អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​មិន​ស្ទើរ ក្រោយ​ដឹង​នេះ​ជា​ក្លឹប​ក្នុង​បេះដូង​ស្តេច​រាយការណ៍ Fabrizio Romano

ម្ចាស់​ពាក្យ​ផ្ទុះ​ការ​គាំទ្រ ‘Here we go!’ ដែល​មាន​ឈ្មោះ​ Fabrizio Romano ជា​ការ​ពិត​ត្រូវ​បាន​អ្នក​គាំទ្រ​ទទួល​ស្គាល់​ជា​ស្តេច​រាយការណ៍​ព័ត៌មាន​ដោះដូរ​កីឡាករ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត ជា​រួម​ឲ្យ​តែ​ព័ត៌មាន​បុគ្គល​ម្នាក់​នេះ​ចុះ​ផ្សាយ សឹង​តែ ៩០ ភាគរយ​ឡើង​ហើយ​នឹង​ក្លាយ​ជា​ការ​ពិត លើកលែង​តែ​មាន​បញ្ហា​រាំងស្ទះ​អ្វី​មួយ​ពាក់​កណ្តាល​ទី​នៃ​ការ​ចរចា។

មួយ​ថ្ងៃៗ​អង្គុយ​តែ​ជាមួយ​ទូរស័ព្ទ ជាមួយ​កុំព្យូទ័រ ប្រមែប្រមូល​ព័ត៌មាន​ពី​ប្រភព​អាថ៌កំបាំង​នានា​មក​ចែក​ជូន​បងប្អូន​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម សរុប​ចូល​ជាង ៣៤ លាន​ Followers ​គិត​ទាំង​លើ Instagram ទាំង​លើ Twitter រួម​ទាំង YouTube មាន ១,៩ លាន Subscribers ផ្សេង​ទៀត។

ចុះ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ទំព័រ Fabrizio Romano ដែល​មិនមែន​ជា Fan Page ផ្អៀង​ទៅ​ខាង​ណា​មួយ តើ​នៅ​ពី​ក្រោយ​នោះ ចាក់​ឲ្យ​ជ្រៅ​ចូល​ទៅ​ក្នុង​ដួងចិត្ត​លោក​ផ្ទាល់​ស្រលាញ់​គាំទ្រ វា​ជា​ក្លឹប​បាល់ទាត់​ណា​មួយ​ទៅ? បើ​អ្នក​ស្រាវជ្រាវ​មើល​ប្រវត្តិ​បុរស​វ័យ ៣០ ឆ្នាំ​រូប​នេះ ដែល​ដឹង​ថា​លោក​កើត​ក្នុង​ទីក្រុង Naples ប្រទេស​អ៊ីតាលី ប្រហែល​ជា​អ្នក​សន្មត​ឥត​ស្ទាក់ស្ទើរ ​ថា​ Romano គាំទ្រ​ក្លឹប Napoli នៅ​ក្របខ័ណ្ឌ Serie A។

តែ​ចម្លើយ គឺ​មិន​ត្រឹមត្រូវ​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ក្លឹប​នៅ​ប្រទេស​អង់គ្លេស​ឯ​ណោះ។ ចាប់​ចេះ​ប្រលូក​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​បាល់ទាត់ តាំង​អាយុ ១៨ ឆ្នាំ មក​ទល់​ពេល​នេះ Romano ឥត​ផ្លាស់ប្ដូរ​ចិត្ត គឺ​ស្រលាញ់​ស្ម័គ្រស្មោះ​ជាមួយ​ក្លឹប Watford F.C. សព្វថ្ងៃ​ស្ថិត​នៅ​ក្របខ័ណ្ឌ​លំដាប់​ពីរ​អង់គ្លេស Championship។

ទំព័រ​ផ្លូវការ​របស់ Romano ធ្លាប់​បាន​សរសេរ​រៀបរាប់៖ “ស្មោះត្រង់​ទៅ ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ Watford ​ពួក​គេ​តែងតែ​ជា​ក្លឹប​ដែល​ខ្ញុំ​ជ្រើស​យក​មក​កម្សាន្ត​លេង​នៅ​លើ​ហ្គេម FIFA និង Football Manager តាំង​ខ្ញុំ​អាយុ ១៥ ឆ្នាំ​ម្ល៉េះ ហើយ​ហេតុផល​ពី​ក្រោយ​នោះ​ធំ​មួយ​ទៀត គឺ​ Watford ជា​ក្លឹប​គ្រប់គ្រង​ដោយ​ម្ចាស់​ជា​ជនជាតិ​អ៊ីតាលី​ផ្ទាល់​តែ​ម្តង”។

គួរ​ឲ្យ​ដឹង​ដែរ​ថា ក្លឹប Watford ត្រូវ​បាន​ទិញ​យក​ដោយ​ត្រកូល​គ្រួសារ​អ្នក​ជំនួញ​ល្បី​ឈ្មោះ​អ៊ីតាលី Pozzo រួច​សព្វថ្ងៃ​មាន​ឈ្មោះ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​លោក Gino Pozzo។ ​កន្លង​មក​នៅ​រដូវ​កាល ២០២១/២២ ក៏​ក្លឹប​ម្ចាស់ដី Vicarage Road Stadium ធ្លាប់​បាន​ឡើង​មក​ក្របខ័ណ្ឌ​លំដាប់​មួយ Premier League តែ​កាត់​ឈ្មោះ​ធ្លាក់​ចេញ​ទៅ​វិញ ក្រោយ​បញ្ចប់​រដូវ​កាល​ឈរ​នៅ​លេខ​រៀង​ទី ១៩។

សមិទ្ធផល​រសើប​ធំ​បំផុត​គឺ​នៅ​ពាន FA Cup រដូវ​កាល ២០១៨/១៩ ពួក​គេ​ឆ្លង​មក​ទល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្រ្ត តែ​បរាជ័យ​ក្រោម​ថ្វី​ជើង Man City ស្ពឹក​មុខ កាល​នោះ ០-៦។

និយាយ​អំពី​ទំនាក់ទំនង​រវាង Romano បន្តិច ភាគី​សងខាង​ក៏​តែងតែ​បញ្ចេញ​មតិ​សាទរ​គ្នា​ទៅ​មក​លើ​បណ្តាញ​សង្គម ហើយ​នៅ​ខាង​ក្រៅ​ក៏​អ្នក​រាយការណ៍​ខាង​លើ​ផ្ទាល់ ធ្លាប់​ទៅ​ទស្សនា​ដល់​កីឡដ្ឋាន​ផ្ទាល់ ៤ លើក​ផង​ដែរ រួច​កីឡាករ​អ៊ីតាលី​មួយ​ចំនួន Romano ធ្លាប់​ស្រលាញ់​គាំទ្រ​ជា​សមាជិក Watford ផ្ទាល់ មាន​ដូច Diego Fabbrini, Marco Motta, Marco Cassetti, Fernando Forestieri ជា​ដើម៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT