គ្រូ​តា Sir Alex ថា​ក្លឹប​មួយ​នេះ​ទាក់​ចិត្ត​លោក​ជាង​គេ នៅ​ជុំ​ដំបូង Premier League ទោះ​របូតឲ្យគេស៊ុត​ច្រើន​គ្រាប់

ចាប់​ពី​ពាក់​កណ្តាល​ខែ​សីហា​នេះ​ត​ទៅ ដូច CTS SPORTS បាន​លើក​ឡើង​កន្លង​មក គឺ​ជា​ពេលវេលា​មមាញឹក​នៃ​ពិភព​បាល់ទាត់​អន្តរជាតិ ហើយ​ក្តៅ​គគុក​បំផុត​គឺ​នៅ​ក្របខ័ណ្ឌ​អង់គ្លេស Premier League ទើប​តែ​បញ្ចប់​លទ្ធផល​ជុំ​ទី ១ រួចរាល់។

បង្ហាញ​ត្រួសៗ ក្លឹប​ Top 5 កំពុង​នាំ​មុខ​នៅ​តារាង មាន​ដូច​ជា Newcastle ​លេខ ១, Brighton លេខ ២, Man City លេខ ៣, Arsenal លេខ ៤ និង Crystal Palace ​លេខ ៥ ពួក​គេ​ទទួល​បាន​ ៣ ពិន្ទុ​ស្មើ គ្រាន់​ខុស​គ្រាប់​បាល់​ចំណេញ ដែល​សេះ​សមុទ្រ​ដឹកនាំ​ដោយ​លោក Eddie Howe រក​បាន​ច្រើន​គ្រាប់​នាំ​មុខគេ។

ទោះ​ជា​យ៉ាង​ណា ការ​យល់​ឃើញ​របស់​លោក Sir Alex Ferguson ជា​អតីត​គ្រូ​កាន់​ឆ្នាំ​របស់ Man United ក៏​ជា​អ្នក​វិភាគ​មួយ​រូប​នៅ​ពេល​បច្ចុប្បន្ន បែរ​ជា​ចាប់​អារម្មណ៍​ទៅ​លើ​ក្លឹប Aston Villa ឯ​ណោះ ដែល​ថា​ទាក់​ចិត្ត​លោក​ជាង​បណ្តា​ក្លឹប​ណាៗ​ទាំង​អស់។ នេះ​វា​ពិត​ជា​ភ្ញាក់ផ្អើល​ត្រង់ ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Unai Emery រង​បរាជ័យ​ស្ពឹក​មុខ ៥-១ ​ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ Newcastle រុញ​ឲ្យ​ពួក​គេ​ឈរ​នៅ​បាត​តារាង​ លេខ ២០ បណ្តោះអាសន្ន។

ហេតុផល​គឺ​ត្រង់ អតីត​គ្រូ​តា​សញ្ជាតិ​ស្កុតឡែន មើល​ឃើញ​ថា តោកំណាចលឿង ពួក​គេ​ចេះ​បង្កើត​ទំនុក​លេង គ្រប់គ្រង​សាច់​បាល់​លើ​ទីលាន​បាន​ល្អ​ខ្លាំង ជា​ស្ថិតិ​មិន​គួរ​ឲ្យ​ជឿ គ្រាន់​តែ​មិន​មាន​សំណាង​តែ​ប៉ុណ្ណោះ​ឯង បើ​ធៀប​នឹង​កម្រិត​លេង​ គីឡូ​ក្លឹប​កំពុង​ឡើង​ជើង​ម្ចាស់ដី Newcastle។

យើង​សារ​ថយ​ក្រោយ​ទៅ​មើល​ស្ថិតិ​ប្រកួត​នោះ​បន្តិច មុន​ស្តាប់​សម្រង់​សម្តី Sir Alex ដោយ​ខាង​ម្ចាស់ផ្ទះ​រក​បាន​គ្រាប់​បាល់​ដោយ Sandro Tonali, Callum Wilson, Harvey Barnes និង Alexander Isak ពីរ​គ្រាប់​ម្នាក់​ឯង រួច​ខាង​ភ្ញៀវ ធ្វើ​បាន​ដោយ Moussa Diaby។

ក៏​ប៉ុន្តែ​យើង​ទៅ​មើល​ស្ថិតិ​សឹង​តែ​ប្រហាក់ប្រហែល​គ្នា ជាក់ស្តែង Newcastle គ្រប់គ្រង​បាល់ ៥៣ ភាគរយ បញ្ជូន ៥០២ ប៉ះ អត្រា​បញ្ជូន​ជោគជ័យ ៨៥ ភាគរយ ស៊ុត ១៧ លើក ចំ​គោលដៅ ១៣ លើក មាន​ឱកាស​ស៊ុត​បាល់​ជ្រុង ៦ ដង។ ដល់​តែ​ក្រឡេក​ទៅ​ខាង Aston គ្រប់គ្រង​បាល់ ៤៧ ភាគរយ បញ្ជូន ៤៤៧ ប៉ះ មាន​អត្រា​បញ្ជូន​ជោគជ័យ​ដូច​គ្នា ៨៥ ភាគរយ គ្រាន់​ស៊ុត​តិច​ជាង​បន្តិច ១៦ លើក ហើយ​ចំ​គោលដៅ​ត្រឹម ៦ លើក ខណៈ​ការ​ទាត់​បាល់​ជ្រុង​មាន ៥ ដង។

និយាយ​ទៅ NBC Sports៖ “ស្មោះត្រង់​ទៅ ខ្ញុំ​មើល Aston Villa លេង​ទល់ Newcastle ​ថ្ងៃ​មុន ខ្ញុំ​អត់​ជឿ​ថា​កើត​គ្រាប់​បាល់​ប៉ុណ្ណឹង​រួច​ទេ ក៏​ដោយសារ​អី ដោយសារ​ត្រង់​ថា Aston Villa ពួក​គេ​លេង​បាន​អស្ចារ្យ​ខ្លាំង​ណាស់ នេះ​របូត​គ្រាប់​បាល់​ស៊យ​តែ​ប៉ុណ្ណោះ​ឯង”។

លោក​បន្ត៖ “នេះ Newcastle ប៊ិះ​តែ​នឹង​ពិបាក​យក​ឈ្នះ​ផង​ក្នុង​ដី​ខ្លួន​ឯង តែ​យ៉ាង​ណា​អ្នកចាត់ការ [Eddie Howe] គាត់​ធ្វើ​បាន​ល្អ វា​ជា​ប្រកួត​ដ៏​ភ្ញាក់ផ្អើល​មួយ ខ្ញុំ​ចង់​មាន​ន័យ​ថា Aston Villa មក​លេង​ក្រៅ​ដី​បាន​ប៉ុណ្ណឹង វា​ពិត​ជា​ល្អ​ខ្លាំង គ្រាន់​តែ​មិន​អាច​រក​បាន​គ្រាប់​បាល់”។

គួរ​ឲ្យ​ដឹង​ដែរ​ថា Sir Alex ជា​គ្រូ​មាន​បទពិសោធន៍​កាន់​ឆ្នាំ គ្រប់​ពាក្យ​សម្តី​របស់​គាត់​គឺ និយាយ​មក​មុត និង​មាន​ភាព​ជឿជាក់ មើល​មិន​ងាយ​ខុស ថា​ទៅ​ត្រូវ​មិន​ងាយ​ខក​ឡើយ។ នេះ​យើង​ចាំ​មើល​ប្រកួត​បន្ទាប់​ទៀត​របស់ ក្លឹបមានអាយុកាល ១៤៩ ឆ្នាំ ទល់ Everton នា​វេលា​ម៉ោង ០៨:០០ នាទី​យប់ ​ថ្ងៃ​អាទិត្យ ទី ២០ សីហា​ខាង​មុខ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS ផង​ដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT