រឿងនេះធំ មិនតូចទេ ហើយក៏ហាក់ដូចជាមានអាថ៌កំបាំងអ្វីមួយបង្កប់នៅពីក្រោយនោះ ត្រង់កីឡាការនី Jenni Hermoso ហៅបានជានារីរងគ្រោះ រីឯប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales រាប់ជាបុរសបង្ក។
ដើមហេតុវាកើតឡើងនៅថ្ងៃអាទិត្យ ទី ២០ សីហាកន្លងទៅថ្មីថ្មោង នៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FIFA Women’s World Cup រវាងក្រុមជម្រើសជាតិអេស្ប៉ាញ ទល់អង់គ្លេស បញ្ចប់ទៅលទ្ធផល ១-០ នាំឲ្យខាងគោក្រហមឈុតនារី កាន់ពានលំដាប់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
នៅការប្រកួតនោះខ្សែការពារ Olga Carmona ជាអ្នកបញ្ចប់ទីរកបានគ្រាប់បាល់នៅនាទី ២៩ ស្របពេល Jenni ជាអ្នកទទួលបន្ទុកស៊ុតបាល់ពិន័យ ១១ ម៉ែត្រ នៅនាទី ៦៩ ឲ្យអេស្ប៉ាញ បានខកខានការរកគ្រាប់បាល់ទីពីរជូនក្រុម។ យ៉ាងណាលទ្ធផលរក្សាដល់ចប់ការប្រកួត រួចចំណុចផ្ទុះការចាប់អារម្មណ៍ គឺកំឡុងពេលលើកពានរង្វាន់ ដែលប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ហៅកាត់ RFEF លោក Rubiales បានចាប់ Jennie ឱបផង ថើបមាត់ផង កំឡុងពេលឡើងមកអបអរទទួលពាន។ ភ្លាមៗប៉ុន្មាននាទីបន្ទាប់ នៅពេលកំពុង Live វីដេអូលើ Instagram ខ្សែប្រយុទ្ធនារីវ័យ ៣៣ ឆ្នាំត្រូវបានអ្នកគាំទ្រសួរអំពីរឿងនោះ ហើយនាងក៏ឆ្លើយដែរថា៖ “ខ្ញុំអត់បានពេញចិត្តជាមួយទង្វើបែបហ្នឹងទេ”។
ត្រង់កាយវិការ ត្រង់ពាក្យសម្តីអស់នោះហើយ ដែលមានមតិលើបណ្តាញសង្គម និងអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក បានបង្ហាញការយល់ឃើញខុសប្លែកគ្នា តែមួយភាគធំ ចោទថា ទង្វើប្រធានសហព័ន្ធមើលទៅដូចជាលើសជ្រុល ដូចជាការរំលោភបំពានលើកីឡាការនីអេស្ប៉ាញទាំងស្រុងតែម្តង ជារួមបើត្រឹមឱបដូចជាមិនអី ដល់ចាប់ថើបប៉ះបបូរមាត់គ្នា វាពិតជាលើសហើយ។
ដល់ក្រោយមករំលងនោះមួយថ្ងៃក៏ស្រាប់តែបុរសវ័យ ៤៥ ឆ្នាំចេញមកអះអាង៖ “ខ្ញុំខុសទាំងស្រុង ខ្ញុំទទួលស្គាល់ តែខ្ញុំពិតជាគ្មានចេតនាអាក្រក់ណាមួយទេ គ្រាន់វាជាអារម្មណ៍រំភើបខ្លាំងមួយពេលតែប៉ុណ្ណោះឯង ពេលវេលានោះយើងមើលទៅដូចជាធម្មតា តែមជ្ឈដ្ឋានខាងក្រៅ មើលមកឃើញផ្សេង យ៉ាងណាខ្ញុំសុំទោស ហើយយល់ច្បាស់ថា ពេលអ្នកធ្វើជាប្រធាន អ្នកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងនេះ”។
ក៏ស្រាប់តែបន្ទាប់មកទៀត Hermoso សាមីខ្លួនផ្ទាល់ នាងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ផ្ទុយស្រឡះពីការលើកឡើងដំបូង ពោលមិនប្រកាន់យកទោសពៃរ៍អ្វីទាំងអស់លើប្រធានសហព័ន្ធខ្លួន រួចថារវាងនាងនិងលោក Rubiales មានទំនាក់ទំនងល្អ ជារួមកាយវិការពេលនោះ គឺព្រមព្រៀងទាំងសងខាងគ្មានការបង្ខំ។
ទោះជាយ៉ាងណា មតិលើបណ្តាញសង្គមទាំងអស់នៅតែមិនអស់ចិត្ត ដ្បិតថា ម្តងនាងនិយាយមិនពេញចិត្ត ម្តងនាងនិយាយគាំទ្រ សង្ស័យតែមានរឿងល្អក់កករ ឬការលាក់បាំងអ្វីមួយពីក្រោយនោះ រហូតឈានដល់មតិខ្លះ ថាអាចមានការគំរា.មកំហែងថែមទៀតផង។
រួចកាន់តែក្តៅគគុកបំផុត នៅពេលដែលរដ្ឋមន្រ្តីស្តីទី ទីពីរប្រចាំផ្ទៃប្រទេសអេស្ប៉ាញលោក Yolanda Diaz ថា ពាក្យសុំទោសមួយម៉ាត់ គឺមិនអាចទទួលបានទេ កំហុសត្រូវតែលុបដោយការដាក់ពិន័យទៅតាមច្បាប់ ជារួម Rubiales គួរតែចុះចេញពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់។
មិនត្រឹមតែប៉ុណ្ណឹងទេ ងាកទៅរដ្ឋមន្រ្តីស្តីទីមួយរូបទៀតរបស់អេស្ប៉ាញលោក Pedro Sanchez ក៏សង្កត់ធ្ងន់៖ “នេះវាបង្ហាញទៅកាន់ពិភពលោកកាន់តែឆ្ងាយ យើងគួរតែបែងចែកឲ្យបានស្មើភាព និងគោរពរវាងទំនាក់ទំនងបុរសនិងស្រ្តី កាយវិការដែលបង្ហាញមក វាមិនសមនឹងទទួលយកបានទាល់តែសោះ”។ ដូចគ្នានឹងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងកីឡាប្រចាំប្រទេសអេស្ប៉ាញ លោក Miquel Iceta ក៏មិនគាំទ្រដូចគ្នា ចុះមតិយោបល់របស់គ្នាយើងវិញ យល់ឃើញបែបណាដែរ?
ប្រភព៖ បរទេស