ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានទុកទ្វារបើកចំហសម្រាប់ការវិលត្រឡប់ទៅកាន់ Tottenham វិញ បន្ទាប់ពីបានបញ្ចប់ការផ្ទេរទៅ Bayern Munich ក្នុងតម្លៃ ១០០លានផោន។Kane បានធ្វើដំណើរទៅប្រទេសអាឡឺម៉ង់កាលពីថ្ងៃសុក្រដើម្បីពិនិត្យសុខភាព ហើយក្លឹបយក្ស Bundesliga បានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍ថាគាត់បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ខែមិថុនា ឆ្នាំ២០២៧ ហើយនឹងពាក់អាវលេខ៩។
Kane បាននិយាយនៅក្នុងសារមួយទៅកាន់អ្នកគាំទ្រ Tottenham ដែលបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា៖
“វាមិនមែនជាការលាទេ ព្រោះអ្នកមិនដឹងថាតើរឿងនឹងកើតឡើងនៅថ្ងៃអនាគតទេ ប៉ុន្តែវាជាការអរគុណ ហើយខ្ញុំនឹងជួបអ្នកឆាប់ៗនេះ។”
កីឡាករវ័យ ៣០ឆ្នាំបានប្រាប់គេហទំព័ររបស់ក្លឹបថ្មីរបស់គាត់ថា គាត់សង្ឃឹមថានឹងចូលរួមខ្លះក្នុងការប្រកួត DFB Super Cup របស់ Bayern ជាមួយ RB Leipzig នៅយប់ថ្ងៃសៅរ៍ ខណៈដែលគាត់ចង់ឈ្នះពានរង្វាន់ដំបូងនៃអាជីពរបស់គាត់។
Kane បាននិយាយថា៖
“ខ្ញុំរីករាយណាស់ដែលបានក្លាយជាផ្នែកមួយរបស់ FC Bayern ឥឡូវនេះ។ Bayern គឺជាក្លឹបដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយខ្ញុំតែងតែ និយាយថាខ្ញុំចង់ប្រកួតប្រជែង និងបង្ហាញខ្លួនឯងនៅកម្រិតខ្ពស់បំផុតក្នុងអាជីពរបស់ខ្ញុំ។ ក្លឹបនេះត្រូវបានកំណត់ដោយចិត្តគំនិតឈ្នះរបស់ខ្លួន វាមានអារម្មណ៍ល្អណាស់ដែលបានមកទីនេះ។
ខ្ញុំមានអារម្មណ៍ថា វាជាជំហានដ៏ត្រឹមត្រូវក្នុងអាជីពរបស់ខ្ញុំ ដើម្បីជំរុញខ្លួនឯង និងសាកល្បងខ្លួនឯងនៅលើកម្រិតខ្ពស់បំផុត ដូច្នេះហើយ បានជាខ្ញុំនៅទីនេះ ហើយខ្ញុំទន្ទឹងរង់ចាំការប្រកួតប្រជែងនោះ”៕