ការប្រកួតពានរង្វាន់ Arab Club Champions Cup បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ក្រោយតែក្លឹប Al Nassr យកឈ្នះទៅលើ Al Shorta ១-០ កាលពីយប់មិញ ក្នុងថ្ងៃដែល Al Hilal ឯណោះ បំបាក់ Al Shabab ៣-១។ នេះសម្រេចឲ្យពួកគេត្រូវប៉ះគ្នា ក្នុងប្រកួតដណ្តើមពាន វេលាម៉ោង ០១:០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី ១៣ សីហាខាងមុខ ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS។
ចាប់អារម្មណ៍ប្រកួតកាលពីយប់មិញ ឃើញថាចង្វាក់លេង ឬ Connection ការភ្ជាប់រវាង Sadio Mane និង Cristiano Ronaldo នៅតំបន់ប្រយុទ្ធ មើលទៅកាន់តែមុតស្រួច កាន់តែយល់ចិត្តគ្នា ពោលតែងបង្កើតឱកាសទៅមក ហើយចង្វាក់បញ្ជូនមួយប៉ះពីរ ក៏ល្អច្រើនដែរ បើទោះបីទើបរួបរួមគ្នាត្រឹម ៣ ប្រកួត។
ក៏បានចំណែកតារាឆ្នើមសញ្ជាតិសេណេហ្គាល់នេះដែរ ត្រង់គេព្យាយាមចោះចូលប្រអប់ច្រើនលើកច្រើនសារ ហើយត្រូវខាងគូប្រជែងប៉ះទង្គិចឲ្យដួលដល់ទៅ ២ លើក ទម្រាំបានបាល់ពិន័យ ១១ ម៉ែត្រនៅនាទី ៧៥ ហើយប្រគល់ជូនសិស្សច្បងធំ Ronaldo ជាអ្នកបញ្ចប់ទីបានសម្រេច។ មួយជើងឥតខុសគោលដៅរបស់ CR7 ក៏ជាគ្រាប់បាល់ជ័យជម្នះបញ្ជូនក្លឹបឡើងទៅកាន់វគ្គបន្ត។
ទោះយ៉ាងណាមុនការប្រកួតយប់មិញចាប់ផ្តើម Mane ត្រូវបានអ្នកកាសែតសួរសំណួរសាមញ្ញមួយ ហើយចម្លើយឆ្លើយតបមកវិញ ក៏កាន់តែសាមញ្ញដែរ គ្រាន់តែស្តាប់ទៅត្រង់ពេក រាងឈឺសម្រាប់អ្នកគាំទ្រនៅប៉ែកមជ្ឈិមបូព៌ាជាពិសេស។ អតីតស្លាបប្រយុទ្ធរបស់ Liverpool ត្រូវបានគេសួរថា៖ “តើលោកចង់ជួប Al-Hilal ឬ Al-Shabab ក្នុងវគ្គផ្តាច់ព្រ័ត្រ”។ ក៏ស្រាប់ Mane ឆ្លើយមួយម៉ាត់យ៉ាងខ្លីមកវិញ៖ “ខ្ញុំអត់ស្គាល់ក្លឹបទាំង ២ នោះទេ”។
ចម្លើយនេះ មានន័យថាតាំងពីដើមមក លោកមិនធ្លាប់បានតាមដាន ឬដឹងលឺរឿងរ៉ាវទាក់ទងក្លឹបខាងលើឡើយ ជារួមមកប្រកួតទាំងមិនស្គាល់សូម្បីប្រវត្តិក្លឹបខាងគូប្រជែងផង។ ងាកទៅមតិអ្នកគាំទ្រលើបណ្តាញសង្គម ពុំបានខឹងសម្បានឹងសម្តីរបស់ Mane ឡើយ គ្រាន់ខ្លះរាងអស់សំណើចហើយ សង្កត់ធ្ងន់ថាបុរសវ័យ ៣១ ឆ្នាំ និយាយចំៗ និងត្រង់ខ្លាំងពេក ជារួមគោលដៅរបស់គេមកទីនេះ ឥតខុសពីកីឡាករមួយភាគធំឯទៀត គ្រាន់មកដើម្បីតែកើបលុយធំចូលហោប៉ៅប៉ុណ្ណោះ។
តាមពិតទៅ មិនមែនតែ Mane ទេ ក៏ធ្លាប់មានកីឡាករឯទៀត ថែមទាំងហ៊ានចេញមកអះអាងចំៗ ថាខ្លួនមកក្លឹបនៅ Saudi Pro League គឺដើម្បីប្រមូលលុយមុនចូលនិវត្តពីអាជីព តែក្នុងចេតនាល្អជួយដល់មនុស្សជាតិ។ ដូចខ្សែការពារ Kalidou Koulibaly របស់ Al-Hilal ដែល Mane ត្រៀមប៉ះថ្ងៃខាងមុខ ធ្លាប់បាននិយាយ៖ “ខ្ញុំអត់អាចបដិសេធសំណើផ្ទេរមកទីនេះបានទេ ត្រង់ខ្ញុំនឹងអាចមានលទ្ធភាពជួយក្រុមគ្រួសារទាំងមូលរបស់ខ្ញុំឲ្យរស់នៅស្រួល តាំងពីឪពុកម្តាយ រហូតដល់សាច់ជីដូនមួយទៀត”។
“ជាងនេះ ក៏អាចយកប្រាក់អស់នោះទៅគាំទ្រដល់សកម្មភាពសមាគមសប្បុរសធម៌របស់ខ្ញុំនៅសេណេហ្គាល់ ដូចកន្លងមកយើងចាប់ផ្តើមសាងសង់គ្លីនិកមួយកន្លែងនៅទីកំណើតឪពុកម្តាយខ្ញុំ ហើយក៏មានគម្រោងជាច្រើនផ្សេងទៀត ជួយដល់ក្មេងៗជំនាន់ក្រោយដែលខ្វះខាតជាពិសេស”។
ចុងក្រោយយើងក៏សូមលម្អិតបន្តិចពាក់ព័ន្ធពានរង្វាន់ Arab Club Champions Cup គឺជាការជម្រុះចម្រាញ់ស្វែងរកជើងខ្លាំងប្រចាំឆ្នាំនីមួយៗ នៃបណ្តាក្លឹបក្នុងលីគកំពូលទាំងអស់ ប្រចាំឧបទ្វីបអារ៉ាប់ ក្រោមការរៀបចំដោយសហភាពសហព័ន្ធបាល់ទាត់អារ៉ាប់ ឬហៅកាត់ UAFA ជាស្លាក Logo បំពាក់ត្រង់ផ្នែកដៃអាវកីឡាករ ដូចបានឃើញ។
ពាននេះបង្កើតឡើង ៤២ ឆ្នាំមកហើយ តែ ២០២៣ គឺជាលើកដំបូង ក្រោយខកខានតាំងឆ្នាំ ១៩៩៤ ដែលក្លឹបនៅអារ៉ាប៊ីសាអូឌីតចំនួន ២ ឡើងមកតតាំងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់ Al-Hilal គេឡើងវគ្គផ្តាច់ព្រ័ត្រ ៥ លើកហើយទាំងលើកនេះ ជាមួយជ័យជម្នះឈ្នះជើងឯក ២ លើក ក្នុងឆ្នាំ ៩៤ និង ៩៥ ស្របពេល Al-Nassr ជាប្រវត្តិសាស្រ្តថ្មីសន្លាងរបស់ពួកគេ៕
ប្រភព៖ បរទេស