ដើមចម​ដ៏​មាន​ន័យ នៅ​ពី​ក្រោយ​សុនក​ឈ្មោះ “Win” ជា​សមាជិក​គ្រួសារ​របស់​ក្លឹប Arsenal

​កន្លង​ទៅ​ថ្មីៗ​នេះ​មាន​រូបភាព​ប៉ុន្មាន​សន្លឹក​នៃ​សត្វ​ឆ្កែ​ពណ៌​សូកូឡា អង្គុយ​លើ​កៅអី​ពណ៌​មាស​របស់​ក្លឹប Arsenal ដោយ​សូម្បី​តែ​ទំព័រ​ផ្លូវការ UEFA Champions League ក៏​យក​ទៅ​បង្ហោះ​បន្ត មាន​ការ​ចុច​ពេញចិត្ត និង​បាន​ឃើញ​ពី​សំណាក់​អ្នក​គាំទ្រ​រាប់​លាន​នាក់​ទូទាំង​សកលលោក។

ជឿ​ថា មាន​បងប្អូន​យើង​តិច​ណាស់​ដែល​បាន​ដឹង​រឿងរ៉ាវ​នៅ​ពី​ក្រោយ​សត្វ​សុនក​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​នេះ ដ្បិត​អី​វា​រាប់ជា​សមាជិក​ក្រុម​គ្រួសារ​ថ្មី​មួយ ក្លឹប Arsenal ទើប​ប្រកាស​នាំ​យក​មក​រួមរស់​កាល​ពី​ជាង ៤ ខែ​មុន។

ដើមចម​គឺ​ផ្តើម​ឡើង​ពី​អ្នកចាត់ការ​លោក Mikel Arteta ត្រង់​លោក​បាន​នាំ​យក​ប្រភេទ​ពូជ​ឆ្កែ​អង់គ្លេស Labrador មួយ​នេះ មក​កាន់​ទីលាន​ហ្វឹកហាត់ London Colney ហើយ​សម្រេច​ដាក់​ឈ្មោះ​ឲ្យ​វា​ថា “Win” ឬ​មាន​ន័យ​ថា “ឈ្នះ” រាប់​ជា​សមាជិក​ផ្លូវការ​របស់​ក្លឹប​កាំភ្លើង​ធំ តាំង​ខែ​មេសា។ បើ​តាម​សារព័ត៌មាន The Times ចុះ​ផ្សាយ គ្រូ​សញ្ជាតិ​អេស្ប៉ាញ​នាំ​យក​សុនក​ញី​នេះ​មក គឺ​ដើម្បី​លើក​កម្ពស់​ភាព​យកចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ចំណង​សីលធម៌​ក្នុង​របៀប​ប្រាស្រ័យ​ទាក់ទង​រវាង​កីឡាករ បុគ្គលិក​គ្រប់​ជាន់​ថ្នាក់។

សុនក​នេះ នឹង​រស់នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប Arsenal ហើយ​ដើរ​ទៅ​មក ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ស្រលាញ់​មើល​ថែ​ជា​រួម​ពី​បណ្តា​សមាជិក ដែល​របៀប​នេះ Arteta ជឿ​ថា វា​នឹង​អាច​បង្កើត​ភាព​ប្រាស្រ័យ​ទាក់ទង​ល្អ ទំនាក់ទំនង​ស៊ីជម្រៅ​បន្ថែម​ទៀត​ទាំង​រវាង​កីឡាករ​និង​កីឡាករ ដូច​គ្នា​នឹង​សមាជិក​គ្រួសារ​នៃ​ក្លឹប​ទាំង​មូល។

លោក Arteta សង្កត់​ធ្ងន់៖ “ខ្ញុំ​ជ្រើសរើស​ដោយ​យកចិត្ត​ទុក​ដាក់​នូវ​សុនក​មួយ​នេះ ហើយ​វា​ជា​ភាព​តំណាង​ដ៏​ល្អ​ឥត​ខ្ចោះ​អំពី​យើង​នៅ​ពេល​បច្ចុប្បន្ន Win នាង​ត្រូវ​ការ ក្តីស្រលាញ់​ពី​អ្នក​រាល់​គ្នា ហើយ​ក្តី​ស្រលាញ់​ចំពោះ Win គឺ​ជា​ថាមពល​នៃ​ជ័យជម្នះ ភាព​ស្រស់​ស្អាត​របស់​ក្លឹប គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់”។

ចាប់​អារម្មណ៍​នូវ​វីដេអូ​ជា​ច្រើន ដែល​បង្ហាញ​អំពី​ភាព​រួសរាយ​របស់ Win ទៅ​កាន់​កីឡាករ ហើយ​ពិសេស​បំផុត​ជាមួយ​អ្នក​មាន​បេះដូង​ស្រលាញ់​សត្វ​ចិញ្ចឹម ឬ សត្វ​ឆ្កែ​ស្រាប់ ដូច​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Kai Havertz ​គេ​មាន​ឆ្កែ​ជា​ច្រើន​នៅ​ឯ​ផ្ទះ ឈ្មោះ Pooch, Summer និង Balou កន្លង​មក​បង្ហោះ​រូប​ឲ្យ​ស្លៀក​ឈុត Arsenal យ៉ាង​ឡូយ ហើយ​អះអាង​ថា​នឹង​ចង់​នាំ​យក​សត្វ​ឆ្កែ​ទាំង​អស់​នោះ មក​លេង​ជាមួយ Win នៅ​ទីលាន​ហ្វឹកហាត់​ថ្ងៃ​ណា​មួយ​ទៀត​ផង។

រំឭក​ដែរ​ថា នៅ​ក្លឹប Arsenal មិន​ត្រឹម​តែ​មាន Win ​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​មាន​សត្វ​ឆ្មា​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​ក្បាល​ផ្សេង​ទៀត ហៅ​ថា ‘Bob’ ដែល​ត្រូវ​បាន​ក្លឹប​រើស​យក​មក​ចិញ្ចឹម​ច្រើន​ឆ្នាំ​ហើយ ក្រោយ​ម្ចាស់​ដើម​របស់​វា​ទទួល​មរណភាព។

ដោយឡែក​អត្តសញ្ញាណ​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​នៅ​ទី​នោះ គឺ​ដើម​អូលីវ ដែល​វា​មាន​អាយុកាល​ចំណាស់​ជាង​មួយ​សតវត្ស។ Arteta និយាយ៖ “ដើម​ឈើ​របស់​ពួក​យើង វា​ត្រូវ​ការ ការ​ថែ​ទាំ​ពី​យើង​រាល់​គ្នា វា​ជា​ដើម​អូលីវ អាយុ​ជាង ១៥០ ឆ្នាំ ស្រដៀង​នឹង​អាយុ​កាល​នៃ​ក្លឹប​យើង​ដែរ យើង​ត្រូវ​ប្រាកដ​ថា​វា​ទទួល​បាន​ការ​មើល​ថែ​ល្អ ស្ថិត​ក្នុង​ស្ថានភាព​សមស្រប​ជាង​រៀងរាល់​ថ្ងៃ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT