ជាង ១០ ឆ្នាំ​នៅ​ Spurs អត់​ពាន​កាន់ នេះបាំង​តែ​ប៉ុន្មាន​ម៉ោងទៀត Kane នឹង​អាច​លើក​ពាន​ដំបូង​បាត់​នៅ Bayern

គិត​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍ ក្លឹប Bayern Munich បានប្រកាសផ្លូវការ អំពីការបង្ហាញវត្តមានកីឡាករចំណូលថ្មី Harry Kane រួចតាមរបាយការណ៍​ពី Sky Sports ឯណោះបង្ហើប​ថា វា​អាច​ទៅ​រួច​ដែល​កីឡាករ​ចុះ​ឈ្មោះ​ទាន់​ពេលវេលា​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​នៅ​រាត្រី​នេះ។

ជា​ការ​ពិត​នៅ​វេលា​ម៉ោង ០១:៤៥ នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ១៣ សីហា CTS SPORTS ក៏​នឹង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ជំនួប​ដណ្តើម​ពាន​រង្វាន់ DFL-Supercup ជា​ការ​ជួប​រវាង​ម្ចាស់​ជើង​ឯក Bundesliga គឺ Bayern Munich ទល់ DFB-Pokal រដូវ​កាល​ចាស់ RB Leipzig ដូច្នេះ​ក៏​កុំ​ភ្លេច​ចុច Follow ទំព័រ​មួយ​នេះ​ឲ្យ​ហើយ​ទៅ ដើម្បី​ទទួល​បាន​លីង​ទស្សនា​ឆាប់​រហ័ស​ជុំ​គ្នា។

ប្រសិន​ណា​ដូច​ការ​គ្រោង​ទុក​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ ៣០ ឆ្នាំ អាច​ចូលរួម​ការ​ប្រកួត​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​លោក Thomas Tuchel នៅ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ នោះ​លទ្ធភាព​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​លើក​ដំបូង​បង្អស់​នៅ​អាជីព​ជា​កីឡាករ ក៏​មាន​ភាគរយ​ខ្ពស់​នឹង​អាច​កើត​ឡើង​ទៅ​បាន​ដូច​គ្នា ដ្បិត​អី​ប្រវត្តិ​ជួប Leipzig កម្រ​ Bayern ស្គាល់​បរាជ័យ​ណាស់ ជា​ពិសេស​នៅ​វគ្គ​ដណ្តើម​ពាន​នេះ​តែ​ម្តង។

យើង​សារ​ថយ​ក្រោយ​ត្រលប់​ទៅ​ខែ​មករា ឆ្នាំ ២០១១ ពេល​ដែល​កីឡាករ​ជំនាញ​ជើង​ស្តាំ ទទួល​បាន​ឱកាស​វិវត្ត​ខ្លួន​មក​ចូលរួម​នៅ​ឈុត​ធំ ​មិន​ប្រាថ្នា​ឡើយ​ពាន​ធំ នេះ​កុំ​ថា​ពាន​តូច ក៏ Kane មិន​ទាន់​ស្គាល់​ជាតិ​នឹង​គេ​ផង ត្រង់​ក្លឹប​ខ្លះ​ដូច​គីឡូ Leicester នៅ​ចេះ​ស្គាល់​ជាតិ Premier League ស្គាល់ FA Cup មុន​ធ្លាក់​ទៅ​កាន់​លីគ​លំដាប់​ពីរ។

ដល់​តែ Kane ឈរ​ជើង​ឲ្យ​មាន់​ខ្នាយ​មាស Spurs បង្កើត​ទាំង​កំណត់ត្រា​អ្នក​ស៊ុត​ច្រើន​បំផុត​ប្រចាំ​ក្លឹប ក៏​កើត​តួ​លេខ​ខ្ពស់​ដាច់​គេ​លំដាប់​ទី​ពីរ ​ប្រចាំ​ប្រវត្តិសាស្រ្ត​ក្របខ័ណ្ឌ Premier League មាន ២១៣ គ្រាប់ ក៏​ទី​បញ្ចប់​ស្ពាយ​ត្រឹម​កេរ្តិ៍ឈ្មោះ​បុគ្គល មិន​បាន​កត់ត្រា​ក្នុង​បញ្ជី​ពាន​រង្វាន់ មុន​ចាកចេញ​ផ្ទេរ​មក​ក្លឹប​ថ្មី​នៅ​ដី​អាល្លឺម៉ង់។

ដូច្នេះ​បើ​យប់​នេះ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាច​ចូលរួម​ប្រកួត អាច​ឈ្នះ​ពាន​ដូច​គ្រោង​ទុក នោះ​មាន​ន័យ​ថា គេ​បាន​ចាយ​ពេល​ត្រឹម ២៤ ម៉ោង​ឲ្យ​គត់ ក្រោយ​ចាកចេញ​ពី​ក្លឹប​អង់គ្លេស ដើម្បី​មក​ស្គាល់​ជ័យជម្នះ​កាន់​ពាន​ផ្លូវការ តែ​គោលដៅ​ធំ​បំផុត​មួយ​ទៀត​គឺ​ជា​ពាន UEFA Champions League ឯ​ណោះ។

រំឭក​ជុំវិញ​កិច្ច​ព្រមព្រៀង​នានា​បន្តិច បន្ទាប់​តែ Harry Kane បាន​បង្ហោះ​វីដេអូ​និយាយ​ពាក្យ ‘លា’ ទៅ​កាន់​អ្នក​គាំទ្រ​ក្លឹប​កាន់​ឆ្នាំ​នៅ​មុន​នេះ ក្រឡេក​ទៅ​មើល​តម្លៃ​ផ្ទេរ​ចេញ តាម Fabrizio Romano រាយការណ៍​កន្លង​មក​គឺ ១០០ លា​នអឺរ៉ូ បូក​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ ២០ លាន​ពី​លើ ជាមួយ​សុពលភាព​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​ពេញ។

ចំណែក​ទំហំ​ប្រាក់​ឈ្នួល​សម្រាប់​អតីត​ក្មេង​តូច Arsenal ធ្លាប់​បោះបង់ ខាង​ក្លឹប Bayern ចាត់ចែង​ផ្តល់​ឲ្យ ៥៥៥ ០០០ អឺរ៉ូ ខ្ពស់​ជាង​ហួស​មួយ​ជា​ពីរ ធៀប​នឹង​កាល​នៅ Spurs ទទួល​បាន​ត្រឹម ២៣០ ០០០ អឺរ៉ូ។ ចុងក្រោយ​ឆ្លៀត​បង្ហើយ​ព័ត៌មាន​អ្នក​ត្រូវ​មក​ជំនួស Kane បន្តិច គឺ​ប្រធាន​ក្លឹប​លោក Daniel Levy បាន​នាំ​ចូល​រួចរាល់ ជា​សមាជិក​វ័យ​ក្មេង​បណ្តោះអាសន្ន Alejo Veliz សញ្ជាតិ​អាហ្សង់ទីន ក្លឹប​ចាយ​អស់ ១៥ លាន​អឺរ៉ូ ថ្ពក់​ចេញ​ពី Rosario Central៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT