីផ្សារ​ដោះដូរ​នោះ​ទេ តែ​វា​ប្រៀប​ដូច​ជា​សញ្ញា​ឲ្យ​តម្រុយ​ដឹង​មុន​រួច​ទៅ​ហើយ ពោល​ជា​ការ​ជូន​ដំណឹង​ទៅ​បណ្តា​ភាគី​ក្លឹប​ចង់​បាន ចាប់​អារម្មណ៍​មក​លើ​ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ។ សូម្បី​តែ Fabrizio Romano ជា​ទំព័រ​គួរ​ឲ្យ​ទុក​ចិត្ត ក៏​បាន​ទទួល​ស្គាល់​ពាក់ព័ន្ធ​រឿង​នេះ​ដែរ។

ទោះ​ជា​យ៉ាង​ណា បើ​សួរ​ថា តើ​ទ្រនំ​បន្ទាប់​របស់ Greenwood គឺ​ជា​ក្លឹប​ណា? ចម្លើយ​ពិត​ជា​ពិបាក​នឹង​ឆ្លើយ ត្រង់​បណ្តា​ក្លឹបធំៗទាំង​អស់​ហាក់​រាថយ ព្រោះ​ខ្លាច​បំផុត​គឺ​ការ​អាប់​អោន​កិត្តិយស​ក្លឹប ខ្លាច​ទទួល​រង​សម្ពាធ​ពី​អ្នក​គាំទ្រ ដូច​គ្នា​នឹង​អាច​ឲ្យ​មិត្ត​រួម​ទ្រនំ​ថ្មី​របស់ Greenwood រង​សម្ពាធ​ពី​សំឡេង​ខាង​ក្រៅ ​ក្រោម​ហេតុផល​ជ្រើស​យក​កីឡាករ​ជាប់​បទល្មើស​មក​ប្រើប្រាស់ ពិសេស​គឺ​អ្នក​គាំទ្រ​ជា​នារីៗ​ផ្ទាល់​តែ​ម្តង។

បង្វែរ​ទៅ​ការ​យល់​ឃើញ​របស់ Chris Sutton ជា​អតីត​កីឡាករ​នៅ​ក្លឹប Blackburn Rovers និង Chelsea បន្តិច ដោយ​លោក​បាន​សង្កត់​ធ្ងន់ ថា​ស្លាប​ប្រយុទ្ធ​ជំនាញ​ជើង​សង​ខាង គ្មាន​ផ្លូវ​នឹង​អាច​ជាន់​ដី​ក្លឹប​នៅ​អង់គ្លេស​ជា​ថ្មី​ម្តង​ទៀត​បាន​ទេ តែ​បើ​ក្លឹប​នៅ​ក្រៅ​តំបន់ ដូច​ខាង​អារ៉ាប៊ីសាអូឌីត នោះ​ប្រហែល​ជា​អាច។

ប្រាប់​ទៅ Daily Mail៖ “Manchester United មាន​តែ​មធ្យោបាយ​សម្រេច​ចិត្ត​មួយ​ហ្នឹង​ប៉ុណ្ណោះ ហើយ​ដល់​ទី​បំផុត​ពួក​គេ​ក៏​ធ្វើ​វា នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សម​ហេតុ​សម​ផល តែ​យ៉ាង​ណា​វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ ដែល Greenwood អាច​ Restart អាជីព​របស់​គេ​នៅ​អង់គ្លេស ត្រង់​វា​ជា​សម្ពាធ​ទៅ​លើ​មិត្ត​រួម​ក្រុម នៅ​គ្រប់​បណ្តា​ក្លឹប​ទាំង​អស់​ដែល​គេ​ទៅ​ចូលរួម”។

លោក​បន្ត​ថា៖ “Greenwood គេ​ចាំ​បាច់​ត្រូវ​តែ​ផ្លាស់ចេញ​ទៅ​ក្រៅ​ប្រទេស និង​ព្យាយាម​ស្រោចស្រង់​អាជីព​របស់​ខ្លួន​ត្រលប់​មក​វិញ គេ​ជា​ក្មេង​ប្រុស​ពោរពេញ​ដោយ​ទេពកោសល្យ គ្រាន់​វង្វេង​ខ្លួន​ឯង ជ្រុល​បង្ក​កំហុស​ដ៏​ធំ​មួយ តែ​យ៉ាង​ណា​គេ​អាច​បត់​វា​ត្រលប់​មក​វិញ គ្រាន់​មិន​អាច​ធ្វើ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​បាន ចំពោះ​ខ្ញុំ​បើ​មើល​ពី​ខាង​ក្រៅ​ទៅ គឺ​គេ​អាច​ទៅ​ចូលរួម​នៅ​អារ៉ាប៊ីសាអូឌីត”។

យើង​មិន​ច្បាស់​ថា​ការ​ចរចា​ខាង​ក្រៅ​បែប​ណា​ទេ ដឹង​ត្រឹម​ចចាមអារ៉ាម​ដែល​ល្ហិចល្ហៀង Al-Ettifaq ចង់​បាន Greenwood គឺ​ត្រូវ​បាន​អ្នកចាត់ការ​លោក Steven Gerrard ចេញ​មក​បញ្ជាក់​ច្បាស់ៗ ថា​ជា​ព័ត៌មាន​មិន​ពិត។ ស្រប​ពេល​ដែល​ការ​ផ្ទេរ​ទៅ AS Roma ជួប​អតីត​គ្រូ​ចាស់ Jose Mourinho ក៏​ត្រូវ​បាន​មនុស្ស​ជំនិត​មួយ​ក្រុម អះអាង​ថា​គ្រូ​សញ្ជាតិ​ព័រទុយហ្គាល់​មិន​មាន​ចិត្ត​ចង់​រួបរួម​នឹង​អតីត​សិស្ស​ដូច​ជា​គេ​ម្តង​ទៀត​ឡើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT