លើស​តែ​ប្រាក់​ឈ្នួល ២ មុឺន​រៀល/វិនាទី នេះ Neymar បាន​ប្រយោជន៍​ក្រៅ​ផ្លូវការ ៥ ចំណុច​នេះ​ទៀត

បើ​តាម​របាយការណ៍​ពី Fabrizio Romano រាយការណ៍​មក ដំណើរ​ផ្ទេរ Neymar ចេញ​ពី​ក្លឹប Paris Saint-Germain ទៅ​កាន់​ក្លឹប​នៅ​មជ្ឈិមបូព៌ា Al-Hilal គឺ​ឈាន​ដល់​ការ​សម្រេច​ហើយ គ្រប់​យ៉ាង​ក៏​ស៊ីញ៉េ​រួចរាល់ នេះ​រង់ចាំ​តែ​ពេលវេលា​សមស្រប​ក្នុង​ការ​ប្រកាស ទំនង​ធ្វើ​ឡើង​យូរ​បំផុត​នៅ​ចុង​សប្តាហ៍​ខាង​មុខ។

តាម​ថា​ទៅ​កន្លង​មក ក្លឹប​ដែល​ទើប​បរាជ័យ​ក្រោម​ថ្វី​ជើង Al Nassr នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Arab Club Champions Cup មួយ​នេះ ក៏​ធ្លាប់​បាន​ចែចូវ​ Lionel Messi ម្តង​ហើយ​ដែរ សារ​នោះ​សន្យា​ផ្តល់​ឲ្យ​ប្រាក់​ឈ្នួល ៤៣៤ លាន​ផោន/ឆ្នាំ តែ​កីឡាករ​អាហ្សង់ទីន​មិន​ព្រម រួច​ជ្រើស​យក​ទ្រនំ​ថ្មី ជា​ក្លឹប​នៅ​ទឹកដី​អាមេរិក។

ដល់​តែ​ងាក​មក​តារា​ឆ្នើម​ប្រេស៊ីល ជា​ជើង​ញាក់​មួយ​រូប ក៏​រាប់​បាន​ជា​កីឡាករ​មាន​ប្រជាប្រិយភាព​បំផុត​លំដាប់​ទី​បី បន្ទាប់​ពី GOAT ទាំង​ពីរ ត្រូវ​បាន​ក្លឹប Al-Hilal ដដែល អូស​ទាញ​ចិត្ត​បាន​សម្រេច ជាមួយ​ប្រាក់​ឈ្នួល ១២៩,៤ លាន​ផោន ឬ​ចូល​ជាង ១៥០ លាន​អឺរ៉ូ/ឆ្នាំ។ បើ​យើង​បែងចែក​ទៅ មួយ​ខែ​រក​បាន ១០,៨ លាន​ផោន, មួយ​អាទិត្យ​រក​បាន ២,៥ លាន​ផោន, មួយ​ថ្ងៃ​រក​បាន​ជាង ៣៥០ ០០០ ផោន ហើយ​តួ​លេខ​តូច​បំផុត​គឺ​មួយ​វិនាទី អាច​រក​បាន ៤,១០ ផោន ឬ​គិត​ជា​លុយ​ខ្មែរ ចូល​ជាង ២០ ០០០ រៀល។

តួ​លេខ​នេះ​បើ​ធៀប​នឹង​កីឡាករ​ល្បីៗ​នៅ​អឺរ៉ុប សឹង​ថា​មួយ​ថ្ងៃ​របស់ Neymar ស្មើ​មួយ​សប្តាហ៍​នៃ​ចំណូល​របស់​ពួក​គេ តែ​បើ​ធៀប​នឹង​កីឡាករ​រួម​ក្របខ័ណ្ឌ​តែ​មួយ ជា​តួ​លេខ​ទាប​ជាង Cristiano Ronaldo និង Karim Benzema។

ក៏​ប៉ុន្តែ​អ្នក​រាល់​គ្នា ប្រហែល​មិន​ទាន់​បាន​ដឹង​នោះ​ទេ ថា​កីឡាករ​វ័យ ៣១ ឆ្នាំ មិន​ចេះ​តែ​ទទួល​ងាយៗ​ឡើយ នេះ​ក៏​មាន​ប្រយោជន៍​ក្រៅ​ផ្លូវការ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​គេ​អាច​កើប​បាន​ពី​រដ្ឋាភិបាល​នៅ​ប្រទេស​អ្នក​មាន​អារ៉ាប៊ីសាអូឌីត។

បើ​តាម​សារព័ត៌មាន Footmercato ចុះ​ផ្សាយ មាន​ប្រយោជន៍​ធំ ៥ ពី​លើ​ប្រាក់​ឈ្នួល​អស់​នោះ ទើប​ឈាន​ដល់​ការ​សម្រេច​រវាង​ភាគី Neymar និង Al-Hilal ត្រង់៖

ទី ១) កីឡាករ​អាច​ទទួល​បាន​ការ​ផ្តល់​ឲ្យ នូវ​យន្តហោះ​ឯកជន​ផ្ទាល់​ខ្លួន​មួយ​គ្រឿង សម្រាប់​ការ​ធ្វើ​ដំណើរ។ យើង​មិន​ច្បាស់​អំពី​តម្លៃ​នៃ​យន្តហោះ​ឯកជន​នោះ​ទេ ត្រង់​មួយ​គ្រឿង​គេ​មាន​ក្នុង​ដៃ​សព្វថ្ងៃ ម៉ូដែល Embraer Legacy 450 ​ថ្លៃ ១០,៨ លាន​ផោន អ៊ីចឹង​មួយ​គ្រឿង​ថ្មី​ខាង​មុខ ក៏​អាច​ប្រហាក់ប្រហែល​នោះ។

ទី ២) សិទ្ធ​ពិសេស​ដូច Ronaldo ត្រង់​ការ​រស់នៅ​ជាមួយ​ដៃ​គូ​ស្នេហា ទាំង​មិន​ទាន់​រៀបការ។ ជា​ការ​ពិត​ច្បាប់​សាសនា​នៅ​អារ៉ាប៊ីសាអ៊ូឌីត​មិន​អនុញ្ញាត​ឲ្យ​គូ​ស្នេហ៍​ណា​ដែល​មិន​ទាន់​រៀបអាពាហ៍ពិពាហ៍ រួមរស់​ជាមួយ​គ្នា​បាន​ឡើយ តែ​វា​បាន​លើកលែង​កន្លង​មក​សម្រាប់ CR7 ហើយ​សម្រាប់ Neymar និង Bruna Biancardi ជា​មិត្ត​ស្រី ត្រៀម​សម្រាល​កូន​ដំបូង​ថ្ងៃ​ខាង​មុខ ក៏​អនុវត្ត​ដូច​គ្នា។

ទី ៣) ផ្តល់​ឲ្យ​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ អម​ដោយ​បុគ្គលិក​បម្រើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់

ទី ៤) ប្រាក់​ចូល​ហោប៉ៅ​ផ្សេង​ទៀត រៀងរាល់​ Al-Hilal ឈ្នះ​ម្តង ទទួល​បាន ៨៧ ០០០ ដុល្លារ

ទី ៥) បង្ហោះ​រូបថត​មួយ​សន្លឹក​បាន​ប្រាក់​ចូល​ហោប៉ៅ​ផ្សេង​ជិត ៥៥ មុឺន​ដុល្លារ​ពី​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត។ វា​ជា​កញ្ចប់​ចំណាយ លើ​គោលដៅ​ផ្សព្វផ្សាយ​ទេសចរណ៍​អំពី​ប្រទេស ហើយ​គ្រប់​ការ​បង្ហោះ​ចេញ​ពី​គណនី​មាន ២១២ លាន Followers របស់​តារា​បាល់ទាត់​ខាង​លើ ពាក់ព័ន្ធ​រូបភាព​នៅ​អារ៉ាប៊ីសាអូឌីត គេ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នោះ​បន្ថែម៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT