ធ្លាប់​តែ​ស៊ី​គេ ឥឡូវ​ Liverpool ត្រូវ​គេ​យក​ឈ្នះ ៧-០ វិញ ត្រង់​កីឡាករ​គោលដៅបដិសេធ​ម្តងម្នាក់ៗជា​បន្តបន្ទាប់

មិន​ដឹង​មាន​បញ្ហា​អ្វី​ឲ្យ​ប្រាកដ បើ​ថា​ស្ថានភាព​លុយកាក់​ក៏​ Liverpool មិន​ជា​ខ្វះខាត​ខ្លាំង បើ​ថា​ទម្រង់​លេង​ក៏​ពួក​គេ​នៅ​កម្រិត​ល្អ​ជាង​ទាំង Chelsea ទៅ​ទៀត។ តែ​ជា​បន្តបន្ទាប់​កីឡាករ​គោលដៅ​ដែល​ក្លឹប​ដឹកនាំ​ដោយ​ អ្នកចាត់ការលោក Jurgen Klopp សម្លឹង​ចង់​បាន ទោះ​ចរចា​តម្លៃ​ត្រូវគ្នាហើយ​រវាង​ភាគី​ក្លឹប​អាណាព្យាបាល ចុងក្រោយ​ក៏​បែរ​បរាជ័យ ក្រោយ​តែ​សាមី​ខ្លួន​កីឡាករ​ផ្ទាល់ ឆ្លើយតប​ពាក្យ “No” មិន​ព្រម​ទៅ​ចុះចូល។

យើង​សារ​ថយ​ក្រោយ​ទៅ​ខែ​ឧសភា មុន​បញ្ចប់​រដូវ​កាល ក្លឹប​ម្ចាស់ដី Anfield ធ្លាប់​បាន​បង្កើត​លទ្ធផល​ភ្ញាក់ផ្អើល​តាម​រយៈ​ការ​យក​ឈ្នះ ៧-០ ទៅ​លើ Man United ដល់​តែ​សារ​មក ៣ ខែ​ក្រោយ​ថ្មីថ្មោង​នេះ ពួក​គេ​បែរ​ចាញ់​យុទ្ធសាស្រ្ត​ចរចា របូត​គោលដៅ​ធំ​ដល់​តែ ៧ រូប​ទៅ​វិញ ឲ្យ​បណ្តា​ក្លឹប​នានា៖

៧) Jude Bellingham

មិនមែន​ហង្ស​មិន​ចង់​បាន​កីឡាករ​អង់គ្លេស​ខាង​លើ​ទេ ថា​ទៅ​ចូល​ចែចូវ​រវាង​ភាគី​ក្លឹប​អាណាព្យាបាល​ចាស់ Dortmund មុន​ទាំង Real Madrid ទៅ​ទៀត។ ពេល​នោះ​កត្តា​តម្លៃ​ខ្លួន​ក៏​ល្ហៀងៗ​ថា​ត្រូវរ៉ូវ​គ្នា​អស់​ហើយ​ដែរ តែ​ចម្លើយ​ចុង​ក្រោយ​របស់​ខ្សែ​បម្រើ​ឆ្នើម​វ័យ​ក្មេង Bellingham បដិសេធ​មិន​រើស​យក​ Liverpool ក៏​ដោយសារ​ពួក​គេ​របូត​ការ​ប្រជែង​យក​កៅអី Champions League ជាក់ស្តែង​បញ្ចប់​រដូវ​កាល​មុន ​ឈរ​លេខ ៥ នៅ​តារាង Premier League។

៦) Enzo Fernandez

ងាក​មក​ខ្សែ​ការពារ​វ័យ​ក្មេង​របស់​អាហ្សង់ទីន ក៏​ដូច​គ្នា​ដែរ ត្រង់ Liverpool តាម​ក្រវែល​មើល​តាំង​មុន​ឡើង​ជើង​នៅ World Cup កាតារ​ ដល់​ហើយ​ចម្លើយ​ជ្រើស​យក​ចុង​ក្រោយ​របស់​កីឡាករ មើល​ឃើញ​ថា Chelsea ល្អ​ជាង។

៥) Moises Caicedo (ម៉ូយសេស កៃសេដូ)

ឈឺ​បំផុត​គឺ​ជាមួយ​ករណី​កីឡាករ​អេក្វាឌ័រ​នេះ​ឯង ដោយ​ដំបូង​ឡើយ Brighton ជា​ក្លឹប​មេ បើក​ភ្លើង​ខៀវ​ព្រម​លក់​ទៅ​ឲ្យ Liverpool ហើយ ជាមួយ​តម្លៃ​កំណត់ត្រា​ដូច​គ្នា ១១១ លាន​ផោន។ ដល់​តែ​ចុះ​ឡើង Caicedo បែរ​ស្ម័គ្រស្មោះ​មិន​បោះចោល​ក្តី​ស្រមៃ​ទោះ​អត់​បាន​លេង​ពាន​អឺរ៉ុប ហើយ​ជ្រើស​យក Chelsea ជា​ទ្រនំ​បន្ទាប់។

៤) Romeo Lavia (រ៉ូម៉េអូ ឡាវៀរ)

គិត​ចង់​ពង្រឹង​បន្ថែម​ប្រព័ន្ធ​បម្រើ ក្រោយ​កីឡាករ​មួយ​ចំនួន​ចាកចេញ ដល់​ហើយ Klopp ក៏​មើល​ឃើញ​យុវជន​វ័យ ១៩ ឆ្នាំ​មួយ​រូប​ផ្សេង​ទៀត របស់​ក្លឹប Southampton។ Liverpool ហ៊ាន​ចាយ​លុយ ៥៥ លាន​ផោន ដើម្បី​តែ​ចង់​បាន Lavia តែ​យ៉ាង​ណា​ពេល​ចុង​ក្រោយ​នេះ លេច​លឺ​មក​ថា កីឡាករ​ទំនង​ដើរ​តាម​គន្លង Caicedo ផ្ទេរ​ទៅ​តោ​ខៀវ​យ៉ាង​ដូច្នោះ​ដែរ។

៣) Mason Mount

​ដំបូង​ឡើយ​ក៏​ដាក់ចិត្ត​ដូច​តែ​ភាគី​ក្លឹប​ចង់​បាន​ដទៃ ដល់​ហើយ​ក្រោយ​លឺ​ចម្លើយ​របស់ Mount ថា​មិន​ចាប់​អារម្មណ៍ Liverpool ក៏​ពួក​គេ​ដក​ចិត្ត​ចាប់​អារម្មណ៍​ទៅ​វិញ ហើយ​ចុងក្រោយ​កីឡាករ​សម្រេច​មក​ក្លាយ​ជា​ម្ចាស់​អាវ​លេខ ៧ ថ្មី នៅ​ក្លឹប​ក្នុង​ក្តី​ស្រមៃ​គឺ Man United។

២) Levil Colwill (ឡេវៀល ខូលវៀល)

ងាក​មក​ជញ្ជាំង​ការពារ​វ័យ​ក្មេង​របស់​ឈុត​ថ្នាល Chelsea ទោះ​មិន​ប្រាកដប្រជា​អំពី​ឱកាស​លើ​ទីលាន​នៅ Stamford Bridge ក៏​ទី​បំផុត​គេ​នៅ​តែ​ហ៊ាន​បដិសេធ​សំណើ​របស់​ក្លឹប​ហង្ស​ក្រហម​ទាំង​មិន​ស្តាយ​ក្រោយ រួច​ទើប​តែ​ស៊ីញ៉េ​កុងត្រា​ឡើង​មក​ឈុត​ធំ​ថ្មីថ្មោង​នៅ​ខែ​កក្កដា​កន្លង​ទៅ។

១) Sofyan Amrabat (សុហ្វយ៉ាន់ អាំរ៉ាបាត)

២ ទៅ ៣ លើក​ដែល​ក្លឹប​មាន​កៅអី​នៅ Europa League ចាប់​អារម្មណ៍​មក​លើ​ខ្សែ​បម្រើ​ម៉ារ៉ុក ហើយ​សព្វថ្ងៃ​គេ​មិន​ទាន់​ជ្រើស​យក​ក្លឹប​ណា​មួយ​ជា​ទ្រនំ​ច្បាស់ការ​នៅ​ឡើយ ពោល​បន្ត​ក្រោម​ការ​កាន់កាប់​របស់ Fiorentina ដដែល។ តែ​ចម្លើយ គ្រប់​គ្នា​បាន​ដឹង​មុន​រួច​បាត់​ទៅ​ហើយ ​ប្រាកដ​ណាស់​ជា Man United ដែល​កីឡាករ​បើកចំហរ​ចិត្ត​ទទួល​យក៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT